ប្តីប្រពន្ធបារាំងប្រកាសលក់ផ្នូរដែលធ្វើទុកសម្រាប់ខ្លួន ដោយសារតែត្រូវផ្លាស់ប្តូរទីលំនៅ
អន្តរជាតិ
ប្តីប្រពន្ធបារាំងប្រកាសលក់ផ្នូរដែលធ្វើទុកសម្រាប់ខ្លួន ដោយសារតែត្រូវផ្លាស់ប្តូរទីលំនៅ
17, Oct 2020 , 10:29 pm        
រូបភាព
ដោយ: ធីតា
ប្តីប្រពន្ធបារាំងអាយុជាង៧០ឆ្នាំដូចគ្នា កាលពីពេលថ្មីៗកន្លងមកនេះ បានប្រកាសលក់ផ្នូររបស់ខ្លួន ក្នុងតម្លៃ១២០០អឺរ៉ូ (ជាង១៤០០ដុល្លារអាមេរិក)។ បើតាមការផ្សាយរបស់សារព័ត៌មាន France3 ពួកគាត់ត្រូវប្តូរទីលំនៅពីក្រុង Chateau-Chalon ដេប៉ាតឺម៉ង់ Jura ទៅរស់នៅ Normandie វិញ។


 
ដំបូងឡើយ លោក Alain Heimburger និងភរិយា ចង់បន្តរស់នៅរហូតដល់ជីវិតចុងក្រោយនៅ Chateau-Chalon ដែលជាតំបន់ភ្នំ ប៉ុន្តែក្រោយមក ពួកគាត់មិនសូវស៊ាំនឹងអាកាសធាតុក្តៅ ទើបសម្រេចចិត្តប្តូរទៅរស់នៅតំបន់ Normandie ស្ថិតនៅក្បែរសមុទ្រវិញ។
 
«នៅ Normandie មានកូនទូកមួយ ដែលអាចជិះទៅនេសាទបាន ហេតុដូច្នេះហើយបានជាសម្រេចចិត្តចាកចេញពី Chateau-Chalon»។ នេះបើតាមការរៀបរាប់របស់លោក Alain។ 
ប៉ុន្តែក្រៅពីការលក់ផ្ទះរួចរាល់ហើយ ប្តីប្រពន្ធចំណាស់មួយគូនេះ ត្រូវដោះស្រាយរឿងផ្នូរ ដែលត្រៀមសម្រាប់ពួកគាត់ក្រោយលាចាកលោក។ ទីបំផុតលោក Alain បានសម្រេចចិត្តប្រកាសលក់ផ្នូររបស់ខ្លួន និងភរិយា តាមរយៈគេហទំព័រ Leboncoin ក្នុងតម្លៃ១២០០អឺរ៉ូ។
 
សម្រាប់ផ្នូរទំហំ 2x2 ដែលមានទីកន្លែងជាប់ៗគ្នានោះ ត្រូវបានលោកតា Alain រៀបរាប់ក្នុងអត្ថបទពាណិជ្ជកម្មរបស់ខ្លួនថា មានសភាពល្អនៅឡើយ ដោយគ្រាន់តែម្ចាស់ត្រូវផ្លាស់ប្តូរទីលំនៅ។
 
ក្រោយការប្រកាសលក់ បុរសវ័យប្រមាណ៧០ឆ្នាំរូបនេះ ទទួលបានការទាក់ទង៤ទៅ៥លើក ប៉ុន្តែមិនបានសម្រេចលក់ឡើយ ពីព្រោះអភិបាលក្រុងបានណែនាំគាត់ឲ្យជ្រើសរើសអតិថិជនដែលរស់នៅមូលដ្ឋាននោះផ្ទាល់ មិនមែនអ្នកពីក្រៅឡើយ។
 
 ទីបំផុតគាត់បានរកឃើញអតិថិជនម្នាក់ដែលបានសម្រេចចិត្តទិញក្នុងតម្លៃដែលបានកំណត់។ អ្វីដែលលោក Alain ត្រូវធ្វើនោះ គឺការរៀបចំដូរឈ្មោះម្ចាស់កម្មសិទ្ធិផ្នូរចេញ។ កិច្ចការទាំងនេះ គាត់បានធ្វើរួចរាល់ហើយ ដែលអាចឲ្យគាត់ និងភរិយា ចាប់ផ្តើមជីវិតថ្មីដ៏រីករាយនៅតំបន់សមុទ្រ Normandie៕
 

© រក្សាសិទ្ធិដោយ thmeythmey.com