ជាតិ
សង្គមជាតិ
នាយកដ្ឋានភាពយន្ត កំពុងសិក្សាករណី Poster ភាពយន្តថៃមួយមានរូបប្រាសាទអង្គរវត្ត
× ភ្នំពេញ៖ នាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ កំពុងសិក្សាករណីភាពយន្តថៃមួយបានប្រើប្រាស់រូបប្រាសាទអង្គរវត្ត នៅក្នុង Poster នៅក្នុងភាពយន្តរបស់ខ្លួន។ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត បានប្រាប់សារព័ត៌មានថ្មីៗថា លោកក៏មិនទាន់ច្បាស់ ថារឿងនោះ បានថតនៅកម្ពុជា ឬក៏សុំសិទ្ធិប្រើរូបថតប្រាសាទពីកម្ពុជានោះឡើយ ព្រោះគេទើបចេញផ្សាយ trailer។ ទោះយ៉ាងណាក៏ដោយ លោក បូរក្ស បញ្ជាក់ថា រយៈពេល២ឆ្នាំចុងក្រោយនេះ ថៃ មិនបានស្នើសុំថតភាពយន្តនៅកម្ពុជាឡើយ មានតែថតជាឯកសារប៉ុណ្ណោះ។
ប្រធាននាយកដ្ឋានភាពយន្ត លោក ប៉ុក បូរក្ស បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងកំពុងសិក្សាស្រាវជ្រាវលើករណី ការយករូបប្រាសាទអង្គរវត្តដាក់ក្នុង poster ភាពយន្តថៃ។ តាមការផ្ទាំងផ្សព្វផ្សាយដែលត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមនោះ ភាពយន្តនេះ មានចំណងជើងអង់គ្លេសថា The Promise ហើយដែលនឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី១៦ តុលា ឆ្នាំ២០២០ នៅលើបុស្តិ៍ទូរទស្សន៍ថៃ។
រូបពី Cambodia History
ប្រធាននាយកដ្ឋានរូបនេះ ក៏មិនទាន់ដឹងច្បាស់ ថាតើរឿងនោះ បានថតនៅកម្ពុជា ឬក៏សុំសិទ្ធិប្រើរូបថតប្រាសាទពីកម្ពុជាឬយ៉ាងណា ខណៈភាពយន្តថៃនេះ ទើបចេញផ្សាយជា Trailer ប្រមាណ២នាទីប៉ុណ្ណោះ។ លោក ប៉ុក បូរក្ស បញ្ជាក់បន្ថែម៖«បើសិនជាយើង បានឃើញជាភាពយន្តតែម្ដង ហើយវាមានអ្វីដែលពាក់ព័ន្ធ នោះយើងអាចសន្និដ្ឋានបាន។ ប៉ុន្តែនេះ មិនទាន់មានជាអ្វីទាំងអស់ វាត្រឹមតែចេញជា trailer ប្រមាណត្រឹមតែ២នាទីទេ ដូច្នេះយើងមិនអាចសន្និដ្ឋានបានទេ។ នៅក្នុង trailer នោះមិនមានអ្វីពាក់ព័ន្ធជាមួយយើងសោះ។ អ្វីដែលយើងបានឃើញ គឺឃើញតែនៅលើ Poster ដែលគេឌីហ្សាញ។ យើងមិនដឹងថា តើវាចេញពីក្រុមហ៊ុនដែលជាអ្នកផលិត ឬក៏ជាអ្នកដទៃគេយកទៅឌីហ្សាញ? »។
យ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានភាពយន្តរូបនេះថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ភាគីថៃ មិនបានស្នើសុំថតភាពយន្តនៅកម្ពុជាឡើយ ទាំងភាពយន្តខ្នាតធំ និងភាពយន្តភាគ។ «ជាខ្សែភាពយន្តភាគថៃ យើងមិនដែលទទួលបានការស្នើសុំថតនៅកម្ពុជាទេកន្លងមក។ កុនដុំរយៈពេល២ឆ្នាំចុងក្រោយនេះ យើងក៏មិនដែលមានភាគីថៃសុំថតដែរ។ និយាយរួមទៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ថៃមានតែសុំថតជាឯកសារ»។ នេះជាការពន្យល់បន្ថែមរបស់លោក ប៉ុក បូរក្ស៕
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូបពីហ្វេសប៊ុក Pok Borak)
Tag:
ភាពយន្ត
សិល្បៈ
នាយកដ្ឋានភាពយន្ត
ប្រាសាទអង្គរវត្ត
ថៃ
Poster
© រក្សាសិទ្ធិដោយ thmeythmey.com