ជាតិ
សង្គមជាតិ
អនីតិជន​ជិត​៤៧០​នាក់​នៅ​ព្រៃ​ស ត្រូវ​បញ្ជូនទៅ PJ ដោយសារ​ជន់​លិច​
15, Oct 2020 , 4:39 pm        
រូបភាព
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ
​ជំនន់​ទឹកភ្លៀង បាន​ហូរ​ទៅដល់​មណ្ឌល​អប់រំ​កែប្រែ​២ (​ម​២) នៃ​ពន្ធនាគារ​ព្រៃ​ស​។ លោក នុត សវ​នា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ប្រាប់ថា អ្នក​ជាប់​ជា​អនីតិជន (​ក្រោម​១៨​ឆ្នាំ​) និង អ្នក​ជាប់ឃុំ​ជា​ស្ត្រី​១៤២៥​នាក់ នៃ​មណ្ឌល​អប់រំ​ក្រែ​ប្រែ​២ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​ឃុំខ្លួន​២​ផ្សេងទៀត​ជា​បណ្តោះអាសន្ន នៅ​ពីថ្ងៃ​ម្សិលមិញ (១៤​តុលា​)​។


 
​បើតាម​លោក នុត សវ​នា ក្នុងចំណោម​អ្នក​ជាប់ឃុំ​ទាំង​១៤២៥​នាក់ មាន​ស្ត្រី​៩៥៦​នាក់ ហើយ​ក្រៅពីនេះ គឺ​សុទ្ធតែជា​អនីតិជន (៤៦៩​នាក់​)​។ លោក អះអាងថា ក្នុងចំណោម​អ្នក​ជាប់ឃុំ​ជា​ស្ត្រី​៩៥៦​នាក់​នោះ អ្នកខ្លះ ត្រូវបាន​បញ្ជូនទៅ​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​១ (​ម​១) នៃ​ពន្ធនាគារ​ព្រៃ​ស ហើយ​អ្នក​ខ្លះទៀត ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ)​។ លោក បន្តថា ចំណែក​អ្នក​ជាប់ឃុំ​ជា​អនីតិជន​៤៦៩​នាក់ ត្រូវបាន​បញ្ជូនទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​។  
 
​យ៉ាងណា មណ្ឌល​អប់រំ​ក្រែ​ប្រែ​១ មណ្ឌល​អប់រំ​កែប្រែ​២ (​ពន្ធនាគារ​ព្រៃ​ស​) និង ពន្ធនាគារ​រាជធានី​ភ្នំពេញ ស្ថិតនៅ​មិន​ឆ្ងាយ​ពីគ្នា​ឡើយ​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នា​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ មានប្រសាសន៍ថា​៖«​នៅ​ជិតៗ​គ្នា​ហ្នឹង ម​១ ម​២ ដើរ​ដល់​តើ​...PJ ដើរ​តិច​ដល់​»​។​
 
​នៅឯ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ឯណោះ ក៏មាន​ការផ្ទេរ​អ្នក​ជាប់ឃុំ​ដែរ ដោយសារ​ការ​រាលដាល​នៃ​ទឹកជំនន់​។ អ្នក​ជាប់ឃុំ​ជាង​១​ពាន់ ត្រូវបញ្ជូន​ចេញពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ យកទៅ​ផ្ញើ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៣ ខែតុលា និង ប្រមាណ​២០០​នាក់​ទៀត យកទៅ​ផ្ញើ​នៅ​ពន្ធនាគារ​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​១៤ ខែតុលា​។ 
 
​គិត​មកដល់​ថ្ងៃទី​១៥ ខែតុលា​នេះ មាន​ប្រជាពលរដ្ឋ​ជិត​២០​ម៉ឺន​នាក់ ដែល​រង​ការប៉ះពាល់​ដោយសារ​គ្រោះទឹកជំនន់ ហើយ​ក្នុងនោះ មាន​ជាង​១,២​ម៉ឺន​នាក់ ត្រូវបាន​ជម្លៀស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។ ពលរដ្ឋ ដែល​បាត់​បង់ជីវិត ដោយ​គ្រោះទឹកជំនន់​នេះ មាន​១៣​នាក់​៕ 
 
 

Tag:
 ​គ្រោះទឹកជំនន់​
  ផ្ទេរ​អ្នកទោស
© រក្សាសិទ្ធិដោយ thmeythmey.com