ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តកំពង់ធំ៖ ទឹកស្ទឹងនានា អាចឡើងដល់កម្រិតប្រកាសអាសន្ន, ពលរដ្ឋ ត្រូវប្រយ័ត្ន
16, Oct 2020 , 4:20 pm        
រូបភាព
ទិដ្ឋភាពស្ទឹងសែន ក្នុងខេត្តកំពង់ធំ (រូបពីរដ្ឋបាលខេត្តកំពង់ធំ)
ទិដ្ឋភាពស្ទឹងសែន ក្នុងខេត្តកំពង់ធំ (រូបពីរដ្ឋបាលខេត្តកំពង់ធំ)
រដ្ឋបាលខេត្តកំពង់ធំ ជូនដំណឹងថា កម្ពស់ទឹកនៅតាមស្ទឹងនិងស្ថានីយ៍វាស់កម្ពស់ទឹកនានា ក្នុងខេត្តកំពង់ធំ អាចហក់ឡើងដល់កម្រិតប្រកាសអាសន្ន។



រដ្ឋបាលខេត្តកំពង់ធំ ផ្តល់ព័ត៌មានថា នៅថ្ងៃទី១៦ ខែតុលានេះ កម្ពស់ទឹកនៅស្ទឹងស្ទោង ឡើងដល់៥,៧ម៉ែត្រ (៥,៨ម៉ែត្រ ជាកម្រិតប្រកាសអាន្ន) កម្ពស់ទឹកនៃស្ថានីយ៍វាស់កម្ពស់ទឹកស្រុកសណ្តាន់ ឡើងដល់១៨,១៦ម៉ែត្រ (១៨,៥០ម៉ែត្រ ជាកម្រិតប្រកាសអាសន្ន) ហើយកម្ពស់ទឹកនៃស្ថានីយ៍វាស់កម្ពស់ទឹកក្រុងស្ទឹងសែន ឡើងដល់១៣,០៥ម៉ែត្រ (១៣,៥០ម៉ែត្រ ជាកម្រិតប្រកាសអាសន្ន)។

តាមរយរយៈសេចក្តីជូនដំណឹងរបស់ខ្លួន រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាជនទូទៅ ជាពិសេសប្រជាជនរស់នៅតាមបណ្តោយស្ទឹងសែននិងស្ទឹងស្ទោង ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារនិងឯកសារសំខាន់ៗ ហើយស្វែងរកទីទួលមានសុវត្ថិភាពនៅក្បែរបំផុត។

ទន្ទឹមនេះ រដ្ឋបាលខេត្ត បានណែនាំប្រជាជន ឲ្យរាយការណ៍ទៅអាជ្ញាធរជាបន្ទាន់ បើមានគ្រោះថ្នាក់ណាមួយកើតឡើង។ បន្ថែមពីនេះ រដ្ឋបាលខេត្ត ប្រាប់អាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តតាមដានស្ថានភាពទឹកជំនន់នេះ និងរៀបចំទីទួលសុវត្ថិភាពសមរម្យ និងត្រៀមឧបករណ៍ចាំបាច់ សម្រាប់សង្គ្រោះប្រជាជនរងគ្រោះ។

ម្យ៉ាងទៀត ដោយសារតែជំនន់ទឹកភ្លៀង កំពុងជន់លិចខ្លាំង រដ្ឋបាលខេត្តកំពង់ធំ សម្រេចផ្អាកជាបណ្តោះអាសន្ន មិនឲ្យរថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ធ្វើចរាចរណ៍លើកំណត់ផ្លូវខេត្តលេខ២៦៤បេ លេខផ្លូវលេខ២៧១៨ ផ្លូវលេខ២៦២០ ផ្លូវលេខ២៦៤ដេ ផ្លូវលេខ២៦៤ដេ១ និង ផ្លូវជាតិលេខ៥០សេ។

រដ្ឋបាលខេត្តកំពង់ធំ បញ្ជាក់មូលហេតុថា ទឹកស្ទឹងនិងទឹកនៅស្ថានីយ៍វាស់កម្ពស់ទឹកនានា ក្នុងខេត្តកំពង់ធំ អាចហក់ឡើងដល់កម្រិតប្រកាសអាសន្ន គឺដោយសារតែកម្ពុជា ទទួលរងឥទ្ធិពលព្យុះទី១៧ ឈ្មោះសូឌែល (Saudel) ដូចដែលក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹង។

បើតាមក្រសួងធនធានទឹក ព្យុះសូឌែល ធ្វើដំណើរចូលទៅប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាម នៅថ្ងៃទី១៧ ខែតុលា ហើយនឹងថមថយឥទ្ធិពលទៅជាវិសម្ពាធនិងសម្ពាធទាប នៅពេលចូលមកដល់កម្ពុជា។ ជាមួយគ្នានេះ ប្រព័ន្ធសម្ពាធទាប កំពុងបន្តអូសបន្លាយពីលើកម្ពុជា។

ក្រសួងធនធានទឹក ព្យាករថា ដោយជួយលក្ខណៈអាកាសធាតុបែបនេះ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ នៅតាមតំបន់និងបណ្តារាជធានី-ខេត្តនានា។

បណ្តារាជធានី-ខេត្តនៅតំបន់វាលទំនាប រួមមាន ភ្នំពេញ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពងស្ពឺ និង កណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់ជាបន្ត។

បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពស់រាបភាគឦសាន និង ខេត្តជាប់ព្រំដែនវៀតណាម រួមមាន ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង កំពង់ចាម នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន។

តំបន់មាត់សមុត្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ហើយនៅលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ក្នុងសេចក្តីជូនដំណឹង ចេញនៅថ្ងៃទី១៥ ខែតុលា ក្រសួងធនធានទឹក បានអំពាវនាវឲ្យប្រជាពលរដ្ឋ រស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ ជួរភ្នំ រួមទាំងអ្នកនេសាទ និង អ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕

Tag:
 គ្រោះទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com