ជាតិ
សង្គមជាតិ
ទឹកជំនន់៖ លោក កឹម សុខា បរិច្ចាគ៥ពាន់ដុល្លារ, សម្តេច ហ៊ុន សែន ផ្ញើលិខិតអរគុណ
16, Oct 2020 , 1:45 pm        
រូបភាព
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ ចុះជួយប្រជាជន ដែលជួបគ្រោះទឹកជំនន់ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ (រូបបីលោក អ៊ុំ រាត្រី)។ រូបរង្វង់មូលឆ្វេងដៃ គឺលោក កឹម សុខា យកអំណោយជូនប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុករុក្ខគិរី​ ខេត្តបាត់ដំបង​ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។ រូបរង្វង់មូលស្តាំដៃ គឺសម្តេច ហ៊ុន សែន ថ្លែងសារ ពេលចុះពិនិត្យមើលផ្ទាល់និងសួរសុខទុក្ខប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

ដោយ: ថ្មីៗ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបរិច្ចាគថវិកា៥ពាន់ដុល្លារ ជូនទៅរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីរួមចំណែកក្នុងការជួយប្រជាជន ដែលរងគ្រោះដោយទឹកជំនន់។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតជូនលោក កឹម សុខា ក្នុងថ្ងៃនេះតែម្តង ដើម្បីថ្លែងអំណរគុណ។

តាមរយៈលិខិតរបស់ខ្លួន សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់លោក កឹម សុខា ថា៖«ខ្ញុំ តែងតែមានមោទនភាពយ៉ាងជ្រាលជ្រៅដោយសារគុណធម៌ដ៏ថ្លៃថ្លារបស់ជនរួមជាតិយើង ដែលជានិច្ចកាល តែងតែបង្ហាញនូវសប្បុរសធម៌និងសាមគ្គីធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន»។

ប្រមុខរដ្ឋាភិបាល សរសេរបន្តថា៖«ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះជំនួយជាថវិកា៥ពាន់ដុល្លារ ដែលឯកឧត្តម និង លោកជំទាវ បានផ្តល់ជាកិច្ចជួយសម្រាលដល់ការដោះស្រាយផលវិបាក ដោយសារទឹកជំនន់ ដែលកើតចេញមកពីគ្រោះធម្មជាតិក្នុងពេលបច្ចុប្បន្ន»។

ឃ្លាចុងក្រោយក្នុងលិខិត ប្រមុខរដ្ឋាភិបាល ជូនពរលោក កឹម សុខា និង ភរិយា ឲ្យទទួលបានពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ។

លោក កឹម សុខា ក៏បានបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុកដែរ ពីការបរិច្ចាគថវិកា៥ពាន់ដុល្លារ។ ជាមួយគ្នានេះ លោក អរគុណប្រជាជនខ្មែរទាំងក្នុងស្រុកនិងក្រៅប្រទេស ដែលមានចិត្តសប្បុរសធម៌ ចូលរួមជាថវិកា និង សម្ភារផ្សេងៗ តាមរយៈលោក ដើម្បីយកទៅចែកជូនប្រជាជនរងគ្រោះដោយទឹកជំនន់។

ប្រធានអតីតគណបក្សប្រឆាំង ដែលមិនអាចធ្វើសកម្មភាពនយោបាយរូបនេះ សរសេរថា៖«យើង ខិតខំរួមគ្នា ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរយើង ដោយគ្មានការរើសអើង មិនគិតពីនិន្នាការនយោបាយ»។

បន្ថែមពីនេះ លោក បានអំពាវនាវជាថ្មី ឲ្យប្រជាជនប្រុងប្រយត្ន័ខ្ពស់ ចំពោះគ្រោះមហន្តរាយដោយទឹកជំនន់។ លោក បួងសួងថា៖«សូមជូនពរឲ្យខ្មែរបានសុខ ចាកផុតទុក្ខ»។

ប្រមុខរដ្ឋាភិបាល ប្រកាសថា មកដល់ពេលនេះ ថវិកា ដែលទទួលបានពីសប្បុរសជននានា សម្រាប់យកទៅជួយប្រជាជនរងគ្រោះដោយទឹកជំនន់ មានជាង៦លានដុល្លារហើយ ហើយទើបតែបានចំណាយអស់ប្រមាណ៨០ម៉ឺនដុល្លារប៉ុណ្ណោះ៕

Tag:
 គ្រោះទឹកជំនន់
  កឹម សុខា
  ហ៊ុន សែន
  បរិច្ចាគថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com