សង្គមជាតិ
អន្តរជាតិ
លោក ប្រា​យុទ្ធ ថា មិន​ចុះ​ចេញពី​តំណែង ទោះ​បាតុករ​បន្ត​ការទាមទារ​កាន់តែខ្លាំង​
16, Oct 2020 , 11:29 pm        
រូបភាព
លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ។ រូបភាព៖ AFP
លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ។ រូបភាព៖ AFP
ដោយ:
លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​១៦ តុលា​នេះ បាន​អះអាងថា លោក​នឹងមិន​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ឡើយ​។ ការលើកឡើង​របស់លោក​ប្រា​យុទ្ធ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​ឈានចូល​ថ្ងៃទី​៣ និង​ក្រោយពេល​គណៈរដ្ឋមន្ត្រី​ថៃ​អនុម័ត​ក្រឹត្យ​អាសន្ន​ដែល​ហាម​ការជួបជុំ​សាធារណៈ​លើសពី​៥​នាក់​។​

 
​ក្រឹត្យ​អាសន្ន ដែល​ហាមឃាត់​ការជួបជុំ​លើសពី​៥ នាក់ ត្រូវបាន​ប្រកាស​ក្រោយពេល​បាតុករ​រាប់ម៉ឺន​នាក់​ជួបជុំគ្នា នៅក្រៅ​អាគារ​រដ្ឋាភិបាល ទាមទារ​ឲ្យ​លោក​ប្រា​យុទ្ធ​ចុះ​ចេញពី​តំណែង កំណែទម្រង់​រដ្ឋធម្មនុញ្ញ និង​កាត់​បន្ថយអំណាច​ព្រះមហាក្សត្រ​។​
 
​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ក្រោយពេល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បន្ទាន់ នៅ​ព្រឹក​ថ្ងៃទី​១៦ តុលា លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នេះ​បាន​បញ្ជាក់ថា​លោក​មិន​ចុះ​ចេញពី​តំណែង​ឡើយ​។ ចំពោះ​ការអនុម័ត​ក្រឹត្យ​អាសន្ន​វិញ លោក​ប្រា​យុ​ទ្ទ​លើក​ហេតុផល​ថា​៖« រដ្ឋាភិបាល​ត្រូវតែ​ប្រើប្រាស់​ក្រឹត្យ​អាសន្ន​នេះ​។ យើង​ត្រូវតែ​ធ្វើបែបនេះ​ដោយសារតែ​ស្ថានការណ៍​ហិង្សា​»​។ លោក​បន្តថា ក្រឹត្យ​ខាងលើ​នឹងត្រូវ​ប្រើប្រាស់​រយៈពេល​៣០​ថ្ងៃ ឬ​តិចជាង​នេះ បើសិនជា​ស្ថានការណ៍​មាន​សភាព​ថមថយ​។​
 
​កិច្ចប្រជុំ​បន្ទាន់​របស់​គណៈរដ្ឋមន្ត្រី​ថៃ ធ្វើឡើង​ដើម្បី​ពិភាក្សា​ពី​ក្រឹត្យ​អាសន្ន​ដែល​ត្រូវ​បានប្រកាស​នៅ​ម៉ោង​៤​ព្រឹក ថ្ងៃទី​១៥ តុលា​។ កិច្ចប្រជុំ​នេះ អនុម័ត​យល់ព្រម​លើ​ក្រឹត្យ​អាសន្ន​ខាងលើ ដែលមាន​រយៈពេល​១​ខែ តាម​សំណើ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
​ហេតុផល​ក្នុង​ការចេញ​ក្រឹត្យ គឺ​ឧបទ្ទវហេតុ​ជាស​ម្តី និង​កាយវិការ​ទៅលើ​ក្បួន​ព្រះទីនាំង​មហេសី​ស្ដេច​ថៃ​។ ផល​លើ​ប៉ះពាល់​សេដ្ឋកិច្ច និង​សន្តិសុខ​ប្រទេស ក៏​ជា​មូលហេតុ​ដែរ​។​
 
​បន្ថែម​ពី​ស្ថានភាព​អាសន្ន លោក ប្រា​យុទ្ធ ក៏បាន​ព្រមាន​ផងដែរ​ថា រដ្ឋាភិបាល​ថៃ​អាច​នឹងដាក់​បម្រាម​គោចរ បើសិនជា​ស្ថានការណ៍​បាតុកម្ម​នៅតែ​បន្ត​។ ទោះជា​យ៉ាងណាក្តី លោកនាយក​រដ្ឋមន្ត្រី​ថៃ និយាយថា ស្ថានការណ៍​មិនទាន់​ដល់​កម្រិត​ត្រូវ​ប្រើប្រាស់​ច្បាប់អាជ្ញាសឹក​ឡើយ​។​
 
​បក្សប្រឆាំង Pheu Thai ថ្កោលទោស​ការប្រកាស​ក្រឹត្យ​អាសន្ន​របស់​រដ្ឋាភិបាល​។ បក្ស​ដែលមាន​អាសនៈ​ច្រើនជាងគេ ក្នុង​រដ្ឋសភា​ថៃ​បាន​លើកឡើងថា​៖«​បក្ស Pheu Thai អំពាវនាវ​ឲ្យ​ឧ​ត្ត​ម​សេនីយ​ប្រា​យុទ្ធ ចាន់​អូ​ចា និង​មន្ត្រី​រដ្ឋាភិបាល​លើក​ចេញ​នូវ​ក្រឹត្យ​អាសន្ន និង​បញ្ឈប់​ការ​គំរាម​ប្រជាជន​»​។ បក្ស​នេះ ក៏​ឲ្យ​រដ្ឋាភិបាល ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ជាបន្ទាន់​។​
 
​ចាប់​តាំងតែ​ពី​បាតុកម្ម​នៅ​ថ្ងៃទី​១៤ តុលា​មក ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​បាតុករ​ចំនួន​៤០ នាក់​។ ទោះ​ជាមាន​ក្រឹត្យ​អាសន្ន​បែបនេះ​ក្តី បាតុករ​ប្តេជ្ញា​ថា នឹង​បន្ត​បាតុកម្ម​ដដែល​។ ក្រុមបាតុករ​អះអាងថា នឹងធ្វើ​បាតុកម្ម​អាច​នឹង​អូសបន្លាយ​យ៉ាងហោចណាស់​១​ខែ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com