សង្គមអន្តរជាតិ
អន្តរជាតិ
ចិន ខឹងច្រឡោតនឹងអាមេរិកដែលតែងតាំងមន្ត្រីសម្របសម្រួលកិច្ចការទីបេ តំបន់ទីបេ។ រូបភាព៖ AFP
× ចិន នៅថ្ងៃទី១៥ តុលា បានចោទអាមេរិកថា ព្យាយាមបង្ករអស្ថិរភាពនៅក្នុងតំបន់ទីបេ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ក្រោយពេលរដ្ឋបាលអាមេរិក តែងតាំងមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់ ជាអ្នកសម្របសម្រួលកិច្ចការទីបេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកម៉ៃ ប៉ុមប៉េអូ នាថ្ងៃទី១៤ តុលា បានតែងតាំងលោក Robert Destro ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ ឲ្យទទួលការងារបន្ថែមលើសំណុំរឿងសិទ្ធិមនុស្សនៅតំបន់ទីបេរបស់ចិន។ តំណែងជាអ្នកសម្របសម្រួលសំណុំរឿងទីបេ នេះត្រូវបានរដ្ឋបាលអាមេរិក ទុកឲ្យទំនេរតាំងតែពីដើមឆ្នាំ២០១៧ ។
ចិន មិនពេញចិត្តទាល់តែសោះតំណែងអ្នកសម្របសម្រួលនេះ។ តាំងតែពីដើមឡើយ ចិនបានច្រានចោលយ៉ាងដាច់អហង្ការ ក្នុងការធ្វើការជាមួយមន្ត្រីអាមេរិកសម្របសម្រួលកិច្ចការទីបេនេះ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ ខែតុលា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា៖« កិច្ចការទីបេ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន និងមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីបរទេសឡើយ»។
លោកបន្ថែមថា ការបង្កើតតំណែងមន្ត្រីសម្របសម្រួលកិច្ចការទីបេដោយអាមេរិក ជាការធ្វើចំណេញនយោបាយដើម្បីអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងបង្ករអស្ថិរភាពក្នុងតំបន់ទីបេ។ លោកសង្កត់ធ្ងន់ថា ចិនប្រឆាំងដាច់ខាតទង្វើខាងលើ។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន លោក ប៉ុមប៉េអូ បានលើកឡើងថា លោក Destro នឹងដឹកនាំកិច្ចការរបស់អាមេរិកក្នុងការលើកកម្ពស់ការសន្ទនារវាងសាធារណរដ្ឋប្រជាមានិតចិន និងសម្តេចសង្ឃដាឡៃ ឡាម៉ា ឬអ្នកតំណាង សាសនា ភាសា និងវប្បធម៌ទីបេ។ សេចក្តីថ្លែងការណ៍បន្តថា លោក Destro ក៏នឹងជំរុញឲ្យមានការគោរពសិទ្ធមនុស្សនៅទីបេផងដែរ។
តំបន់ទីបេ ត្រូវបានចិនកាន់កាប់ក្នុងឆ្នាំ១៩៥០ ដោយអះអាងថាជា ការរំដោះប្រជាជនទីបេពីរបបសក្តិភូមិដោយសន្តិវិធី។ លោក Zhao អះអាងថា ប្រជាជនតំបន់ទីបេ ជាផ្នែកមួយនៃគ្រួសារចិន និងចាប់តាំងតែពីការកាន់កាប់មក តំបន់នេះមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងប្រសើរ។ លោកបន្ថែមថា សេរីភាពសាសនា និងសិទ្ធិមនុស្សរបស់បុគ្គលគ្រប់រូបនៅតំបន់ទីបេត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន។
ទោះជាយ៉ាងណាក្តី អ្នករិះគន់ចិន ជាពិសេស សម្តេចសង្ឃដាឡៃ ឡាម៉ា លើកឡើងថា ការគ្រប់គ្រងតំបន់ទីបេដោយចិន បានបំផ្លាញវប្បធម៌តំបន់នេះ។ កាលពីខែកក្កដាកន្លងទៅ អាមេរិកធ្លាប់អះអាងថានឹងដាក់ទណ្ឌកម្មទិដ្ឋាការទៅលើមន្ត្រីចិនមួយចំនួន ដែលរួមចំណែកក្នុងការរំលោភសិទ្ធិមនុស្សក្នុងតំបន់ទីបេ ដោយបន្ថែមថាអាមេរិកគាំទ្រស្វ័យភាពពេញលេញសម្រាប់តំបន់ទីបេ៕
© រក្សាសិទ្ធិដោយ thmeythmey.com