ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ ណែនាំ​ឲ្យ​ត្រៀម​ទុកដាក់​សៀវភៅ និង​សម្ភារ​ទៅ​ទីទួល​សុវត្ថិភាព​សម្រាប់​សាលា​ដែល​រងគ្រោះ​ទឹកជំនន់​
16, Oct 2020 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សាលារៀន​មួយចំនួន​ត្រូវបាន​ផ្អាក​ឲ្យ​សិស្ស​ចូលរៀន​បណ្តោះអាសន្ន​សិន ដោយសារ​ទឹកជំនន់​។ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ប្រាប់​ទៅ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ដែល​ស្ថិតនៅ​តំបន់​គ្រោះទឹកជំនន់ ត្រូវ​ត្រៀមលក្ខណៈ​រៀបចំ​ទុកដាក់​ជាមុន​នូវ​ឯកសារ សៀវភៅ សម្ភារ និង​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​ទៅ​ទីទួល​សុវត្ថិភាព​។

 
 
«​ត្រូវ​រក​កន្លែង​សុវត្ថិភាព​ដើម្បី​រក្សាទុក ឲ្យ​ជៀស​ផុតពី​ការលិចលង់​ខូចខាត និង​ប៉ះពាល់​អាយុជីវិត​បុគ្គលិក​សិក្សា និង​សិស្សានុសិស្ស​ជាយថាហេតុ​»​។ នេះ​ជា​សារ​ណែនាំ​របស់លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ដែល​ប្រាប់​ទៅ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ឲ្យ​ត្រូវ​តាមដាន​ព័ត៌មាន​ពី​ស្ថានភាព​អាកាសធាតុ និង​ទឹកជំនន់​ជាប្រចាំ និង​ឲ្យ​គ្រូ និង​សិស្ស​ត្រូវ​ប្រុងប្រយ័ត្ន​នឹង​គ្រោះទឹកជំនន់​។​
 
 
​រដ្ឋមន្ត្រី​អប់រំ​បាន​ណែនាំ​ឲ្យ​គ្រឹះស្ថានសិក្សា​ដែល​កំពុង​ជន់​លិច​នោះ ត្រូវ​ឲ្យ​គ្រូ​បន្ត​បង្រៀន​សិស្ស​តាម​អន​ឡាញ ដើម្បី​ធានា​និរន្ត​ភាព​នៃ​ការសិក្សា​របស់​សិស្ស​គ្រប់​កម្រិត​ថ្នាក់​។  
 
​លោក ហង់​ជួន ណា​រ៉ុ​ន បាន​ប្រាប់​ឲ្យ​គ្រឹះស្ថានសិក្សា​ដែល​កំពុងតែ​ជន់​លិច ត្រូវ​ណែនាំ​ដល់​សិ​ស្សានិ​សិស្ស​កុំ​ចុះ​លេង​ទឹក​នៅ​តំបន់​ទឹកជំនន់ និង​តំបន់​ដែល​ទឹក​ហូរ​ខ្លាំង ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដោយ​អាយុជីវិត​។ ក្នុងករណី​ដែល​សិស្ស និង​គ្រូ ចង់​ធ្វើដំណើរ​គឺ​ត្រូវ​ប្រើ​អាវ​ពោង ឬ​ប៊ីដុង​។ ពេល​កូន​ទៅ​រៀន គឺ​ឪពុកម្តាយ​ត្រូវ​ជូន​កូន​ទៅ​សាលា និង​ទៅ​ទទួល​កូន​ពីសា​លាមក​វិញ​ផងដែរ​។ 
 
​ដើម្បី​ទប់ស្កាត់ និង​ការពារ​ពី​ហេតុការណ៍​គ្រោះថ្នាក់​ដោយសារ​ទឹកជំនន់ លោក​រដ្ឋមន្ត្រី​អប់រំ​បាន​ណែនាំ ឲ្យ​គណៈ​គ្រប់គ្រង​សាលា​នីមួយៗ​ត្រូវ​រាយការណ៍ និង​ផ្តល់ព័ត៌មាន​ពី​ផលប៉ះពាល់​របស់​សាលារៀន​នីមួយៗ​តាមរយៈ​មន្ត្រី​បង្គោល ការិយាល័យ​អប់រំ​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​មន្ទីរអប់រំ រាជធានី​ខេត្ត​។ 
 
​ក្រោយពេល​ទឹកជំនន់​មានការ​ថមថយ និង​ស្រក​អស់ លោក​រដ្ឋមន្ត្រី​អប់រំ​បាន​ណែនាំ​ឲ្យ​គណៈ​គ្រប់គ្រង​សាលារៀន​ដែល​បាន​ជន់​លិច​នោះ ត្រូវ​ដឹកនាំ​កម្លាំង​សម្អាត​បរិស្ថាន​សាលារៀន និង​បន្ទប់រៀន​ឡើងវិញ​។ និង​រៀបចំ​ជួលជុល​តុ កៅអី ក្តារខៀន ទូ សម្ភារ​បរិក្ខារ​ប្រើប្រាស់​ឡើងវិញ​ផងដែរ​។​
 
​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា សាលារៀន​ចំនួន​៤២៥​កន្លែង​ត្រូវបាន​ជន់​លិច​៕ 
 

Tag:
 ទឹកជំនន់​
 ​សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com