កីឡាជាតិ
កីឡាអន្តរជាតិ
ក្លិបនៅ EPL បដិសេធគម្រោងបន្ថយក្រុមសល់១៨ របស់ Liverpool និង Man Utd
× ក្លិបនៅ Premier League បានច្រានចោលគម្រោង «Project Big Picture» ដែលដាក់ចេញពីសំណាក់ក្លិប Liverpool និង Manchester United ក្នុងការកាត់បន្ថយក្រុមពី ២០ ទៅ១៨ ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស។ ក្លិបទាំងនោះ ក៏បដិសេធផែនការផ្លាស់ប្តូររចនាសម្ព័ន្ធ និងហិរញ្ញវត្ថុរបស់លីគរបស់ក្លិបយក្សអង់គ្លេសនេះដែរ។ នេះបើតាមបណ្តាញសារព័ត៌មានអង់គ្លេសដែលបានចុះផ្សាយថ្ងៃទី១៤ ខែតុលា។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា នៅក្នុងកិច្ចប្រជុំមួយនាថ្ងៃទី១៤ តុលា ក្លិបទាំង២០ក្នុងលីគកំពូលអង់គ្លេសបានព្រមព្រៀងគ្នាជាឯកច្ឆ័ន្ទថា ទាំង Premier League និងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) នឹងមិនយល់ព្រមសំណើផ្លាស់ប្តូររចនាសម្ព័ន្ធបោះឆ្នោតក្នុងក្របខណ្ឌលីគកំពូល។
សំណើគម្រោង «Project Big Picture» របស់ហង្សក្រហម ដែលគាំទ្រដោយបិសាចក្រហម គឺចង់ឲ្យមានការបង្កើនថវិកាសម្រាប់ក្លិបចំនួន៧២ នៅ EFL ប៉ុន្តែក៏មានបញ្ចូលសិទ្ធិបោះឆ្នោតពិសេសសម្រាប់ក្លិបកំពូលៗនៅលីគកំពូល និងការកាត់បន្ថយក្រុមក្នុងក្របខណ្ឌកំពូលពី២០ ទៅ ១៨ ក្រុមវិញផងដែរ។
ផែនការដែលដឹកមុខដោយប្រធាន EFL លោក Rick Parry ក៏រួមបញ្ចូលថវិកាសង្គ្រោះចំនួន ២៥០ លានផោន (៣២៥,៨៥ លានដុល្លារអាមេរិក) ផង សម្រាប់ក្លិបរបស់លោកដែលប្រឈមបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតសកល COVID-19។
យ៉ាងណាក៏ដោយ សំណើររបស់ Liverpool និង Man Utd នេះ ត្រូវបដិសេធដោយក្លិបនៅលីគកំពូលដូចគ្នា ហើយក្លិបបានយល់ព្រមធ្វើការរួមគ្នា ដោយតម្លាភាពលើផែនការអនាគតដែលពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ ឬហិរញ្ញវត្ថុរបស់ក្លិបបាល់ទាត់នៅអង់គ្លេស៕
Tag:
Project Big Picture
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com