ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! ទទួលទាន​អាហារ​ប្រៃ ឬ​អំបិល​ច្រើនពេក​ក្នុង​របប​អាហារ អាច​បង្ក​អាកា​រៈទាំង​នេះ​
16, Oct 2020 , 6:59 pm        
រូបភាព
​មនុស្ស​ភាគច្រើន​គិតថា ការទទួល​ទាន​អំបិល ឬ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើនពេក គឺ​មិនល្អ​តែ​ចំពោះ​រូបរាង​ប៉ុណ្ណោះ​ដោយ​វា​បណ្ដាលឱ្យ​ហើម​។ ទោះជា​យ៉ាងណា ការទទួល​ទាន​ប្រៃ​អាច​បង្ក​សុខភាព​យ៉ាងច្រើន​គួរឱ្យ​ព្រួយបារម្ភ​ដូចជា​ជំងឺ​លើស​សម្ពាធ​ឈាម បញ្ហា​តម្រងនោម ជំងឺ​ពុក​ឆ្អឹង ជំងឺ​បេះដូង និង​ដា​ច់ស​សៃ​ឈាម​ខួរក្បាល​ជាដើម​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​អាច​លេចឡើង​នៅពេល​អ្នក​ទទួលទាន​អំបិល​ច្រើនពេក​ក្នុង​របប​អាហារ ៖

 
១. ហើម​
 
​ការទទួល​ទាន​អំបិល​ច្រើនពេក​នឹង​អាច​បណ្ដាលឱ្យ​អាកា​រៈ​ហើម​ដៃ ជើង ឬ​ភ្នែក​ពិសេស​ពេលព្រឹក​លេចឡើង​ដោយ​រាងកាយ​ចាប់ផ្ដើម​ស្តុក​ទុក​ជាតិ​ទឹក​បន្ថែម​។​
 
២. ស្រេកទឹក​ខ្លាំង​
 
​ជាតិ​សូ​ដ្យូ​ម​ដែលមាន​ផ្ទុក​ក្នុង​អំបិល​ជួយ​រក្សា​តុល្យភាព​នៃ​សារធាតុ​រាវ​ក្នុង​រាងកាយ​។ នៅពេល​អ្នក​ទទួលទាន​អំបិល​ច្រើនពេក រាងកាយ​ត្រូវការ​សារធាតុ​រាវ​បន្ថែម​ដើម្បី​ជួយ​សម្អាត​ក្នុង​ប្រព័ន្ធ​ដូច្នេះ​ទើប​សាច់ដុំ​និង​សរីរាង្គ​ដទៃទៀត​អាច​ដំណើរការបាន​ត្រឹមត្រូវ​។ គួរ​ចងចាំ​ថា​ការ​ទទួលទាន​ទឹក​មិនបាន​គ្រប់គ្រាន់​អាច​បង្ខំ​រាងកាយ​ឱ្យ​បញ្ចេញ​ជាតិ​ទឹក​ពី​កោសិកា​ជា​លទ្ធផល​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​នឹង​លេចឡើង​។​
 
៣. ទឹកនោម​មាន​ភាពប្រែប្រួល​
 
​ការទទួល​ទាន​អំបិល​ច្រើន​អាច​បណ្ដាលឱ្យ​តម្រងនោម​ធ្វើការ​លើស​កម្រិត​ដើម្បី​កម្ចាត់​វា​ចេញពី​រាងកាយ​។ ជា​លទ្ធផល​នៃ​បញ្ហា​ជំងឺ​តម្រងនោម​ដែល​ធ្វើឱ្យ​នោម​ញឹក ហើយ​ទឹកនោម​មាន​សភាព​ថ្លា ឬ​គ្មាន​ពណ៌​តែម្ដង​។ ការទទួល​ទាន​ជាតិ​សូ​ដ្យូ​ម​ច្រើនពេក​ក្នុង​រាងកាយ​ក៏​អាចជា​លទ្ធផល​នៃ​ការបាត់បង់​ជាតិ​ទឹក​ដែលជា​ញឹកញយ​បង្ក​ជា​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ផងដែរ​។ ទឹកនោម​មាន​លក្ខណៈ​ខាប់​និង​ពណ៌​លឿង​ខ្លាំង​ជា​សញ្ញា​នៃ​ការបាត់បង់​ជាតិ​ទឹក​ក្នុង​រាងកាយ​។​
 
៤. ឈឺ​ឆ្អឹង​
 
​ការទទួល​ទាន​អំបិល​អាចជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​គ្រោងឆ្អឹង​។ នៅពេល​អ្នក​ទទួលទាន​អំបិល​ច្រើនពេក​នោះ​តម្រងនោម​មិនអាច​កម្ចាត់​វា​ចេញ​បាន​ទាំងស្រុង​ឡើយ​ដែល​បង្កើន​ការបាត់បង់​នូវ​ជាតិ​កាល់ស្យូម​គួរឱ្យកត់សម្គាល់​ដូចគ្នា​។ កង្វះ​ជាតិ​កាល់ស្យូម​រ៉ាំរ៉ៃ​អាំ​ច​ជា​លទ្ធផល​នៃ​បញ្ហា​ខ្សោយ​ឆ្អឹង បញ្ហា​ពាក់ព័ន្ធ​ជាមួយ​ធ្មេញ និង​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​។​
 
៥. រមួល​សាច់ដុំ​
 
​ការរក្សា​ឱ្យបាន​នូវ​តុល្យភាព​នៃ​ជាតិ​សូ​ដ្យូ​ម​និង​បូ​តា​ស្យូ​ម គឺ​ចាំបាច់​ណាំ​ស់​សម្រាប់​សុខភាព​ខណៈដែល​សមាស​ធាតុ​ទាំងពីរ​នេះ​ទទួលទាន​ខុសត្រូវ​ចំពោះ​ការ​កន្ត្រាក់​នៃ​សាច់ដុំ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​ប្រៃ ឬ​ប្រើប្រាស់​អំបិល​ច្រើនពេក​ក្នុង​របប​អាហារ​ហានិភ័យ​នៃ​បញ្ហា​រមួល​សាច់ដុំ ឬ​ការឡើង​តឹង​ឈឺចាប់​ក្នុង​សាច់ដុំ​ប្រាកដជា​លេចឡើង​។​
 
៦. ឈឺក្បាល​ជាប្រចាំ​
 
​ការទទួល​ទាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​លើស​អាច​បណ្ដាលឱ្យ​ស​សៃ​ឈាម​រីក​ធំ ហើយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​លទ្ធផល​នៃ​អា​ការៈឈឺ​ក្បាល​ខ្លាំង ឬ​ឈឺក្បាល​សឹងតែ​ជាប្រចាំ​តែម្ដង​។​
 
៧. បញ្ហា​ពាក់ព័ន្ធ​នឹង​ការចងចាំ​
 
​ការ​លើស​សម្ពាធ​ឈាម​ដែល​បណ្ដាលមកពី​ការទទួល​អំបិល​ច្រើន​អាច​បំផ្លាញ​ស​សៃ​ឈាម​ទៅកាន់​ខួរក្បាល​ជះឥទ្ធិពល​លើ​សមត្ថភាព​នៃ​ការគិត​បាន​រហ័ស​ច្បាស់​និង​ពិបាក​ក្នុងការ​ចងចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com