ជាតិ
សង្គមជាតិ
អ្នកស្លាប់កើនឡើងដល់១៨នាក់ ខណៈពលរដ្ឋជាង២១ម៉ឺននាក់ រងគ្រោះដោយសារទឹកជំនន់ រូបពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
× គិតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មានពលរដ្ឋ១៨នាក់ (ក្មេង៨នាក់) បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះទឹកជំនន់ និងពលរដ្ឋជាង២៥ម៉ឺននាក់ទៀត រងការប៉ះពាល់។ ក្នុងចំណោមពលរដ្ឋជាង២១ម៉ឺននាក់ ក្នុងនោះមាន២ម៉ឺន៥ពាន់នាក់ ត្រូវបានជម្លៀសទៅកន្លែងមានសុវត្ថិភាព។
លោក ឃុន សុខា អ្នកនាំពាក្យគណៈគម្មាធិការជាតិគ្រប់គ្រងគ្រោះទឹកជំនន់ បានបញ្ជាក់ថា អ្នកស្លាប់ទាំង១៨នាក់ គឺ ៧នាក់ នៅខេត្តបន្ទាយមានជ័យ ,២នាក់ នៅខេត្តព្រះសីហនុ ,៣នាក់នៅខេត្តពោធិ៍សាត់ ,១នាក់ នៅខេត្តប៉ៃលិន ,១នាក់នៅខេត្តកំពង់ធំ និង ៤នាក់នៅខេត្តកណ្តាល។
បើតាមលោក ឃុន សុខា ផ្ទះជាង៥ម៉ឺនខ្នង រងការប៉ះពាល់ ហើយក្នុងចំណោមនោះ មាន៥០ខ្នង ត្រូវខូចខាត ខណៈសាលារៀន មាន៤៣៩កន្លែង ដែលលិចទឹក។ ចំពោះ ស្រូវវិញ មានជិត១៤ម៉ឺនហិកតា ត្រូវលិចទឹក រួមទាំងដំណាំផ្សេងៗទៀត មានជាង៦,៧ម៉ឺនហិកតា ក៏ត្រូវលិចទឹកដែរ។
ដោយឡែក ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម បូកបញ្ចូលគ្នាមានប្រវែងជាង២៨៤គីឡូម៉ែត្រ និងផ្លូវលំនានាតាមជនបទ មានប្រវែងជាង១,៤ពាន់គីឡូម៉ែត្រ រួមទាំងស្ពានជិត៣០កន្លែង បានប៉ះពាល់និងរងការជន់លិចដោយជំនន់ទឹកភ្លៀង។ នេះបើតាមការបញ្ជាក់ពីលោក ឃុន សុខា។
រាជធានី-ខេត្ត ដែលរងការប៉ះពាលដោយទឹកជំនន់ មាន១៩ គឺភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង កំពង់ធំ៕
© រក្សាសិទ្ធិដោយ thmeythmey.com