ជាតិ
សង្គមជាតិ
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្នើ​សមាជិក​ខ្លួន​ឲ្យ​ជួយ​ទិញស្រូវ​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​
15, Oct 2020 , 9:29 pm        
រូបភាព
ដោយ:
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) បាន​អំពាវនាវ​ដល់​សមាជិក​រោង​ម៉ាស៊ីន​របស់ខ្លួន​ទាំងអស់ ពិសេស​ខេត្ត​ដែល​រងគ្រោះ ជួយប្រមូល​ទិញស្រូវ ពី​កសិករ​ក្នុងតម្លៃ​សមរម្យ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ការប្រមូលទិញ​នឹង​ធ្វើតាម​លទ្ធភាព​ជាក់ស្តែង​របស់​ម្ចាស់​រោង​ម៉ាស៊ីន រីឯ​តម្លៃ​ស្រូវ​សើម គឺមាន​តម្លៃ​ចន្លោះ​៨០០-១ ០០០​រៀល ទៅតាម​ប្រភេទ​ស្រូវ​។​

 
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF)  បាន​អំពាវនាវ ឲ្យ​ម្ចាស់​រោង​ម៉ាស៊ីន​ប្រមាណ​៣០០ ដែលជា​សមាជិក​របស់​ខ្លួន ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​ដែល​កំពុងរ​ង​គ្រោះ​ដោយ​ទឹកជំនន់​។ ការអំពាវនាវ​នេះ ធ្វើឡើង​ស្របពេល​ខេត្ត​មួយចំនួន កំពុង​ជួប​ទឹកជំនន់​។ 
 
​លោក ទិ​ត​សុ​ទ្ធី ឌី​យ៉ា​ណូរី​ន មន្ត្រី​សម្របសម្រួល​ក្នុង​តំបន់ នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់ ThmeyThmey25 ការប្រមូល​ទិញស្រូវ​ពី​ពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ នឹងមិន​កំណត់​បរិមាណ​នោះទេ ពោលគឺ​គិត​តាម​លទ្ធភាព​របស់​សមា​ជិ​ក​ដែលមាន​ទីតាំងនៅ​ជិត​ពលរដ្ឋ​រងគ្រោះ​។ មិនតែប៉ុណ្ណោះ សហព័ន្ធ ក៏​ប្រមូល​ទិញ​ក្នុងតម្លៃ​សមរម្យ​ដែរ​។ បើតាម លោក ឌី​យ៉ា​ណូរី​ន ស្រូវ​សើម​មានតម្លៃ​ចន្លោះ ៨០០-១ ០០០​រៀល ទៅតាម​ប្រភេទ​ស្រូវ​នីមួយៗ​។ 
 
​លោក អៀង ហ៊ាង ជា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក្នុងស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ប្រាប់ ThmeyThmey25​ថា ក្នុង​មួយថ្ងៃៗ រោង​ម៉ាស៊ីនកិនស្រូវ​របស់លោក​ទទួល​ទិញស្រូវ​ពី​កសិករ​ក្នុង​បរិមាណ​យ៉ាងច្រើន​ណាស់ ស្ទើរតែ​គ្មាន​កន្លែង​សម្រាប់​ស​ម្ងួ​ត​។ លោក អៀង ហ៊ាង រៀបរាប់​ដូច្នេះ​ថា​៖«​ឲ្យ​តែ​ពួកគាត់​យកមក គឺ​ទិញ​ទាំងអស់​។ មួយថ្ងៃៗ ដឹក​ទាំង​គោយន្តៗ ពេលខ្លះ​រក​កន្លែង​ហាល មិន​ចង់បាន​។ កំណត់​ចំនួន​មិនទាន់បាន​នោះទេ ព្រោះ​ច្រើនពេក​។ ពេលខ្លះ​កសិករ ដឹកស្រូវ​មក​ទាំង​សើម​ផង ទាំង​ទឹក​ផង ប៉ុន្តែ​នៅតែ​ទទួល មិនអាច​បដិសេធ ព្រោះ​កសិករ​ខាត​ច្រើន​ហើយ​»​។ 
 
 
 
