ជាតិ
សង្គមជាតិ
ទឹកជំនន់៖ ក្រពើមួយក្បាលដែលរួចចេញពីអាងនៅព្រែកកំពឹស បានរកឃើញវិញហើយ
× ភ្នំពេញ៖ ក្រពើទម្ងន់ជាង៣០គីឡូក្រាមមួយក្បាល ដែលបានរួចចេញពីអាងនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ នាអំឡុងពេលទឹកជំនន់ខ្លាំង កាលថ្ងៃទី១៤ តុលា ត្រូវបានរកឃើញវិញហើយ។ នេះជាការអះអាងរបស់លោក កាំង សារិន ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើក្នុងសង្កាត់ព្រែកកំពឹស ។
លោក កាំង សារិន បានបញ្ជាក់ថា សត្វក្រពើនោះ ដ្បិតតែរួចចេញពីអាងក៏ពិតមែន ប៉ុន្ដែវាមិនបានទីណាឆ្ងាយឡើយ។ ពោលក្រពើនោះគឺស្ថិតនៅក្នុងបរិវេណសំណាញ់ការពារខាងក្រៅអាងក្នុងកសិដ្ឋានដដែលទេ។
បើតាមលោកកាំង សារិន អាងចិញ្ចឹមនេះគឺហ៊ុំព័ទ្ធដោយសំណាញ់ជុំវិញដែលមានកម្ពស់រហូតទៅ៣,៥ម៉ែត្រ ដើម្បីបង្ការក្រពើទាំងនោះរួចចេញពីអាង ដោយជាយថាហេតុ។ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរូបនេះបានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី១៦តុលា ថា មូលហេតុដែលបណ្តាលឱ្យក្រពើមួយក្បាលនោះរួចចេញពីអាង គឺដោយសារតែទឹកជំនន់ដែលមានប្រភពមកពីស្ទឹងព្រែកត្នោតនោះ មានទំហំធំឬកម្រិតខ្ពស់ជាងរាល់ឆ្នាំ ដែលហូរចាក់លិចភូមិសង្កាត់ ខណ្ឌដង្កោ ជាពិសេសស្ទឹងព្រែកកំពឹស។
«អាងក្រពើនេះ កន្លងមកក៏ធ្លាប់លិចដោយទឹកជំនន់ដែរ។ ប៉ុន្ដែ ការជន់លិចខ្លាំងបែបនេះដែលធ្វើឱ្យក្រពើមួយក្បាលនេះ រួចចេញពីអាង គឺជាលើកទី១ហើយ។ ប្រសិនបើស្ថានភាពទឹកជំនន់ ក្នុងសង្កាត់នេះ[សង្កាត់ព្រែកកំពឹស] នៅតែបន្តឡើងខ្ពស់ ខ្ញុំនឹងធ្វើសំណាញ់ហ៊ុំព័ទ្ធអាងក្រពើនេះឱ្យបានកម្ពស់១ម៉ែត្រ ឬលើសពីនេះទៀត។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋយើងកុំមានការព្រួយអី»។ នេះជាការលើកឡើងរបស់ លោកកាំង សារិន។
បើតាមលោក សារិន បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមក្រពើក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះ មានក្រពើជាង១,០០០ក្បាល៕
Tag:
ទឹកជំនន់
ព្រែកកំពឹស
© រក្សាសិទ្ធិដោយ thmeythmey.com