សង្គមអន្តរជាតិ​
អន្តរជាតិ
នាវាចម្បាំង​អាមេរិក​បើក​ច្រក​សមុទ្រ​តៃវ៉ាន់​ជាថ្មី​, ចិន​ថា ជា​សកម្មភាព​ញុះញង់​
16, Oct 2020 , 2:11 pm        
រូបភាព
នាវាពិឃាតបំពាក់មីស៊ីលប្រដេញ USS Barry បើកនៅក្នុងច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០២០។ រូបភាព៖​U.S. NAVY
នាវាពិឃាតបំពាក់មីស៊ីលប្រដេញ USS Barry បើកនៅក្នុងច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០២០។ រូបភាព៖​U.S. NAVY
យោធា​ចិន នៅ​ថ្ងៃទី​១៥ ខែតុលា បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស នាវាចម្បាំង​អាមេរិក​មួយគ្រឿង ដែល​បាន​បើក​ឆ្លងកាត់​ច្រក​ស​មុ​ត្រ​តៃវ៉ាន់​។ សកម្មភាព​របស់​អាមេរិក​បែបនេះ ត្រូវបាន​យោធា​ចិន​ចាត់ទុកថា ជា​សកម្មភាព​ញុះញង់ និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​។

 
​នាវា​ពិឃាត​បំពាក់​មី​ស៊ី​ល​ប្រដេញ USS Barry បាន​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ថ្ងៃទី​១៤ ខែតុលា ដោយ​អាមេរិក​ចាត់ទុកថា​ការឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់​តាម​ទម្លាប់​។ អ្នកនាំពាក្យ​កង​នាវា​ទី​៧​របស់​កងទ័ពជើងទឹក​អាមេរិក លោកស្រី Reann Mommsen បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការបើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ ផ្អែកលើ​សេរីភាព​នៃ​នាវាចរណ៍ និង​ផ្អែក​តាមច្បាប់​សមុទ្រ​អន្តរជាតិ​។ 
 
​ការបើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​របស់​អាមេរិក​បែបនេះ មិន​ធ្វើ​ឲ្យ​ចិន​សប្បាយចិត្ត​ឡើយ ហើយ​ចេញ​សេចក្តីថ្លែងការណ៍​ឲ្យ​បញ្ឈប់​សកម្មភាព​ថែមទៀត​។ អ្នកនាំពាក្យ​ទីបញ្ជាការដ្ឋាន​ភូមិភាគ​ខាងកើត​របស់​កងទ័ព​ចិន លោក Zhang Chunhui បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​អាមេរិក តែងតែ​បញ្ជូន​សញ្ញា​ខុស​ទៅ​កងកម្លាំង​ឯករាជ្យ​តៃវ៉ាន់​»​។ ក្នុងន័យនេះ យោធា​ចិន បានចាត់ទុក​កង​នាវា​ជើង​ទឹក​អាមេរិក​ថា ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ 
 
​ទាក់ទិន​នឹង​បញ្ហា​ខាងលើ អ្នកនាំពាក្យ​ទីបញ្ជាការដ្ឋាន​ភូមិភាគ​ខាងកើត​ចិន​រូបនេះ បានទាមទារ​អាមេរិក បញ្ឈប់​សកម្មភាព​បង្ក​ការ​ញុះញង់ និង​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យោធា​ចិន បាន​ប្តេជ្ញា​ការពារ​ទឹកដី​របស់ខ្លួន រួមទាំង​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ថែមទៀត​។ 
 
​សម្រាប់​ចិន តៃវ៉ាន់ គឺជា​ខេត្ត​មួយ​របស់ខ្លួន ស្របពេល​តៃវ៉ាន់​ចាត់ទុក​ខ្លួនឯង​ថា គឺជា​រដ្ឋ​ឯករាជ្យ​ពី​ចិន​។ ចិន​តែងតែ​ព្រមាន​ម្តង​ហើយ​ម្តង​ទៀតថា អាច​នឹង​ប្រើប្រាស់​កម្លាំងយោធា ក្នុងការ​វាយ​សង្គ្រប់​តៃវ៉ាន់​ថែមទៀត ប្រសិនបើ​ចាំបាច់​។ 
 
​សូមបញ្ជាក់ថា មួយរយៈ​ចុងក្រោយ​នេះ អាមេរិក បាន​ខិត​ទៅជិត​តៃវ៉ាន់​យ៉ាងខ្លាំង​។ កន្លងមក​អាមេរិក បាន​បញ្ជូន​មន្ត្រីជាន់ខ្ពស់​ទៅ​តៃវ៉ាន់​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ចិន​ចាត់ទុកថា ជា​សកម្មភាព​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន បើទោះបីជា​អាមេរិក បានទទួល​ស្គាល់​គោលការណ៍ «​ចិន​តែមួយ​» ក៏ដោយ​។ 
 
​នៅ​ថ្ងៃទី​៧ ខែតុលា​កន្លងទៅ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក​Robert O'Brien បាន​ព្រមាន​ចិន​ជាថ្មី​ថា អាមេរិក​មាន​ជម្រើស​មិន​ច្បាស់លាស់​ជាច្រើន ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​ចិន​លើ​តៃវ៉ាន់​៕ 

Tag:
 ​ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com