COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ឌូ​ទើ​តេ ចង់​ឲ្យ​ប្រជាជន​ហ្វីលីពីន​ទាំងមូល​ចាក់​វ៉ាក់សាំង COVID-19
15, Oct 2020 , 9:59 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
 
​ដោយ៖​ កង ម៉េង​ហុង​​
 
​ប្រធានាធិបតី​ហ្វីលីពីន លោក  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​និយាយ​នៅ​ថ្ងៃទី​១៤ ខែតុលា​ថា រដ្ឋាភិបាល​លោក​មាន​លុយ​ដើម្បី​ទិញ​វ៉ាក់សាំង COVID-19 ដើម្បី​ផ្ដល់​ឲ្យ​ក្រុម​ប្រជាជន​ដែលមាន​អាទិភាព​។ សម្រាប់​លោក ប៉ុណ្ណេះ​មិនទាន់​គ្រប់​ឡើយ ព្រោះ​លោក​ចង់បាន​លុយ​កាន់តែច្រើន​ទៀត ដើម្បី​ឲ្យ​ប្រជាជន​ហ្វីលីពីន​ទាំងមូល​ទទួលបាន​ការ​ចាក់​ថ្នាំ​បង្ការ​តែម្ដង​។​

 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា រដ្ឋាភិបាល​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ មានបំណង​ផ្តល់ជូន​ការចាក់​វ៉ាក់សាំង​ប្រឆាំង COVID-19 ដល់​ប្រជាជន​ហ្វីលីពីន​ទាំងអស់​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ប្រហែល ១១៣ លាន​នាក់​។ ប៉ុន្តែ​អាទិភាព​នឹងត្រូវ​បានផ្តល់​ដល់​ជនក្រីក្រ ប៉ូលិស និង​បុគ្គលិក​យោធា​។ 
 
​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍ លោក ឌូ​ទើ​តេ បានបញ្ជាក់​យ៉ាងច្បាស់​ថា​៖« ប្រជាជន​ទាំងអស់​គួរតែ​ទទួលបាន​ការចាក់​វ៉ាក់សាំង ដោយ​គ្មាន​ករណី​លើកលែង​ឡើយ​»​។ មេដឹកនាំ​ហ្វី​លី​ពី​រូបនេះ ក៏បាន​បញ្ជាក់​ជាថ្មី​ថា លោក​ជ្រើសរើស​ការផ្គត់ផ្គង់​វ៉ាក់សាំង​របស់​រុស្ស៊ី ឬក៏​ចិន​។ កន្លងទៅ ប្រទេស​ទាំងពីរ​នេះ​បានដាក់​ពាក្យស្នើសុំ​ធ្វើតេស្ត​វ៉ាក់សាំង​របស់​ពួកគេ​នៅ​ហ្វីលីពីន​។​
 
​ក្រៅពី​វ៉ាក់សាំង​របស់​ចិន និង​រុស្ស៊ី ហ្វីលីពីន​ក៏​កំពុង​វាយតម្លៃ​ពាក្យសុំ​របស់​ក្រុមហ៊ុន Johnson & Johnson's ដើម្បី​សាកល្បង​វ៉ាក់សាំង​ដំណាក់កាល​ទី ៣​។ ជាមួយគ្នានេះ ហ្វីលីពីន ក៏​កំពុង​ពិភាក្សា​ជាមួយ​អ្នកផ្គត់ផ្គង់​វ៉ាក់សាំង​ដែលមាន​សក្តានុពល​ផ្សេងទៀត​រួមមាន​ក្រុមហ៊ុន​ផលិត​ថ្នាំ​អាមេរិក Pfizer និង Moderna ផងដែរ​។​
 
​ហ្វីលីពីន​មានការ​ឆ្លង COVID-19 ថ្មី​ចំនួន ១,៩១០ ករណី​នៅ​ថ្ងៃទី ១៤ ខែតុលា​និង​មាន​អ្នកស្លាប់​ចំនួន ៧៨ នាក់​ទៀត​ដែល​ធ្វើ​=jy​ចំនួន​សរុប​នៅក្នុង​ប្រទេស​nV​មាន​ចំនួន ៣៤៦,៥៣៦ ករណី​ដែលជា​តួលេខ​ខ្ពស់បំផុត​នៅ​អាស៊ីអាគ្នេយ៍ និង​មាន​អ្នកស្លាប់ ៦,៤៤៩ នាក់​។​
 
​គួរ​បញ្ជាក់ថា ហ្វីលីពីន​បាន​បើក​ដំណើរការ​ជា​បណ្តើរៗ​នូវ​សេដ្ឋកិច្ច​ដើម្បី​អនុញ្ញាតឱ្យ​អាជីវកម្ម​កាន់តែច្រើន​ចាប់ផ្តើម​ប្រតិបត្តិការ​ឡើងវិញ​ដែរ ហើយ​មនុស្ស​កាន់តែច្រើន​ត្រឡប់​ទៅធ្វើ​ការ​ដូចគ្នា​។ ប៉ុន្តែ​ការ​រឹតត្បិត​មួយផ្នែក​នៅក្នុង​និង​ជុំវិញ​រដ្ឋធានី​ម៉ានីល នៅតែ​រក្សា​ការ​ដើម្បី​ការពារ​ការរីក​រាលដាល​ជំងឺ​ថ្មី​មួយ​នេះ​៕
 

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com