COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ខណៈ​ប្រទេស​អ្នកមាន​សម្រុក​បញ្ជា​ទិញ​ទុក ឥណ្ឌូណេស៊ី​ស្នើ​ឲ្យ​ចែកចាយ​វ៉ាក់សាំង COVID-19 ដោយ​ស្មើភាព​
16, Oct 2020 , 8:29 am        
រូបភាព
ដោយ៖ កង ម៉េងហុង 
ទោះ​វ៉ាក់សាំង​ប្រឆាំង COVID-19 កំពុងស្ថិត​ក្នុង​ដំណាក់​អភិវឌ្ឍ​ក្ដី បណ្ដា​ប្រទេស​អ្នកមាន​ជាច្រើន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​ទុកជាមុន ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ក្ដីបារម្ភ​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​មិនសូវមាន​លុយកាក់​។ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី Retno Marsudi បាន​និយាយថា ប្រទេស​កំពុង​អភិវឌ្ឍ​ត្រូវតែមាន​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង COVID-19 ។​

 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី Retno Marsudi បាន​និយាយថា វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ប្រទេស​អ្នកមាន​និង​អ្នកក្រ​ក្នុងការ​ធ្វើការ​ជាមួយគ្នា​ដើម្បី​អាច​ធានាបាន​ថា គ្រប់​ប្រទេស មាន​សិទ្ធិ​ទទួលបាន​វ៉ាក់សាំង​ស្មើគ្នា​ហើយ​មាន​សុវត្ថិភាព​និង​តម្លៃ​សមរម្យ​។ 
 
«​តើ​អ្នក​អាច​ស្រមៃ​បានទេ ប្រសិនបើ​វ៉ាក់សាំង​ភាគច្រើន​ទៅ​ប្រទេស​អភិវឌ្ឍន៍​? តើ​ជោគវាសនា​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​នឹង​ទៅជា​យ៉ាងណា​?» លោកស្រី Marsudi បាន​ប្រាប់ AFP បែបនេះ​ក្នុង​បទ​សម្ភាស​ជា​វីដេអូ​ពី​ទីក្រុង​ឡុង​ផ្សាយ​ថ្ងៃទី​១៤ ខែតុលា​។ 
 
​ការអត្ថាធិប្បាយ​របស់​លោកស្រី Marsudi ធ្វើឡើង​ក្រោយ​របាយការណ៍​របស់​អង្គការ Oxfam កាលពី​ខែ​មុន​ដែល​បាន​រកឃើញថា ក្រុម​ប្រទេស​អ្នកមាន​ដែល​តំណាង​១៣​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​បាន​ទិញ​ច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​វ៉ាក់សាំង COVID-19 ដែល​ត្រូវបាន​សន្យា​ផ្គត់ផ្គង់​នាពេល​អនាគត​។ ទាក់ទង​រឿង​វ៉ាក់សាំង​វិញ លោកស្រី Marsudi ជួប​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ AstraZeneca ដែលមាន​មូលដ្ឋាន​នៅ​អង់គ្លេស​ដើម្បី​ពង្រឹង​កិច្ចព្រមព្រៀង​ផ្តល់​វ៉ាក់សាំង​ឲ្យ​ឥណ្ឌូណេស៊ី​ដែរ​។ 
 
​យ៉ាងណាមិញ លោកស្រី Marsudi បាន​បដិសេធ​មិន​ពិភាក្សា​លម្អិត​រឿង​ការទិញ​វ៉ាក់សាំង​នេះដែរ​។ ទេ​ប៉ុន្តែ​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​បង្ហាញ​សុទិដ្ឋិនិយម​ថា ឥណ្ឌូណេស៊ី នឹង​ទទួលបាន​វ៉ាក់សាំង​មួយចំនួន​ពី AstraZeneca ដោយ​ការចរចា​កំពុងតែ​ដំណើរការ​ហើយ​។ លោកស្រី Marsudi ក៏​គ្រោង​នឹង​ទៅ​ប្រទេស​ស្វី​ស​ដើម្បី​ចូលរួម​ការដេញថ្លៃ​វ៉ាក់សាំង​ដែរ​។​
 
​ឥណ្ឌូណេស៊ី ដែល​រងគ្រោះ​ខ្លាំង​ដោយសារ COVID-19 កំពុង​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ធានាបាន​វ៉ាក់សាំង​សម្រាប់​ប្រជាជន​របស់ខ្លួន​។ បន្ថែម​ពីលើ​ការស្វែងរក​វ៉ាក់សាំង​នៅ​អឺរ៉ុប ឥណ្ឌូណេស៊ី ចាប់ផ្តើម​សាកល្បង​ការចាក់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sinovac Biotech របស់​ចិន​ទៅលើ​អ្នកស្ម័គ្រចិត្ត​ប្រមាណ ១,៦០០ នាក់​ក្នុងការ​សិក្សា​រយៈពេល ៦ ខែ​ដែល​ចាប់ផ្ដើម​នៅ​ខែសីហា​។​
 
​ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​ជាង​៣៤​ម៉ឺន​នាក់ និង​មាន​មនុស្ស​ស្លាប់​ជាង ១២,០០០ នាក់​។ ប៉ុន្តែ​គេ​ជឿថា ករណី​ឆ្លង​អាចមាន​ច្រើនជាង​នេះ ព្រោះ​ឥណ្ឌូណេស៊ី ជា​ប្រទេស​មាន​អត្រា​ធ្វើតេស្ត​ទាប​បំផុត​មួយ​នៅលើ​ពិភពលោក​៕

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com