សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បានអំពាវនាវដល់សមាជិករោងម៉ាស៊ីនរបស់ខ្លួនទាំងអស់ ពិសេសខេត្តដែលរងគ្រោះ ជួយប្រមូលទិញស្រូវ ពីកសិករក្នុងតម្លៃសមរម្យ។ សហព័ន្ធស្រូវអង្ករកម្ពុជា ការប្រមូលទិញនឹងធ្វើតាមលទ្ធភាពជាក់ស្តែងរបស់ម្ចាស់រោងម៉ាស៊ីន រីឯតម្លៃស្រូវសើម គឺមានតម្លៃចន្លោះ៨០០-១ ០០០រៀល ទៅតាមប្រភេទស្រូវ។
សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) បានអំពាវនាវ ឲ្យម្ចាស់រោងម៉ាស៊ីនប្រមាណ៣០០ ដែលជាសមាជិករបស់ខ្លួន ប្រមូលទិញស្រូវពីប្រជាកសិករដែលកំពុងរងគ្រោះដោយទឹកជំនន់។ ការអំពាវនាវនេះ ធ្វើឡើងស្របពេលខេត្តមួយចំនួន កំពុងជួបទឹកជំនន់។
លោក ទិតសុទ្ធី ឌីយ៉ាណូរីន មន្ត្រីសម្របសម្រួលក្នុងតំបន់ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ ThmeyThmey25 ការប្រមូលទិញស្រូវពីពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នេះ នឹងមិនកំណត់បរិមាណនោះទេ ពោលគឺគិតតាមលទ្ធភាពរបស់សមាជិកដែលមានទីតាំងនៅជិតពលរដ្ឋរងគ្រោះ។ មិនតែប៉ុណ្ណោះ សហព័ន្ធ ក៏ប្រមូលទិញក្នុងតម្លៃសមរម្យដែរ។ បើតាម លោក ឌីយ៉ាណូរីន ស្រូវសើមមានតម្លៃចន្លោះ ៨០០-១ ០០០រៀល ទៅតាមប្រភេទស្រូវនីមួយៗ។
លោក អៀង ហ៊ាង ជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានប្រាប់ ThmeyThmey25ថា ក្នុងមួយថ្ងៃៗ រោងម៉ាស៊ីនកិនស្រូវរបស់លោកទទួលទិញស្រូវពីកសិករក្នុងបរិមាណយ៉ាងច្រើនណាស់ ស្ទើរតែគ្មានកន្លែងសម្រាប់សម្ងួត។ លោក អៀង ហ៊ាង រៀបរាប់ដូច្នេះថា៖«ឲ្យតែពួកគាត់យកមក គឺទិញទាំងអស់។ មួយថ្ងៃៗ ដឹកទាំងគោយន្តៗ ពេលខ្លះរកកន្លែងហាល មិនចង់បាន។ កំណត់ចំនួនមិនទាន់បាននោះទេ ព្រោះច្រើនពេក។ ពេលខ្លះកសិករ ដឹកស្រូវមកទាំងសើមផង ទាំងទឹកផង ប៉ុន្តែនៅតែទទួល មិនអាចបដិសេធ ព្រោះកសិករខាតច្រើនហើយ»។
ដ្បិតតែបរិមាណស្រូវដែលត្រូវប្រមូលទិញច្រើន ប៉ុន្តែលោក អៀង ហ៊ាង មិនបារម្ភខ្លាំងពីការលក់ចេញទៅវិញដែរ។ លោក ពន្យល់ថា ស្រូវខ្លះល្អ អាចសម្ងួត និងកិននាំចេញបាន ឯស្រូវខ្លះដែលអន់គុណភាព ក៏អាចកែច្នៃជាចំណីសត្វដែរ។ ម្ចាស់រោងម៉ាស៊ីនរូបនេះ អះអាងថា ស្រូវដែលកសិករយកមកលក់ ភាគច្រើនជាប្រភេទស្រូវក្រអូប ដោយលោកទិញក្នុងតម្លៃ ៨០០រៀល ក្នុងមួយគីឡូក្រាមជាមធ្យម។
ពាក់ព័ន្ធនឹងការខូតខាតដំណាំស្រូវនេះដែរ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រាប់សារព័ត៌មាន ThmeyThmey25ថា គិតត្រឹមថ្ងៃទី ១៣ ខែតុលា មានដំណាំស្រូវប្រមាណ ៦២ ០០០ហិកតា និងដំណាំរួមផ្សំប្រមាណ ៤៦ ០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បានរងប៉ះពាល់ដោយសារទឹកជំនន់។ បើស្ថានភាពទឹកមិនទាន់មានការថយចុះបន្តដល់សប្ដាហ៍ក្រោយ ស្រូវទាំងអស់ប្រឈមខូចទាំងស្រុង។ នេះជាការបញ្ជាក់របស់ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង។
ស្ថានភាពនៅឯខេត្តបន្ទាយមានជ័យឯណោះវិញ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ThmeyThmey25ថា ទឹកជំនន់បានជន់លិច ផ្ទៃដីដាំស្រូវប្រមាណ ១ម៉ឺនហិកតា។ ទោះជាយ៉ាងនេះក្តីលោក ប៉ាង វណ្ណាសេដ្ឋ សង្ឃឹមដំណាំស្រូវរបស់ពលរដ្ឋនឹងមិនខូចខាតធ្ងន់ធ្ងរ ខណៈដែលទឹកជំនន់ បានស្រកជាបណ្ដើរៗហើយ ហើយស្រូវមួយចំនួន ក៏បានប្រមូលផលរួចរាល់ហើយដែរ។
គិតត្រឹមថ្ងៃទី ១៣ ខែតុលា មានរាជធានី-ខេត្តចំនួន១៦បានរងគ្រោះដោយទឹកជំនន់ ក្នងនោះរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ, ស្ទឹងត្រែង ,កំពង់ចាម ,ពោធិ៍សាត់,សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, ប៉ៃលិន, កោះកុង, ព្រះសីហនុ , ស្វាយរៀង និងខេត្តមណ្ឌលគិរី។ ដោយឡែក មានដំណាំស្រូវ ប្រមាណ៨ម៉ឺនហិកតា ក៏ត្រូវបានទឹកជន់លិចដែរ។ នេះបើតាមទំព័រហ្វេសប៊ុកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានស្រង់សម្តីលោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ៕