អន្តរជាតិ
បាតុករថៃ គ្រោងជួបជុំជាថ្មីនៅថ្ងៃនេះ ក្រោយត្រូវប៉ូលិសបង្រ្កាបយប់មិញ
17, Oct 2020 , 10:29 am        
រូបភាព
ប៉ូលិសថៃបាញ់ទឹកបំបែកការតវ៉ានៅទីក្រុងបាងកក។ រូបភាព AFP
ប៉ូលិសថៃបាញ់ទឹកបំបែកការតវ៉ានៅទីក្រុងបាងកក។ រូបភាព AFP
បាតុករថៃ បានប្រកាសបញ្ចប់ការតវ៉ារបស់ពួកគេនៅយប់ថ្ងៃទី១៦ ខែតុលា បន្ទាប់ពីត្រូវបានបង្រ្កាបដោយកម្លាំងប៉ូលិសថៃ ដែលបានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីបំបែកការតវ៉ាដែលទាមទារឲ្យលោក ប្រាយុទ្ធ ចន្ទអូចា លាលែងពីតំណែង និងកាត់បន្ថយអំណាចមហាក្សត្រ។ អ្នករៀបចំបាតុកម្មប្ដេជ្ញាជួបជុំជាថ្មីនៅថ្ងៃទី១៧ ខែតុលានេះ ដើម្បីបន្តដាក់សម្ពាធលើលោក ប្រាយុទ្ធ ដែលទើបប្រកាសថា លោកមិនទៅណាឡើយ។



ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែដែលគ្របដណ្ដប់ដោយការតវ៉ាមិនលស់ថ្ងៃ កងតម្រួតថៃបានឈានដល់ការប្រើកម្លាំងបាយដើម្បីបំបែកហ្វូងបាតុករដែលទាមទារឲ្យលោក ប្រាយុទ្ធ ចន្ទអូចា លាលែងពីតំណែង កែរដ្ឋធម្មនុញ្ញ និងកាត់បន្ថយអំណាចមហាក្សត្រ។ នៅរាត្រីថ្ងៃទី១៦ ខែតុលា ដែលជា តម្រួតថៃបានបាញ់ទឹកដែលមានពណ៌ខៀវដើម្បីបំបែកបាតុករដែលកាន់កាប់ផ្លូវប្រសព្វមមាញឹក Pathumwan ក្នុងទីក្រុងបាងកក។
 
ចំណាត់ការរបស់ប៉ូលិសថៃ ធ្វើឡើងតាមក្រឹត្យអាសន្នដែលចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា នៅទូទាំងទីក្រុងបាងកក ដោយហាមមិនឲ្យមានការជួបជុំលើសពីបួននាក់ឡើយ។ រដ្ឋាភិបាលលោក ប្រាយុទ្ធ បានយកហេតុការណ៍មួយដែលក្បួនទីនាំងមហេសីស្ដេច មហា វជិរាលង្ករណ៍ បើកកាត់ក្រុមបាតុករ ហើយបាតុករពីរនាក់ ត្រូវបានចាប់ខ្លួនដោយសង្ស័យថា មានបំណងបង្កបញ្ហាដល់ទ្រង់ ដែលអាចជាប់ដល់មួយជីវិត។ ផលប៉ះពាល់លើសេដ្ឋកិច្ច និងសន្តិសុខ ក៏ជាហេតុផលមួយដែរ។
 
ខណៈប៉ូលិសបាញ់ទឹកពណ៌ដើម្បីចំណាំបាតុករ អ្នករៀបចំក៏ប្រកាសបញ្ចប់ការតវ៉ាដែរ។ សម្រែក «ចេញទៅ ចេញទៅ» ត្រូវបានឮទ្រហឹងចេញពីមាត់បាតុករដែលត្រូវកាណុងបាញ់ទឹកដាក់។ មេដឹកនាំបាតុករម្នាក់ឈ្មោះ Tattep Ruangprapaikitseree និយាយថា រដ្ឋាភិបាលផ្ដាច់ការប្រើប្រាស់ហិង្សាលើចលនាប្រជាជន។ អ្នកនាំពាក្យប៉ូលិស លោក Yingyot Thepchamnong ប្រាប់អ្នកសារព័ត៌មានថា ប៉ូលិសបានព្រមានពីសកម្មភាពខុសច្បាប់រួចហើយ។
 
បើតាមកាសែតបាងកកប៉ុស្តិ៍ អ្នករៀបចំបាតុករ ប្រកាសបន្តការជួបជុំឡើងវិញនៅថ្ងៃទី១៧ ខែតុលាទៀត ទោះជាការផ្ទុយនឹងបម្រាមក្ដី។ ប៉ុន្តែមិនទាន់មានទីតាំងជាក់លាក់ ត្រូវបានប្រកាសនៅឡើយទេ។ 
 
ប៉ុន្មានម៉ោងមុនការបង្រ្កាបរបស់ប៉ូលិស លោក ប្រាយុទ្ធ ប្រកាសជាសាធារណៈថា លោកនឹងមិនចុះចេញឡើយ។ ថ្លែងក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី អតីតមេដឹកនាំយោធារូបនេះក៏ព្រមានដែរថា ក្រឹត្យបន្ទាន់ អាចបន្តដល់ទៅ៣០ថ្ងៃ ហើយកម្លាំងសន្តិសុខនឹងប្រើប្រាស់អំណាចដែលផ្ដល់ដោយក្រឹត្យនេះក្នុងការរក្សាសណ្ដាប់ធ្នាប់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com