សង្គមអន្តរជាតិ​
អន្តរជាតិ
ទោះ​កូរ៉េខាងជើង​បង្ហាញ​មី​ស៊ី​ល​អន្តរទ្វីប​ថ្មី លោក ប៉ុ​ម​ប៉េ​អូ ថា ការទូត​ជាមួយ​កូរ៉េខាងជើង​ជោគជ័យ
15, Oct 2020 , 2:19 pm        
រូបភាព
លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ Reuters
លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ Reuters
​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១៤ ខែតុលា បាន​លើកឡើងថា នយោបាយ​ការទូត​ជាមួយ​កូរ៉េខាងជើង ទទួលបាន​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​ការគំរាមកំហែង​នៅក្នុង​អាណត្តិ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រីការទូត​អាមេរិក​បែបនេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​ទើបតែ​ដាក់​បង្ហាញ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​(ICBM) នៅ​ថ្ងៃ​ខួប​បក្ស​ពលករ​កូរ៉េខាងជើង​លើក​ទី​៧៥ កាលពី​ចុង​សប្ដាហ៍​មុន​។

 
​តាមរយៈ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៤ ខែតុលា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក ត្រូវបាន​គេ​ចោទ​ជា​សំណួរ​ជុំវិញ​គោលនយោបាយ​ការទូត​របស់​អាមេរិក​ជាមួយ​កូរ៉េខាងជើង​។ ជាការ​ឆ្លើយតប ប្រមុខ​ការទូត​អាមេរិក​រូបនេះ បាន​អះអាងថា លោក​ជឿជាក់​យ៉ាងខ្លាំង​ថា ការទូត​ទីក្រុង​វ៉ាស៊ីនតោន ជាមួយ​ទីក្រុង​ព្យុងយ៉ាង ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​។ 
 
​បើតាម​លោក​ប៉ុ​ម​ប៉េ​អូ ការទទួល​ជោគជ័យ​នេះ គឺ​ការទូត​អាមេរិក​ក្រោម​អាណត្តិ​ប្រធានាធិបតី លោក​ដូ​ណា​ល់ ត្រាំ អាច​កាត់បន្ថយ​ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង បើទោះបីជា​ទីក្រុង​ព្យុងយ៉ាង ទើបតែ​ដាក់​បង្ហាញ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ថ្មីៗ​នេះ​។ មី​ស៊ី​ល​អន្តរទ្វីប​ថ្មី ត្រូវបាន​ដឹក​ដោយ​ឡាន​កង់​២២ ហើយ​ដើរ​ដោយ​ឥន្ធនៈ​ធំជាងគេ​បំផុត​អំឡុង​ខួប​បក្ស​ពលករ​លើក​ទី​៧៥​។ 
 
​ទាក់ទិន​នឹង​ការដាក់​បង្ហាញ​មី​ស៊ី​ល​កូរ៉េខាងជើង ប្រមុខ​ការទូត​អាមេរិក បាន​អះអាងថា វា​មិនមែនជា​បញ្ហា​ចោទ​សម្រាប់​អាមេរិក​ទេ ព្រោះ​ដើម្បី​ដឹងថា មី​ស៊ី​ល​អន្តរទ្វីប​នោះ អាច​ដំណើរការបាន​ឬ​អត់ គឺ​ទាល់តែ​ធ្វើតេស្ត​សាកល្បង​។ 
 
«​អ្វី​សំខាន់បំផុត ដែល​គេ​ត្រូវធ្វើ ដើម្បី​ប្រាកដថា​មី​ស៊ី​លអាច​ដំណើរការ​ឬ​អត់ គឺ​ត្រូវ​សាកល្បង​មី​ស៊ី​ល​ទាំងនោះ​»​។ លោក​ប៉ុ​ម​ប៉េ​អូ បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ កូរ៉េខាងជើង មិន​ធ្លាប់​ធ្វើតេស្ត​លើ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ឡើយ ប៉ុន្តែ​ចិន​ឯណោះ​ទេ ដែល​ធ្វើតេស្ត​មី​ស៊ី​ល​ជាច្រើន​គ្រាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo​។ 
 
​កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ចុងក្រោយ​នៅក្នុង​ឆ្នាំ​២០១៧ ដែល​អាច​នាំ​ក្បាល​គ្រាប់​ដល់​ទឹកដី​អាមេរិក​។ កូរ៉េខាងជើង បាន​ផ្អាក​ការសាកល្បង​មី​ស៊ី​ល​មួយរយៈ បន្ទាប់ពី មេដឹកនាំ លោក គីម ជុង​អ៊ុន បាន​យល់ព្រម​ចូល​តុ​ចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ជាមួយ លោក ត្រាំ នៅ​សិង្ហ​បុរី និង​វៀតណាម​។ ប៉ុន្តែ​បន្ទាប់ពី​កិច្ចចរចា​ទាំងនោះ កូរ៉េខាងជើង បានចាប់ផ្តើម​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី ជើង​ទម្រ​បាញ់​មី​ស៊ី​ល និង​មី​ស៊ី​ល​ផ្សេងទៀត​ឡើងវិញ​។ 
 
​ក្នុង​ថ្ងៃទី​១៤ ខែតុលា​ដដែល​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង លោក Suh Hoon បានធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក និង​ជួប​ជាមួយ​សម​ភាគី​អាមេរិក លោក Robert O'Brien ផងដែរ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ទស្សនកិច្ច​នេះ គឺ​មិនបាន​ប្រកាស​ជាមុន​ឡើយ ហើយ​របៀបវារៈ ក៏​មិនមាន​នរណា​ដឹងផង​ដែរ​។ យ៉ាងណាក៏ដោយ បញ្ហា​កូរ៉េខាងជើង និង​សេចក្តីប្រកាស​បញ្ចប់សង្គ្រាម​លើ​ឧបទ្វីប​កូរ៉េ អាចជា​ប្រធានបទ​នៃ​ជំនួប​មន្ត្រីជាន់ខ្ពស់​ប្រទេស​ទាំងពីរ​៕

Tag:
 កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com