ជាតិ
ខេត្តកំពង់ចាម និងកំពង់ស្ពឺ បន្តផ្អាកចរាចរណ៍នៅផ្លូវមួយចំនួនដោយសារទឹកជំនន់
× ដូចជាបណ្តាខេត្តជាច្រើនផងដែរ ចរាចរណ៍នៅផ្លូវមួយចំនួនក្នុងខេត្តកំពង់ចាម និងកំពង់ស្ពឺ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារទឹកជំនន់។
រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្ន ចាប់ពីចំណុចក្លោងទ្វារវត្តព្រះអង្គគុហាព្រែកសង្កែ ស្ថិតក្នុងឃុំព្រែកកក់ រហូតដល់ចំណុចជើងភ្នំព្រែកសង្កែ ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដោយសារមានការប្រេះស្រាំ និងបាក់ស្រុតដី ដែលត្រូវការជួសជុល។
បើតាមរដ្ឋបាលខេត្តកំពង់ចាម ការផ្អាកចរាចរណ៍បណ្តោះអាសន្ននេះ គឺដើម្បីបញ្ចៀសគ្រោះថ្នាក់យថាហេតុណាមួយ និងទប់ស្កាត់ការបាក់ស្រុតដីបន្ថែមទៀត ។ រដ្ឋបាលខេត្ត ក៏ប្រាប់ឱ្យពលរដ្ឋធ្វើចរាចរណ៍តាមកំណាត់ផ្លូវភ្នំព្រែកសង្កែវិញ។
គិតត្រឹមថ្ងៃទី ១៦ ខែតុលា ផ្ទះសម្បែងប្រជាពលរដ្ឋ ៥១ ១៣៣ខ្នង រងផលប៉ះពាល់។ ក្រៅពីនេះ ក៏មានសាលារៀន ៤៣៩កន្លែង, ស្ពាន ២៤កន្លែង ,ផ្លូវជាតិ-ខេត្តប្រមាណ ២៨៤គីឡូម៉ែត្រ, និងផ្លូវលំជនបទប្រមាណ ១, ៤៥៩គីឡូម៉ែត្រ។ ចំណែកមនុស្សស្លាប់១៨នាក់ ខណៈពលរដ្ឋជាង២១ម៉ឺននាក់ រងគ្រោះដោយសារទឹកជំនន់។ នេះបើតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
នៅខេត្តកំពង់ស្ពឺ ផ្លូវជាតិលេខ៤ លេខ៤១ និងផ្លូវខេត្តលេខ១៤១ ចាប់ពីផ្សារព្រៃផ្ដៅ ដល់ផ្លូវខេត្តលេខ១៣០ ត្រូវបិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងរហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា។
ក្រសួងសាធារណការ បានបញ្ជាក់ថា ការផ្អាកចរាចរណ៍បណ្ដោះអាសន្ននេះ ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បានជន់លិចយ៉ាងខ្លាំង បណ្ដាលឱ្យកំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ រងការខូចខាត ដែលបណ្ដាលឱ្យផ្លូវ ស្ពាន មិនអាចទ្រាំទ្រទម្ងន់រថយន្តដឹកទំនិញធុនធំបាន។ ដូចនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ត្រូវបិទការចរាចរណ៍ រថយន្តធុនធ្ងន់បើកលើផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវខេត្តលេខ១៤១ ចាប់ពីផ្សារព្រៃផ្ដៅ ដល់ផ្លូវខេត្តលេខ១៣០ ជាបណ្ដោះអាសន្ន។
សូមបញ្ជាក់ថា កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ នៅតាមតំបន់និងបណ្តារាជធានី-ខេត្តនានា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយសារឥទ្ធិពលព្យុះសូដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com