បញ្ហាថ្នក់ខ្មៅក្រោមភ្នែកជាបញ្ហាសម្រស់ទូទៅបំផុតមួយដែលនារីភាគច្រើនតែងជួបប្រទះ។ ស្នាមដក់ខ្មៅក្រោមភ្នែកអាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើនរួមបញ្ចូលទាំង ការគេងមិនគ្រប់ ភាពហត់នឿយ ការទទួលទានកាហ្វេអ៊ីន ភាពតានតឹងក្នុងអារម្មណ៍ឬស្ត្រេស និងបញ្ហាផ្លូវដង្ហើម។ ទោះជាយ៉ាងណាបញ្ហានេះមិនពិបាកនឹងដោះស្រាយឡើយ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្នាមដក់ខ្មៅក្រោមភ្នែកយ៉ាងឆាប់រហ័ស ៖
១. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាក្រោមភ្នែកជាមួយប្រេងដូងរាល់យប់ជាការស្រេច។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
២. កន្សែងត្រជាក់
ដាក់កូនកន្សែងសើមក្នុងទូរទឹកកកមួយយប់។ នៅពេលអ្នកក្រោកឡើងនៅពេលព្រឹក ចូរស្អំភ្នែកនឹងកន្សែងត្រជាក់សម្រាប់រយៈពេល ៥ នាទី ឬច្រើនជាងនេះ។ វិធីនេះអាចជួយកាត់បន្ថយការហើមក្នុងភ្នែកគួរអោយកត់សម្គាល់។
៣. កញ្ចប់តែតូចៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់កញ្ចប់តែតូចៗដែលឆុងហើយដាក់ក្នុងទូរទឹកកកសម្រាប់រយៈពេលកន្លះម៉ោង ឬច្រើនជាងនេះ។ បន្ទាប់មកយកកញ្ចប់តែមកស្អំលើភ្នែកសម្រាប់រយៈពេល ២០ នាទី សឹមយកចេញហើយលាងសម្អាតមុខរបស់អ្នកជាការស្រេច។
៤. ត្រសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ត្រសក់ជាបន្ទះៗ រួចដាក់បិតលើភ្នែកជាការស្រេច។
៥. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាក្រោមភ្នែកជាមួយជែលប្រទាលកន្ទុយក្រពើ។
៦. គេងអោយបានគ្រប់គ្រាន់
វិធីដ៏ងាយស្រួលបំផុតមួយទៀតដើម្បីបំបាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែកនោះ គឺការគេងអោយបានគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៨ ម៉ោងក្នុងមួយយប់។
៧. កាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីននិងគ្រឿងស្រវឹង
ក្រៅពីការជក់បារីហើយនោះ ការទទួលទានជាតិកាហ្វេអ៊ីននិងគ្រឿងស្រវឹងក៏បង្កបញ្ហាស្នាមដក់ខ្មៅក្រោមភ្នែកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរកាត់បន្ថយការទទួលទានអាហារភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីននិងជាតិអាល់កុល។
៨. ប្រើប្រាស់ផលិតផលផ្ដល់សំណើម
ប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកលាបម៉ាស្សាជុំវិញភ្នែករាល់យប់។
៩. ចៀសវាងអាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ដែលអាចបណ្ដាលឱ្យភ្នែកហើម។
១០. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
កង្វះជាតិទឹកក្នុងរាងកាយអាចបណ្ដាលឱ្យស្នាមថ្នក់ខ្មៅក្រោមភ្នែកលេចឡើង ព្រមជាមួយភាពជ្រីវជ្រួញផងដែរ។
សម្គាល់! ប្រសិនបើគន្លឹះនិងរូបមន្តបែបធម្មជាតិមួយចំនួនខាងលើគ្មានប្រសិទ្ធភាពសោះចំពោះបញ្ហាស្នាមថ្នក់ខ្មៅក្រោមភ្នែករបស់អ្នក ចូរសាកល្បងពិគ្រោះជាមួយគ្រូពេទ្យ។ ករណីខ្លះបញ្ហាស្នាមថក់ខ្មៅក្រោមភ្នែករបស់អ្នកអាចជាអាការៈមួយនៃបញ្ហាជំងឺផ្លូវដង្ហើម ឬជំងឺពាក់ព័ន្ធនឹងអ័រម៉ូន៕