ភ្នំពេញ៖ កាលពី៨ឆ្នាំមុន គឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ គឺជាថ្ងៃនៃការសោកសង្រេងរបស់ពលរដ្ឋខ្មែរ ក្រោយពីព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រកម្ពុជា បានសោយព្រះទិវង្គត ក្នុងព្រះជន្ម៨៩ព្រះវស្សា។ ទោះបីព្រះកាយរបស់ព្រះអង្គបានឃ្លាតឆ្ងាយក៏ពិតមែន ប៉ុន្តែពលរដ្ឋខ្មែរនៅតែចងចាំជានិច្ចនូវស្នាព្រះហស្ត ព្រះរាជបណ្តាំ និង ព្រះរាជហទ័យយកចិត្តទុកដាក់របស់ព្រះអង្គ ចំពោះជាតិ សាសនា និង ប្រជានុរាស្ត្រ។
នាថ្ងៃរលឹកខួប៨ឆ្នាំនៃការគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋ ក្នុងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ សារព័ត៌មានថ្មីៗ សូមដកស្រង់សាររបស់ប្រមុខដ្ឋាភិបាល មន្ត្រីនានា និងពលរដ្ឋទូទៅ ដែលបង្ហោះលើបណ្តាញសង្គម ដើម្បីបង្ហាញពីក្តីនឹករលឹកដល់ព្រះវររាជបិតាជាតិខ្មែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖«ប្រជារាស្ត្រទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ទៅថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅមណ្ឌលតម្កល់ព្រះបរមរូប ស្ថិតនៅសួនច្បារវិមានឯករាជ្យ រាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៥ ខែតុលា។
សម្តេច ស ខេង រំលេចសារថា៖«ការយាងសោយទិវង្គតរបស់ព្រះអង្គបានក្លាយមហាទុក្ខសោកប្រកបដោយសេចក្ដីអាឡោះអាល័យរកអ្វីប្រៀបផ្ទឹមពុំបានរបស់សម្ដេចព្រះមហាក្សត្រី ព្រះករុណាព្រះមហាក្សត្រ ព្រះញាតិវង្សានុវង្ស និងប្រជារាស្ត្រខ្មែរជាកូនចៅ ចៅទួត និងមិត្តបរទេស»។
សម្តេចរដ្ឋមន្ត្រី បានរំលឹកពីស្នាព្រះហស្តរបស់ព្រះអង្គ ដែលពលរដ្ឋខ្មែរចងចាំជានិច្ច ដូច្នេះថា៖«ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនប្រជាជាតិខ្មែរពីនឹមអាណានិគមបារាំង រហូតទទួលបានជោគជ័យនូវឯករាជ្យទាំងស្រុង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ព្រះអង្គបានបន្តព្រះរាជកិច្ចដឹកនាំប្រទេសក្នុងសម័យសង្គមរាស្ត្រនិយម ធ្វើឲ្យមាតុភូមិកម្ពុជាស្គាល់ការរីកចំរើន និងភាពស៊ីវិល័យយ៉ាងឆាប់រហ័ស ដោយទទួលបានការសាទរទាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ»។
តាមរយៈរូបថតដែលបង្ហាញពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណា ព្រះបាទម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា កំពុងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដែលបង្ហោះនៅក្នុងទំព័រហ្វេសប៊ុក Royal Du Cambodge បានបង្ហោះព្រះឆាយាល័ក្ខណ៍ ដែលបង្ហាញពីព្រះមហាក្សត្រី កំពុងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ដោយអមជាមួយនឹងសំណេរថា៖««៨ឆ្នាំកន្លងផុតទៅ ស្នេហាមួយដែលមិនមែនជារឿងព្រេងនិទាន»។ ទំព័រហ្វេសប៊ុក Royal Du Cambodge ដែលតែងបង្ហោះព័ត៌មានអំពីព្រះមហាក្សត្រនិងវង្សានុវង្ស ចង់សំដៅលើស្នេហារវាងព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រី។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Long Vitou បានសរសេរថា៖«កាលឆ្នាំ២០១២ ពេលព្រះសព ទ្រង់ដឹកពីប៉េកាំងប្រទេសចិន តាមយន្តហោះ ចុះនៅ ពោធិ៍ចិនតុង ខ្ញុំ នៅចាំទទួលទ្រង់នៅមុខសាលា IFL។ ខ្ញុំនៅតែចងចាំ អនុស្សាវរីយ៍ មិនភ្លេចបានឡើយ»។
ខណៈកម្ពុជា កំពុងជួបគ្រោះទឹកជំនន់ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បួងសួងឲ្យបារមីព្រះបរមរតនកោដ្ឋ ជួយថែរក្សានិងការពារប្រជាជនខ្មែរឲ្យរួចផុតពីជំងឺឆ្លងផ្សេងៗ និងគ្រោះទឹកជំនន់នេះ។
ព្រះបរមរតនកោដ្ឋ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញនិងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន៕