សង្គមអន្តរជាតិ​
អន្តរជាតិ
លោក មហា​ធៀ ថា វិបត្តិ​នយោបាយ​អត់​ចប់​ឡើយ ទោះ​លោក អាន់​វ៉ា បានធ្វើ​នាយករដ្ឋមន្ត្រី​ក្ដី​
16, Oct 2020 , 9:29 pm        
រូបភាព
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ អំឡុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅការិយាល័យលោកនៅ គូឡាឡាពួ
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ អំឡុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅការិយាល័យលោកនៅ គូឡាឡាពួ
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​និយាយថា លោក​មិនសូវ​ជឿ​មេដឹកនាំ​បក្សប្រឆាំង អាន់​វ៉ា អ៊ីប្រាហ៊ីម មាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ក្នុង​សភា​ដើម្បី​ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី ហើយ​ទោះ​បើ​លោក​ឡើង​ដឹកនាំ​ប្រទេស​មែន​នោះ វិបត្តិ​នយោបាយ​ម៉ាឡេស៊ី​នៅតែ​បន្ត​ជាប់គាំង​ដដែល​។


​ស្ថានការណ៍​នយោបាយ​នៅ​ម៉ាឡេស៊ី នៅតែ​បន្ត​រង្គោះរង្គើ​ក្រោយ​រដ្ឋាភិបាល Pakatan Harapan ដួលរលំ​ទៅ​។ ក្នុង​ការវិវត្ត​ចុងក្រោយ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា លោក​មានការ​គាំទ្រ​ពី​សមាជិកសភា​ភាគច្រើន ដែល​គ្រប់គ្រាន់​ក្នុង​ការធ្វើជា​នាយករដ្ឋមន្ត្រី ប៉ុន្តែ​មកទល់ពេលនេះ លោក​នៅតែ​ជា​មេដឹកនាំ​ប្រឆាំង​នៅឡើយ​។ អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ជឿថា វិបត្តិ​នយោបាយ​នៅ​ម៉ាឡេស៊ី នឹងមិន​ចប់​ត្រឹម​លោក អាន់​វ៉ា ធ្វើ​នាយករដ្ឋមន្ត្រី​ឡើយ​។​អ​

​ពី​ការិយាល័យ​លោក ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​១៦ ខែតុលា លោក មហា​ធៀ គូសបញ្ជាក់ថា ទោះ​មាន​ថ្នាក់ដឹកនាំ​ថ្មី ម៉ាឡេស៊ី នឹង​បន្ត​ងាយ​រងគ្រោះ​ក្នុងការ​ផ្លាស់ប្តូរ​សម្ព័ន្ធ​ភាព​នយោបាយ ជាពិសេស ដោយ​អង្គការ​ជាតិ​ម៉ា​ឡេ​រួបរួម (UMNO) អតីត​បក្ស​កាន់អំណាច​ដែល​នឹង​បន្ត​អង្រួន​កៅអី​មេដឹកនាំ​ថ្មី​។​

«​ដូច្នេះ ស្ថានភាព​នេះ គឺ​មិន​ច្បាស់លាស់​ឡើយ​។ អតីត​នាយករដ្ឋមន្ត្រី​វ័យ​៩៥​ឆ្នាំ​រូបនេះ បញ្ជាក់​បែបនេះ ដោយ​ព្រមាន​ថា ម៉ាឡេស៊ី​អាច​ធ្លាក់ចូល​វិបត្តិ​ដែល​គ្មាន​រដ្ឋាភិបាល​ដឹកនាំ​។ 

​លោក មហា​ធៀ អះអាង​ទៀតថា លោក​មិន​គាំទ្រ​លោក អាន់​វ៉ា ឬក៏​នាយករដ្ឋមន្ត្រី Muhyiddin ឡើយ ។ អ្នកនយោបាយ​ចាស់វស្សា​ម៉ាឡេស៊ី​រូបនេះ និង​សមាជិកសភា​៥​នាក់​ផ្សេងទៀត​មកពី​ថ្មី​របស់លោក​មហា​ធៀ Pejuang បាន​បញ្ជូន​ផ្ញើលិខិត​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី Muhyiddin ទៅកាន់​សភា​នៅ​ថ្ងៃទី ១៦ ខែតុលា​នេះ​។​

​ពាក់ព័ន្ធ​នឹង​ការអះអាង​របស់លោក អាន់​វ៉ា ថា​មាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ក្នុង​សភា លោក មហា​ធៀ អះអាងថា នេះ​គឺជា​រឿង​ដែល​លោក អាន់​វ៉ា ចូលចិត្ត​និយាយ ហើយ​លោក អាន់​វ៉ា ធ្លាប់​និយាយ​បែបនេះ​៣​ដង​មកហើយ តែ​ចុងក្រោយ​លោក​គ្មាន​សំឡេងគាំទ្រ​អ្វី​សោះ​។ 

​លោក អាន់​វ៉ា កាលពី​ថ្ងៃទី​១៣ ខែតុលា បាន​ចូលគាល់​ស្ដេច​ម៉ាឡេស៊ី ក្នុង​គោលដៅ​បង្ហាញ​ទ្រង់​ថា​លោក​ពិតជា​មានការ​គាំទ្រ​សំឡេង​ភាគច្រើន​គ្រប់គ្រាន់​ក្នុង​សភា ដើម្បី​ឡើងកាន់​ជំនួស​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បច្ចុប្បន្ន Muhyiddin Yassin និង​បង្កើត​រដ្ឋាភិបាល​ថ្មី​។ ប៉ុន្តែ​ក្រោយ​ជំនួប​នេះ គេ​មិនទាន់​ឃើញ​មាន​លទ្ធផល​អ្វី​ឡើយ​។ 

​លោក Muhyiddin បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ខែមីនា ក្រោយ​ជាប់គាំង​នយោបាយ​មួយ​សប្តាហ៍​ពេញ នៅពេល​លោក មហា​ធៀ បានសម្រេច​លាលែង​ពី​តំណែង​។ កាលនោះ លោក មហា​ធៀ បានសម្រេច​ដើរចេញ​បែបនេះ ក្រោយ​លោក​មិន​ពេញ​ចិត្តនឹង​អ្នកនយោបាយ​ក្នុង​សម្ព័ន្ធភាព Pakatan Harapan ដែល​បាន​ប៉ុនប៉ង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ ជាមួយ UMNO ដែលជា​អតីត​បក្ស​កាន់អំណាច​ចាញ់ឆ្នោត​ឆ្នាំ​២០១៨ របស់លោក ណា​ជីប រ៉ា​ហ្សា​ក់​៕ 


Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  អាន់​វ៉ា អ៊ីប្រាហ៊ីម
© រក្សាសិទ្ធិដោយ thmeythmey.com