​ដ្បិតតែ​បរិមាណ​ស្រូវ​ដែល​ត្រូវ​ប្រមូល​ទិញ​ច្រើន ប៉ុន្តែ​លោក អៀង ហ៊ាង មិន​បារម្ភ​ខ្លាំង​ពី​ការលក់​ចេញទៅ​វិញ​ដែរ​។ លោក ពន្យល់ថា ស្រូវ​ខ្លះ​ល្អ អាច​ស​ម្ងួ​ត និង​កិន​នាំចេញ​បាន ឯ​ស្រូវ​ខ្លះ​ដែល​អន់​គុណភាព ក៏​អាច​កែច្នៃ​ជា​ចំណី​សត្វ​ដែរ​។ ម្ចាស់​រោង​ម៉ាស៊ីន​រូបនេះ អះអាងថា ស្រូវ​ដែល​កសិករ​យកមក​ល​ក់ ភាគច្រើន​ជា​ប្រភេទ​ស្រូវ​ក្រអូប ដោយ​លោក​ទិញ​ក្នុងតម្លៃ ៨០០​រៀល ក្នុង​មួយ​គីឡូក្រាម​ជា​មធ្យម​។ 
 
​ពាក់ព័ន្ធ​នឹង​ការ​ខូ​ត​ខាត​ដំណាំ​ស្រូវ​នេះដែរ លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង ប្រាប់​សារព័ត៌មាន ThmeyThmey25​ថា  គិត​ត្រឹម​ថ្ងៃទី ១៣ ខែតុលា មាន​ដំណាំ​ស្រូវ​ប្រមាណ ៦២ ០០០​ហិកតា និង​ដំណាំ​រួមផ្សំ​ប្រមាណ ៤៦ ០០០​ហិកតា នៅក្នុង​ខេត្តបាត់ដំបង បាន​រង​ប៉ះពាល់​ដោយសារ​ទឹកជំនន់​។ បើ​ស្ថានភាព​ទឹក​មិនទាន់មាន​ការថយចុះ​បន្ត​ដល់​សប្ដាហ៍​ក្រោយ ស្រូវ​ទាំងអស់​ប្រឈម​ខូច​ទាំងស្រុង​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​។​
 
​ស្ថានភាព​នៅឯ​ខេត្តបន្ទាយមានជ័យ​ឯណោះ​វិញ លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ThmeyThmey25​ថា ទឹកជំនន់​បាន​ជន់​លិច ផ្ទៃដី​ដាំ​ស្រូវ​ប្រមាណ ១​ម៉ឺន​ហិកតា​។ ទោះជា​យ៉ាងនេះ​ក្តី​លោក ប៉ាង វណ្ណា​សេដ្ឋ សង្ឃឹម​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​នឹងមិន​ខូចខាត​ធ្ងន់ធ្ងរ ខណៈដែល​ទឹកជំនន់ បាន​ស្រក​ជា​បណ្ដើរៗ​ហើយ ហើយ​ស្រូវ​មួយចំនួន ក៏បាន​ប្រមូល​ផល​រួចរាល់​ហើយ​ដែរ​។​
 
​គិត​ត្រឹម​ថ្ងៃទី ១៣ ខែតុលា មាន​រាជធានី​-​ខេត្ត​ចំនួន​១៦​បាន​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នង​នោះ​រាជធានី​ភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ​, ស្ទឹងត្រែង ,​កំពង់ចាម ,​ពោធិ៍សាត់​,​សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​, ឧ​ត្ត​រ​មានជ័យ​, ព្រះវិហារ​, ប៉ៃលិន​, កោះកុង​, ព្រះសីហនុ , ស្វាយរៀង និង​ខេត្តមណ្ឌលគិរី​។ ដោយឡែក មាន​ដំណាំ​ស្រូវ ប្រមាណ​៨​ម៉ឺន​ហិកតា ក៏ត្រូវ​បាន​ទឹក​ជន់​លិច​ដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ស្រង់​សម្តី​លោក គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ​៕
 
 

Tag:
 ​ជាតិ​
 ​ស្រូវ​
 ​ទឹកជំនន់​
 ​បាត់ដំបង​
 ​ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com