ជាតិ
សង្គមជាតិ
ក្រសួង ហាម​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​លើ​ការព្យាបាល​ជំងឺ​របស់​គ្រូ​បុរាណ​ម្នាក់ ដែល​គ្មាន​ការអនុញ្ញាត​ត្រឹមត្រូវ​
16, Oct 2020 , 10:59 pm        
រូបភាព
រូបភាពពីក្រសួងសុខាភិបាល​
រូបភាពពីក្រសួងសុខាភិបាល​
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ជឿ​លើ​ការព្យាបាល​ជំងឺ​សន្លាក់ ដោយ​ប្រើ​មធ្យោបាយ​ចាប់​សរសៃ​របស់​លោកគ្រូ​បុរាណ​ខ្មែរ​ម្នាក់ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Chea Sokheng  ។ ក្រសួង​អះអាងថា វិធីសាស្ត្រ​ព្យាបាល​នេះ គឺ​គ្មាន​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ត្រឹមត្រូវ ដោយ​ទទួលស្គាល់​ពី​ក្រសួង​ឡើយ​។

 
​ក្រសួង ចាត់ទុក​ការព្យាបាល​របស់លោក​គ្រូ​បុរាណ​រូបនេះ​ថា ជាការ​បោកប្រាស់​ប្រជាពលរដ្ឋ​។ «​ចំពោះ​វិធី​ព្យាបាល​ជំងឺ​មិន​ត្រឹមត្រូវ ភូតភរ កុហក បោកប្រាស់​របស់​គ្រូ​បុរាណ​Chea Sokheng នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chea Sokheng ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល គ្មាន​ជំនាញ​វិជ្ជាជីវៈ​វិទ្យាសាស្ត្រ​ត្រឹមត្រូវ មិន​គោរព​ច្បាប់​ស្តីពី​អ្នក​ប្រកប​វិ​ជ្ចា​ជីវៈ​សុខាភិបាល និង​មិន​គោរព​ក្រមសីលធម៌​គ្រូពេទ្យ ដែល​បាន​ពិនិត្យ​ហ្វីល និង​ព្យាបាល​អ្នកជំងឺ​ទាំង​ខ្លួន​មិនមាន​ជំនាញ​ពេទ្យ​ទាល់តែសោះ​»​។ នេះ​ជាការ​លើកឡើង​របស់​ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​១៤ តុលា​។ 
 
​ក្រសួងសុខាភិបាល បាន​ព្រមាន​ដល់​លោកគ្រូ Chea Sokheng ឲ្យ​បញ្ចប់​ការផ្សព្វផ្សាយ​ជាបន្ទាន់​។ ក្រសួង​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​ចាត់វិធានការ​យ៉ាង​តឹងរឹង និង​ម៉ឺង​មាត់​ចំពោះ​លោកគ្រូ​រូបនោះ​ទៅតាម​ផ្លូវច្បាប់​ជា​ធរមាន​។ 
 
​កន្លងមក​ក្រសួងសុខាភិបាល ក៏បាន​ចាត់វិធានការ​ដល់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Maha Share អំពី​ការព្យាបាល​ជំងឺឈាមសស៊ីឈាមក្រហម​ជាសះស្បើយ ដោយ​គ្រាន់តែ​ចាក់​ម្ជុល​លើ​ម្រាមដៃ ហើយ​ច្របាច់​យក​ឈាម​ចេញ រួមទាំង​ការផ្សព្វផ្សាយ​ពី​ការព្យាបាល​ជំងឺ​គ្រុន​ឈី​ក ដោយ​ប្រើ​ថ្នាំខ្មែរ រួមមាន ស្លឹកត្រចៀក​ជ្រូក ផ្លែ​ចេកណាំវ៉ា​ខ្ចី និង​ទឹក​ដូងខ្ចី របស់​គណនី Sen Sayan ផងដែរ​។ ក្រសួង អះអាងថា វា​ពុំមាន​វិធីសាស្ត្រ​ទាំងនោះ​អាច​ព្យាបាល​ជំងឺឈាមសស៊ីឈាមក្រហម និង​ជំងឺ​ឈី​ក​បានឡើយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com