កីឡាអន្តរជាតិ
អន្តរជាតិ
PSG ទំនង​មានតែ​កីឡាករ​១១​នាក់​ប៉ុណ្ណោះ ដើម្បី​តតាំង​នឹង Nimes សប្តាហ៍​នេះ​
16, Oct 2020 , 12:00 pm        
រូបភាព
​លោក Thomas Tuchel កំពុង​ព្រួយបារម្ភ​ពី​សមាសភាព​កីឡាករ​របស់ Paris Saint-Germain ដែល​គិត​ត្រឹម​ថ្ងៃទី​១៦ តុលា​នេះ​មានតែ​១១​នាក់​ប៉ុណ្ណោះ​ចំណោម​២៦​នាក់ ដែល​អាច​ចូលរួម​ការប្រកួត​ទល់​នឹង Nimes ក្នុង​ក្របខណ្ឌ Ligue 1 នៅ​រាត្រី​នេះ​។ ១៥​នាក់​ទៀត ខ្លះ​មាន​បញ្ហា​របួស ជាប់​ពិន័យ និង​កំពុង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។​


 
​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​បារាំង កំពុងតែ​ស្វែងរក​ការ​ឈ្នះ​ជា​លើក​ទី​៥​ជាប់ៗ​គ្នា​ក្នុង​រដូវ​កាល​នេះ បន្ទាប់ពី​បរាជ័យ​២​លើក​នៅ​ជំនួប​ដំបូង​ដោយសារ​ខ្វះ​កីឡាករ​ព្រោះ​ឆ្លង COVID-19​។ PSG និង​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប Nimes នៅ​រាត្រី​ថ្ងៃទី​១៦ តុលា​នេះ សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៧​។ 

 

​ស្របពេល​គ្នា​នេះ​លោក Tuchel អ្នកចាត់ការ​ទូទៅ​ក្រុម​យក្ស​បារាំង​បានបង្ហាញ​ពី​ក្តីបារម្ភ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត​ថា កីឡាករ​របស់លោក​មួ​យ​ចំនួន​មិនទាន់​ប្រាកដថា​អាច​ចូលរួម​ជួយ​ក្រុម​បាន​នៅឡើយ​ទេ​។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ បញ្ជាក់ថា បច្ចុប្បន្ន PSG មាន​កីឡាករ​ត​ឈ​១១​នាក់​ប៉ុណ្ណោះ​ដែល​ប្រាកដថា​លេង​បាន​។​
 
Marquinhos, Marco Verratti, Julian Draxler, Thilo Kehrer, Juan Bernat និង Mauro Icardi បាន​រងរបួស ឯ Angel Di Maria និង Layvin Kurzawa ជាប់​ពិន័យ ខណៈ Ander Herrera កំពុង​ឆ្លង COVID-19​។ ទន្ទឹមនេះដែរ កីឡាករ​ចំណូល​ថ្មី​ដូចជា Danilo Pereira និង Colin Dagba ត្រូវ​ទទួល​ការធ្វើ​តេស្ត ហើយ​មាន​ភាគរយ​ខ្ពស់​ដែល​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះ​។​
 
​ក៏មាន​ការសាកសួរ​ផងដែរ​អំពី Neymar និង Kylian Mbappe បន្ទាប់ពី​កីឡាករ​ឆ្នើម​របស់​ក្រុម​ទាំងពីរ​នេះ​ត្រឡប់​ពី​ការប្រកួត​អន្តរជាតិ​។ Tuchel បាន​ប្រាប់​ពី​ក្តីបារម្ភ​ផងដែរ​ពី​ស្ថានភាព​កីឡាករ​ទាំងពីរ ជាពិសេស​នៅពេល PSG ត្រូវ​តតាំង​ជាមួយ Manchester United វគ្គ​សន្សំ​ពិន្ទុ Champions League មកលេង​នៅ Champions League សប្តាហ៍​ក្រោយ​។​
 
 «Draxler, Verratti និង Marquinhos នឹងមិន​បាន​លេង​ទល់ Nimes ទេ ហើយ​ពួកគេ​ក៏​មិនទាន់​ប្រាកដថា​អាច​លេង​ទល់ Man Utd ក្នុង​ក្របខណ្ឌ​អឺរ៉ុប​ដែ​។ Herrera ឆ្លង COVID-19​។ Danilo មាន​ទំនាក់ទំនង​ជាមួយ Cristiano Ronaldo ដែល​ឆ្លង COVID-19 ដូច្នេះ​រូបគេ​មិនអាច​ចូលរួម​ជាមួយ​យើង​បានទេ​»​។ នេះ​ជាការ​អះអាង​របស់លោក Tuchel៕

Tag:
 Paris Saint-Germain
  Thomas Tuchel
  Ligue 1
© រក្សាសិទ្ធិដោយ thmeythmey.com