សង្គមអន្តរជាតិ​
អន្តរជាតិ
រុស្ស៊ី និង​អាមេរិក មិនទាន់​ចុះសម្រុង​លើ​ការបន្ត​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​
15, Oct 2020 , 11:59 pm        
រូបភាព
ប្រព័ន្ធមីស៊ីលបាលីស្ទីកអន្តរទ្វីប ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី។ រូបភាព៖ AFP
ប្រព័ន្ធមីស៊ីលបាលីស្ទីកអន្តរទ្វីប ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី។ រូបភាព៖ AFP
ដោយ:
​រុស្ស៊ី និង​អាមេរិក ដែលជា​មហាអំណាច​មាន​អាវុធ​នុយក្លេអ៊ែរ​ច្រើន​បំផុត នៅតែ​បន្ត​ខ្វែងគំនិត​គ្នា ក្នុង​ការបន្ត​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​។ អាមេរិក អះអាងថា​រុស្ស៊ី​យល់ព្រម​ជាគោលការណ៍​លើ​ការបន្ត​សន្ធិសញ្ញា ប៉ុន្តែ​រុស្ស៊ី​ច្រានចោល​ការលើកឡើង​នេះ តែ​ថា នឹង​បន្ត​ការចរចា​ទៀត​។​

 
​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ (New START) ជា​កិច្ចព្រមព្រៀងទ្វេភាគី​រវាង​អាមេរិក និង​រុស្ស៊ី នឹងត្រូវ​ផុតកំណត់​នៅ​ខែកុម្ភៈ ឆ្នាំ​២០២១​។ សន្ធិសញ្ញា​នេះ មាន​គោលដៅ​ក្នុងការ​កាត់បន្ថយ និង​ការកំណត់​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លែ​អ៊ែរ យន្តហោះ​ទម្លាក់​គ្រាប់បែក មី​ស៊ី​ល និង​ប្រព័ន្ធ​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​គ្រប់​ប្រភេទ​។ អាមេរិក និង​រុស្ស៊ី កំពុង​ចរចា​ដើម្បី​បន្ត​សុពលភាព​។ 
 
​បើសិនជា​ភាគី​ទាំងពីរ មិនអាច​បន្ត​កិច្ចព្រមព្រៀង​នេះ សហគមន៍​អន្តរជាតិ​ខ្លាចក្រែង​មហាអំណាច​ទាំងពីរ​ចាប់ផ្តើម​ប្រកួត​ប្រែង​អាវុធ​នុយក្លេអ៊ែរ​សារជាថ្មី ដូច​សម័យ​សង្គ្រាមត្រជាក់ ដ្បិតអី​ប្រទេស​ទាំងពីរ​លែងមាន​ឧបសគ្គ​ក្នុងការ​កំណត់​ការពង្រាយ​អាវុធ​នុយក្លេអ៊ែរ និង​ប្រព័ន្ធ​បញ្ជូន​ក្បាល​គ្រាប់​។​
 
​មន្ត្រី​អាមេរិក​អះអាងថា ប្រទេស​ទាំងពីរ​យល់ព្រម​ជាគោលការណ៍​ក្នុង​ពន្យារ​សន្ធិសញ្ញា​នេះ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី លោក Dmitry Peskov អះអាងថា ពុំទាន់​មានការ​យល់ព្រម​អ្វី​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Peskov បន្ថែមថា រុស្ស៊ី​គ្រាន់តែ​មានការ​យល់ឃើញ​រួម​ដូច អាមេរិក​ដែរ​ក្នុង​ការបន្ត​សន្ធិសញ្ញា​នេះ​។​
 
«​ជាការ​យល់ដឹង វា​ជា​រឿង​ចាំបាច់​ក្នុង​ការពន្យារ​សន្ធិសញ្ញា​START និង​សង្ឃឹមថា​ប្រទេស​ទាំងពីរ​នឹង​យល់ឃើញ​ដូចគ្នា​»​។ លោក Peskov និយាយ​បែបនេះ​ក្នុង​សន្និសីទ​ថ្ងៃទី​១៤ ខែតុលា​។  ពី​ខាង​អាមេរិក​វិញ លោក Marshall Billingslea អ្នកទទួលបន្ទុក​ក្នុង​ការចរចា អះអាង​នៅ​ថ្ងៃទី​១៣ តុលា ថា មានការ​យល់ព្រម​គ្នា​លើ​សំណុំ​រឿងនេះ​ក្នុង​កម្រិត​ថ្នាក់ដឹកនាំ​កំពូល​ហើយ​។ 
 
​ចំណែក​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov និយាយ​នៅ​ថ្ងៃទី​១៤ តុលា​ថា រុស្ស៊ី​មើលមិនឃើញ​ពី​លទ្ធភាព​ក្នុងការ​ពន្យា​កិច្ចព្រមព្រៀង START ទេ ​តែ​នឹង​បន្ត​ពិភាក្សា​ជាមួយ​អាមេរិក​។ ឯ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ វិញ បាន​អះអាងថា អាមេរិក​ស្វាគមន៍​ការចរចា​លើ​សន្ធិសញ្ញា New START នេះ  ដែល​អាច​ពន្យារ​លើសពី​៥​ឆ្នាំ​។​
 
​ក្រៅតែពី​ចង់​បន្ត​សន្ធិសញ្ញា​ជាមួយ​រុស្ស៊ី អា​មេ​រិ​ក៏​ចង់​អូស​ចិន​ឲ្យ​ចូលរួម​ក្នុង​សន្ធិសញ្ញា​នេះដែរ​។ ចិន​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​តិចជាង​រុស្ស៊ី និង​អាមេរិក​ច្រានចោល​សំណើ​ខាងលើនេះ​។​
 
​តាម​សន្ធិសញ្ញា New START រុស្ស៊ី ត្រូវ​កាត់បន្ថយ​ប្រព័ន្ធ​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មក​ត្រឹម​៤៨៥​ដើម និង​៦៥៥​ដើម​សម្រាប់​អាមេរិក​។ សន្ធិសញ្ញា​ខាងលើ​ក៏​កំណត់​ចំនួន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ត្រឹមតែ​១៣២៦​គ្រាប់ សម្រាប់​រុស្ស៊ី និង​១៣៧២​គ្រាប់ សម្រាប់​អាមេរិក​។ សន្ធិសញ្ញា New START ត្រូវបាន​ច​ចារ​ប្រទេស​ទាំង​២​ចុះហត្ថលេខា​នៅ​ខែមេសា ២០១០ និង​ចូល​ជា​ធរមាន​កាលពី​ខែកុម្ភៈ ២០១១៕
 

Tag:
 ​រុស្ស៊ី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com