ក្រសួងទេសចរណ៍ រៀបចំការប្រឡងថតវីដេអូ «កំណប់សហគមន៍ ជំរំទេសចរណ៍»
ជាតិ
ក្រសួងទេសចរណ៍ រៀបចំការប្រឡងថតវីដេអូ «កំណប់សហគមន៍ ជំរំទេសចរណ៍»
17, Oct 2020 , 8:29 pm        
រូបភាព
ដោយ៖ ហុង ស្រីណា 

ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាស ស្តីពីការរៀបចំចលនាប្រឡងប្រណាំងការថតវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ «កំណប់សហគមន៍ ជំរំទេសចរណ៍» រដូវកាលទី៣ ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ និងធម្មជាតិ»។ បើតាមក្រសួងទេសចរណ៍ ជ័យលាភីលេខ ១ ទទួលថវិកា ៦លានរៀល, លេខ២ ចំនួន ៤លានរៀល និងលេខ៣ ចំនួន ២លានរៀល។


 
កម្មវីធីប្រកួតប្រជែងថតវីដេអូនេះ រៀបចំឡើងដើម្បីជំរុញការចូលរួមរបស់សាធារណៈជន ជាពិសេសយុវជនក្នុងការផ្សព្វផ្សាយពីសក្តានុពលសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍កម្ពុជា ទោះបីកម្ពុជាស្ថិតក្នុងបរិបទវិបត្តិកូវីដ-១៩ក៏ដោយ។ បើតាមក្រសួងទេសចរណ៍ ការប្រកួតប្រជែងនេះ នឹងបណ្តុះគំនិតស្រឡាញ់ជាតិមាតុភូមិ និងឆ្លុះបញ្ចាំពីប្រសិទ្ធភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ តាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍។
 
ការប្រកួតនេះ ត្រូវបានបែងចែងជា ២ ដំណាក់កាល ដោយក្រុមនីមួយៗតម្រូវឲ្យមានសមាជិកយ៉ាងច្រើន៥ ហើយបេក្ខជនត្រូវផ្ញើប្រវត្តិរូបសង្ខេប និងបទពិសោធន៍ការផលិតវីដេអូកន្លងមកទៅកាន់ក្រសួង។ ជាមួយគ្នានេះ ក្រសួង នឹងជ្រើសរើសចំនួន ២១ក្រុម ដើម្បីយកមកប្រកួតប្រជែងក្នុងវគ្គទី១។ ចំណែក វគ្គទី២ គឺមានចំនួន ៩ក្រុម ដែលត្រូវបានជ្រើសរើសយកមកប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយក្រុមនីមួយៗត្រូវរៀបចំផែនការថតដើម្បីបង្ហាញគណៈកម្មការក្នុងការវាយតម្លៃ បន្ទាប់ក្រុមទាំង៩ ដែលត្រូវបានជ្រើសរើសនិងត្រូវចុះទៅតាមគោលដៅដែលបានកំណត់។
 
វីដេអូដែលល្អជាងគេ ចំនួន ៣ នឹងត្រូវជ្រើសរើសជាម្ចាស់ជ័យលាភី ដោយលេខ ១ ទទួលថវិកា ៦លានរៀល, លេខ២ ចំនួន ៤លានរៀល និងលេខ៣ ចំនួន ២លានរៀល។ សូមបញ្ជាក់ថា បេក្ខជនអាចចុះឈ្មោះចូលប្រកួតតាមរយៈប្រព័ន្ធអនឡាញ និងតាមរយៈក្រុមការងារក្រសួងទេសចរណ៍ និងក្រុមការងារដើរព្រៃ ហើយបេក្ខជនត្រូវគោរពតាមលក្ខណដែលក្រសួងបានកំណត់៕
 

Tag:
 ទេសចរណ៍
  ប្រឡងប្រណាំងថតវីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com