COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
WHO៖ អ្នកមាន​សុខភាព​ល្អ និង​យុវជន​ត្រូវ​ចាំ​ដល់​ឆ្នាំ ២០២២ ទើបបាន​វ៉ាក់សាំង COVID-19
17, Oct 2020 , 9:29 am        
រូបភាព
អង្គការសុខភាពពិភពលោក។ រូបភាព៖AFP
អង្គការសុខភាពពិភពលោក។ រូបភាព៖AFP
ដោយ:
​អង្គការ​សុខភាព​ពិភពលោក​(WHO) អះអាង​នៅ​ថ្ងៃទី​១៤ តុលា​ថា យុវជន និង​មនុស្ស​ដែលមាន​សុខភាព​ល្អ អាច​នឹងត្រូវ​ចាំ​រហូតដល់​ឆ្នាំ​២០២២ ទើប​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​COVID-19​។ អង្គការ​នេះ​អះអាងថា អាទិភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង​ត្រូវបាន​ទៅ​មនុស្ស​ងាយ​រងគ្រោះ និង​បុគ្គលិក​សុខាភិបាល​។​

 
​បើទោះបីជា​ក្រុមហ៊ុន​ផលិត​ឱសថ​កំពុង​ស្វះស្វែង​ធ្វើតេស្ត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 និង​សង្ឃឹមថា​អាច​នឹង​ប្រើប្រាស់​បាន​នៅ​ឆ្នាំ​២០២១​ក្តី អង្គការ​សុខភាព​ពិភពលោក​អះអាងថា ការទទួលបាន​វ៉ាក់សាំង​យ៉ាង​រហ័ស និង​ក្នុង​ទ្រង់ទ្រាយ​ធំ​ទំនងជា​មិនអាច​ធ្វើឡើង​ភ្លាមៗ​ឡើយ​។​
 
​លោកស្រី​វេជ្ជបណ្ឌិត Soumya Swaminathan ប្រធាន​ក្រុម​អ្នកវិទ្យាសាស្ត្រ WHO អះអាងថា ការផលិត​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​រាប់ពាន់​លាន​ដូ​ស ជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​មួយ​។ លោកស្រី​បន្តថា ប្រទេស​នីមួយៗ​ត្រូវមាន​កា​រស​ម្រ​ច​ចិត្ត​ដ៏​លំបាក​មួយ ថា តើ​ក្រុមមនុស្ស​ណា​ដែល​នឹងត្រូវ​ទទួលបាន​វ៉ាក់សាំង​ដំបូង​គេ ដោយសារតែ​លទ្ធភាព​ក្នុង​ការផលិត​វ៉ាក់សាំង​មាន​កម្រិត​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
«​វា​នឹងមាន​ការណែនាំ​ច្រើន​ទៀត ប៉ុន្តែ​ខ្ញុំ​គិតថា​មនុស្ស​វ័យ​កណ្តាល និង​បុគ្គល​ដែលមាន​សុខភាព​ល្អ​ត្រូវ​ចាំ​រហូតដល់​ឆ្នាំ​២០២២ ទើប​ទទួលបាន​វ៉ាក់សាំង​»​។ លោកស្រី Swaminathan បញ្ជាក់​បែបនេះ ហើយ​បន្តថា ប្រទេស​ជាច្រើន​យល់ស្រប​ថា ក្រុមមនុស្ស​ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​ដំបូង​គេ​គឺ​បុគ្គលិក​ព្យាបាល និង​អ្នក​នៅ​ជួរមុខ​។ បន្ទាប់មក គេ​ត្រូវ​កំណត់​មនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់​ដូចជា​មនុស្ស​វ័យ​ចំណាស់​ជាដើម​។​
 
​ស្របពេល​ជាមួយគ្នានេះ លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់ថា ដើម្បី​លែង​ឲ្យ​មានការ​ចម្លង​ថ្មី គេ​ចាំបាច់​ត្រូវ​ផ្តល់​វ៉ាក់សាំង​ឲ្យ​បាន​៧០​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​។ 
 
​កន្លងទៅ WHO ក៏បាន​រិះគន់​នូវ​គំនិត​ដែល​ចង់​បង្កើត​ភាពស៊ាំ​នឹង​ជំងឺ​ដោយ​បណ្តាល​ឲ្យ​មនុស្ស​ឆ្លង​មេរោគ​(herd immunity) ។ WHO ចាត់​ទុល​វិធីសាស្ត្រ​នេះ ជា​រឿង​គ្មាន​វិជ្ជាជីវៈ និង​បណ្តាល​ឲ្យ​មានការ​បាត់បង់​ជីវិត​មនុស្ស​ដោយ​មិនចាំបាច់​។ លោកស្រី​វេជ្ជបណ្ឌិត Swaminathan បញ្ជាក់ថា គេ​អាច​និយាយ​ពី​ការបង្កើត​ភាពស៊ាំ​តាមរយៈ​ការឆ្លង​រោគ តែ​ក្នុង​បរិបទ​ដែល​គេ​មាន​វ៉ាក់សាំង​តែប៉ុណ្ណោះ​។​
 
​ជុំវិញ​វ៉ាក់សាំង​ដែល​កំពុង​ធ្វើតេស្ត  វ៉ាក់សាំង​ចំនួន​២​របស់​ក្រុមហ៊ុន Johnson & Johnson របស់​អាមេរិក និង AstraZeneca របស់​អង់គ្លេស បាន​ផ្អាក​ការធ្វើ​តេស្ត​ដោយសារ​បញ្ហា​សុវត្ថិភាព ក្រោយពេល​អ្នកចូលរួម​ធ្វើតេស្ត​ធ្លាក់ខ្លួន​ឈឺ​ដោយ​មិនដឹង​មូលហេតុ​។ ចំណែក​វ៉ាក់សាំង Sputnik V របស់​រុស្ស៊ី​កំពុងតែបន្ត​ស្ថិត​ក្នុងការ​ធ្វើតេស្ត​តំណាក់កាល​ចុងក្រោយ  រីឯ​វ៉ាក់សាំង​របស់​ចិន​នឹង​រួចរាល់​សម្រាប់​សាធារណៈ​នៅ​ដើមខែ​វិច្ឆិកា ឬ​ធ្នូ​។​
 
​គិត​ត្រឹម​ពេលនេះ ជំងឺឆ្លង​សាកល COVID-19 បណ្តាល​ឲ្យ​មាន​ករណី​ឆ្លង​ច្រើនជាង​៣៨​លាន​ករណី និង​បាត់​បង់ជីវិត​ចំនួន​១,១​លាន​នាក់​។ ការឆ្លង​នៅ​ប្រទេស​អឺរ៉ុប​មួយចំនួន មានការ​កើនឡើង​សារជាថ្មី ដូចជា​នៅ​ហូ​ឡង់ និង​បារាំង ដែល​សម្រេច​ដាក់​ទីក្រុង​ប៉ារីស​ក្នុងស្ថានភាព​អាសន្ន​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com