សង្គមអន្តរជាតិ​
អន្តរជាតិ
EU ដាក់ទណ្ឌកម្ម​មនុស្ស​៦​នាក់​ក្នុងករណី​បំពុល​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Navalny
15, Oct 2020 , 4:59 pm        
រូបភាព
មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexey Navalny ។ រូបភាព ៖ AFP
មេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexey Navalny ។ រូបភាព ៖ AFP
ដោយ:
សហភាព​អឺរ៉ុប (EU) បាន​យល់ព្រម​ដាក់ទណ្ឌកម្ម​លើ​មនុស្ស​៦​នាក់ និង​ស្ថាប័ន​មួយ​ពាក់ព័ន្ធ​ករណី​បំពុល​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Alexey Navalny ដោយ​ប្រើ​ថ្នាំពុល Novichok ។ រុស្ស៊ី ព្រមាន​វាយបក​ប្រឆាំង​វិធានការ EU នេះ​។


​ថ្នាំពុល​ប្រភេទ Novichok ដែលជា​ថ្នាំពុល​កម្រិត​យោធា ហើយ​ត្រូវបាន​អភិវឌ្ឍ​ដោយ​អតីត​សហភាពសូវៀត​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០ ហើយ​ថ្នាំពុល​ប្រភេទ​ដូចគ្នា ក៏​ធ្លាប់​ត្រូវបាន​ប្រើ​លើ​អតីត​ចារកម្ម​រុស្ស៊ី​ធ្វើការ​ឲ្យ​អង់គ្លេស Sergei Skripal ផងដែរ​។​

​នៅ​ថ្ងៃទី​១៣ ខែតុលា សហភាព​អឺរ៉ុប បានអនុម័ត​ទណ្ឌកម្ម ក្រោយ​បារាំង​និង​អាល្លឺម៉ង់ បានដាក់​ស្នើ​វិធានការ​នេះ​កាលពី​សប្ដាហ៍​មុន ដោយ​អះអាងថា រុស្ស៊ី ទទួលខុសត្រូវ​ចំពោះ​ករណី​បំពុល​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​ដោយ​អនុលោម​តាម​ការអនុវត្ត​ទូទៅ​របស់ EU អ្នក​ទាំង​ដែល​ជាប់​ក្នុង​បញ្ជី​ទណ្ឌកម្ម រួមមាន បម្រាម​ការធ្វើដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​ជាដើម នឹង​ពុំ​ត្រូវ​បង្ហាញ​អត្តសញ្ញាណ​ឡើយ ពោលគឺ​រហូតដល់​ទណ្ឌ​កម្មនេះ ចូល​ជា​ធរមាន​នា​ថ្ងៃទី​១៥ ខែតុលា​។ ក៏ប៉ុន្តែ​ពួកគេ​ទំនង​សុទ្ធតែជា​មន្ត្រី​រុស្ស៊ី​។   

​អង្គការ​តំបន់​សមាជិក​២៧​ប្រទេស​នេះ ម្ដង​ហើយ​ម្ដងទៀត បានស្នើ​សុំ​ឲ្យ​រដ្ឋធានី​មូ​ស្គូ​ស៊ើបអង្កេត​ករណី​បំពុល​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Navalny ដែល​បានកើត​ឡើងលើ​ទឹកដី​រុស្ស៊ី​។ យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេស​បារាំង​និង​អាល្លឺម៉ង់ កាលពី​សប្ដាហ៍ បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា វិមាន​ប្រធានាធិបតី​រុស្ស៊ី ពុំមាន​ការបកស្រាយ​គួរ​ឲ្យ​ទុកចិត្ត​ណាមួយ​ឡើយ​។ 

​នៅមុន​សម្រេច​ដាក់ទណ្ឌកម្ម លោក Josep Borrell តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការបរទេស និង​សន្តិសុខ​គោលនយោបាយ នៅ​ថ្ងៃទី​១៣ ខែតុលា បានដាក់​សម្ពាធ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergei Lavrov លើ​ករណី​លោក Navalny អំឡុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ១៣​ខែតុលា​។ កា​រិ​យា​លោក Borrell និយាយថា លោក​បានស្នើ​ឲ្យ​ក្រុង​មូ​ស្គូ​ប្រឹង​ឲ្យ​អស់​សមត្ថភាព​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​នេះ​យ៉ាង​ម៉ត់ចត់​និង​មាន​តម្លាភាព ហើយ​សហការ​ជាមួយ​អង្គការ​ជំនាញ​ផងដែរ​។ 

​ជាការ​ឆ្លើយតប ប្រមុខ​ការទូត​រុស្ស៊ី Lavrov នៅ​ថ្ងៃទី ១៤ ខែតុលា បាន​រិះគន់​ទណ្ឌ​កម្មនេះ ដោយ​ចោទប្រកាន់ EU ថា​ឱនក្បាល​ចំពោះ​សម្ពាធ​អាមេរិក និង​ជំនួស​យុទ្ធសាស្ត្រ​ការទូត​ដោយ​ការដាក់ទណ្ឌកម្ម​។ ថ្លែង​អំឡុង​ស​ន្និសិទ​ព័ត៌មាន​មួយ​ក្នុង​ទីក្រុង​មូ​ស្គូ លោក​ព្រមាន​ថា គោលនយោបាយ​ការបរទេស EU នាពេល​បច្ចុប្បន្ន នឹង​ប្រឈម​នឹង​ផលវិបាក​។ 

​សូមបញ្ជាក់ថា លោក Navalny គឺជា​សកម្មជន​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់បាន​ដឹកនាំ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​។ លោក​ថែមទាំង​ហៅ​បក្ស​កាន់អំណាច​រុស្ស៊ី​បច្ចុប្បន្ន​ថា​ជា​ចោរ​ដែល​កំពុង​ជញ្ជក់​ឈាម​ប្រជាជន​រុស្ស៊ី​។ មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ក៏​ត្រូវបាន​ហាមឃាត់​ពី​ការ​ឈរឈ្មោះ​ប្រឆាំង​លោក ពូ​ទីន ក្នុងការ​បោះឆ្នោត​ផងដែរ​៕ 

Tag:
 ​សហភាព​អឺរ៉ុប​
  រុស្ស៊ី​
  Alexey Navalny
© រក្សាសិទ្ធិដោយ thmeythmey.com