កីឡាជាតិ
កីឡាអន្តរជាតិ
ក្លិប​នៅ EPL បដិសេធ​គម្រោង​បន្ថយ​ក្រុម​សល់​១៨ របស់ Liverpool និង Man Utd
15, Oct 2020 , 10:59 pm        
រូបភាព
​ក្លិប​នៅ Premier League បាន​ច្រានចោល​គម្រោង «Project Big Picture» ដែល​ដាក់​ចេញពី​សំណាក់​ក្លិប Liverpool និង Manchester United ក្នុងការ​កាត់បន្ថយ​ក្រុម​ពី ២០ ទៅ​១៨ ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​។ ក្លិប​ទាំងនោះ ក៏​បដិសេធ​ផែនការ​ផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ និង​ហិរញ្ញវត្ថុ​របស់​លី​គរ​បស់​ក្លិប​យក្ស​អង់គ្លេស​នេះដែរ​។ នេះ​បើតាម​បណ្តាញសារព័ត៌មាន​អង់គ្លេស​ដែល​បាន​ចុះផ្សាយ​ថ្ងៃទី​១៤ ខែតុលា​។​

 
​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា នៅក្នុង​កិច្ចប្រជុំ​មួយនា​ថ្ងៃទី​១៤ តុលា ក្លិប​ទាំង​២០​ក្នុង​លី​គ​កំពូល​អង់គ្លេស​បាន​ព្រមព្រៀងគ្នា​ជា​ឯកច្ឆ័ន្ទ​ថា ទាំង Premier League និង​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) នឹងមិន​យល់ព្រម​សំណើ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​បោះឆ្នោត​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​។​
 
​សំណើ​គម្រោង «Project Big Picture» របស់​ហង្ស​ក្រហម ដែល​គាំទ្រ​ដោយ​បិសាច​ក្រហម គឺ​ចង់​ឲ្យ​មានការ​បង្កើន​ថវិកា​សម្រាប់​ក្លិប​ចំនួន​៧២ នៅ EFL ប៉ុន្តែ​ក៏មាន​បញ្ចូល​សិទ្ធិ​បោះឆ្នោត​ពិសេស​សម្រាប់​ក្លិប​កំពូលៗ​នៅ​លី​គ​កំពូល និង​ការកាត់បន្ថយ​ក្រុម​ក្នុង​ក្របខណ្ឌ​កំពូល​ពី​២០ ទៅ ១៨ ក្រុម​វិញ​ផងដែរ​។​
 
​ផែន​ការដែល​ដឹកមុខ​ដោយ​ប្រធាន EFL លោក Rick Parry ក៏​រួមបញ្ចូល​ថវិកា​សង្គ្រោះ​ចំនួន ២៥០ លាន​ផោន (៣២៥,៨៥ លាន​ដុល្លារ​អាមេរិក​) ផង សម្រាប់​ក្លិប​របស់លោក​ដែល​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19​។​
 
​យ៉ាងណាក៏ដោយ សំណើរ​របស់ Liverpool និង Man Utd នេះ ត្រូវបដិសេធ​ដោយ​ក្លិប​នៅ​លី​គ​កំពូល​ដូចគ្នា ហើយ​ក្លិប​បាន​យល់ព្រម​ធ្វើការ​រួមគ្នា ដោយ​តម្លាភាព​លើ​ផែនការ​អនាគត​ដែល​ពាក់ព័ន្ធ​នឹង​រចនាសម្ព័ន្ធ ឬ​ហិរញ្ញវត្ថុ​របស់​ក្លិប​បាល់ទាត់​នៅ​អង់គ្លេស​៕
 

Tag:
 Project Big Picture
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com