ជាតិ
សង្គមជាតិ
ក្រសួងកសិកម្ម ប្រាប់ឱ្យមន្ត្រីខ្លួនចុះវាយតម្លៃផលប៉ះពាល់ដំណាំកសិកម្ម ដោយសារទឹកជំនន់
× ភ្នំពេញ៖ ស្ថានភាពអាកាសធាតុមានការប្រែប្រួល ដោយធ្វើឱ្យតំបន់មួយចំនួនទទួលរងគ្រោះជំនន់ទឹកភ្លៀង ពិសេសបណ្ដាខេត្តភាគពាយ័ព្យ និងភាគខាងជើងនៃប្រទេស ដែលធ្វើឱ្យខូចខាតដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងផ្នែកវារីវប្បកម្ម។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នៅថ្ងៃទី ១៤ ខែតុលានេះ បានប្រាប់អង្គភាពក្រោមឱវាទ និងមន្ទីរកសិកម្មរាជធានី-ខេត្ត ត្រូវតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ និង ត្រៀមលក្ខណៈ សង្គ្រោះបន្ទាន់ វាយតម្លៃផលប៉ះពាល់នៃការខូចខាតដំណាំកសិកម្ម ដើម្បីត្រៀមលក្ខណៈបញ្ចេញគ្រាប់ពូជស្រូវ និងពូជដំណាំផ្សេងៗ សម្រាប់ការស្ដារការខូចខាតឡើងវិញតាមស្ថានភាពជាក់ស្ដែង។
គ្រប់អង្គភាពបច្ចេកទេស ត្រូវជំរុញការដាំដុះដំណាំរយៈពេលខ្លី ការចិញ្ចឹមសត្វនិងការងារវារីវប្បកម្មនៅតាមបណ្ដាខេត្ត ដែលកំពុងរងផលប៉ះពាល់ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវត្រៀមថ្នាំ សម្ភារបសុព្យាបាលចំណីសត្វឱ្យបានគ្រប់គ្រាន់ និងត្រៀមទីទួលខ្ពស់មិនលិចទឹក ដើម្បីជម្លៀសត្វ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ និងសង្គ្រោះសត្វ។
គួរបញ្ជាក់ថា គិតត្រឹម១៤ ខែតុលានេះ គ្រោះទឹកជំនន់ បានជនលិចដំណាំកសិកម្ម ជាង១៧ម៉ឺនហិកតា ក្នុងរាជធានីខេត្តចំនួន១៦។ ដំណាំកសិកម្មដែលបានលិចលង់ទាំងនោះរួមមាន ដំណាំស្រូវជិត ជាង១១ ម៉ឺនហិកតា និងដំណាំរួមផ្សំដទៃទៀតជាង ៥ម៉ឺនហិកតា។ រីឯ កសិដ្ឋានវារីវប្បកម្មប្រមាណ ១៦៣ បានរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងផងដែរ។ រាជធានី-ខេត្ត ដែលរងគ្រោះមាន រាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ, ស្ទឹងត្រែង ,កំពង់ចាម ,ពោធិ៍សាត់,សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, ប៉ៃលិន, កោះកុង, ព្រះសីហនុ , ស្វាយរៀង និងខេត្តមណ្ឌលគិរី៕
© រក្សាសិទ្ធិដោយ thmeythmey.com