ជាតិ
សេដ្ឋកិច្ច
ការបង្កើត«ក្រុងសៀមរាបថ្មី» បានស្ថិតក្នុងផែនការមេអភិវឌ្ឍទេសចរណ៍ ឆ្នាំ២០២០-២០៣៥
18, Oct 2020 , 8:29 am        
រូបភាព
បុរស២នាក់កំពុងលើដុំថ្ម មុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៣សីហា ឆ្នាំ២០២០។ រូបថត៖ សែម វណ្ណា/ThmeyThmey
បុរស២នាក់កំពុងលើដុំថ្ម មុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៣សីហា ឆ្នាំ២០២០។ រូបថត៖ សែម វណ្ណា/ThmeyThmey
គម្រោងបង្កើត«ក្រុងសៀមរាបថ្មី» គឺបានស្ថិតនៅផែនការមេអភិវឌ្ឍទេសចរណ៍ ក្នុងឆ្នាំ២០២០-២០៣៥។ បើតាមប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ការបង្កើតក្រុងសៀមរាបថ្មីនេះ ជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ថ្មីឯទៀត ដែលនឹងត្រូវបង្កើតឡើង ដើម្បីសម្រេចឱ្យបាននូវប្រាក់ចំណូល៥ពាន់លានដុលា្លរ ពីភ្ញៀវទេសជាតិនិងអន្តរជាតិប្រមាណ១៧លាននាក់ ចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចខេត្តសៀមរាប ក្នុងឆ្នាំ២០៣៥។


 
លោក ថោង ខុន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ រវាងក្រសួងទេសចរណ៍ និងផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ លើផែនទីចង្អុលផ្លូវស្តីពី «ផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» កាលពីថ្ងៃទី១៤តុលា ឆ្នាំ២០២០ ថា ទីក្រុងសៀមរាបថ្មីដែលគ្រោងនឹងបង្កើតឡើងរបស់ធ្វើជាគោលដៅថ្មីរបស់ភ្ញៀវទេសចរណ៍ គឺមានទីតាំងនៅភាគខាងកើតនៃទីក្រុងសៀមរាប នាពេលបច្ចុប្បន្ន។ 
 
ដើម្បីស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឡើងវិញ ដែលកំពុងរងគ្រោះដោយវិបត្តិកូវីដ -១៩ ហើយអាចឈានសម្រេចបាននូវប្រាក់ចំណូល ៥ពាន់លានដុល្លារ ពីភ្ញៀវទេសចរជាតិ ជាង១០លាននាក់ និងអន្តរជាតិ៧លាននាក់ នៅក្នុងឆ្នាំ២០៣៥ នោះ ក្រសួងទេសចរណ៍ ក្រៅពីបង្កើតទីក្រុងសៀមរាបថ្មី ក៏នឹងបង្កើតគោលដៅទេសចរណ៍ថ្មី ចំនួន៣បន្ថែមទៀត សម្រាប់ទាក់ទាញភ្ញៀវទេសចរ។ នេះជាការលើកឡើង របស់លោក ថោង ខុន ដោយបញ្ជាក់ថា៖«យើងនឹងបង្កើតផលិតសេវាទេសចរណ៍ចំនួន៦[ទីតាំង]។ ក្នុងនោះ២[ទីតាំង] មានស្រាប់ គឺ តំបន់ប្រាសាទអង្គរ និងក្រុងសៀមរាប»។ 
 
បើតាមប្រសាសន៍របស់រដ្ឋមន្ត្រីទេសចរណ៍រូបនេះ តំបន់គោលដៅទេសចរណ៍ថ្មីចំនួន៤ទៀតនឹងដែលត្រូវបង្កើតឡើងក្នុងផែនការមេខាងលើនោះ ក្រៅពីការបង្កើតទីក្រុងសៀមរាបថ្មី  គឺមានតំបន់ជាប់បឹងទន្លេសាប, ភ្នំគូលែន និងស្រុកបន្ទាយស្រី ជាមួយនឹងតំបន់នៅជុំវិញ។  លោក ថោង ខុន បានអះអាងថា ការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានាទាំងផ្លូវថ្នល់ និងទាំងតំបន់ទេសចរណ៍ រួមទាំងការបង្កើតគោលដៅទេសចរណ៍ថ្មីៗទាំងនេះ គឺដើម្បីទាក់ភ្ញៀវទេសចរ ពិសេសភ្ញៀវទេសចរអន្តរជាតិឱ្យស្នាក់នៅខេត្តសៀមរាបឱ្យបានយូរ ដោយយ៉ាងតិច៥ថ្ងៃ សម្រាប់ជួយដល់សេដ្ឋកិច្ចមូលដ្ឋានរបស់ពលរដ្ឋក្នុងវិស័យទេសចរណ៍តាមរយៈការចំណាយប្រចាំថ្ងៃនានារបស់ភ្ញៀវទេសចរ។ 
 
ចក្ខុវិស័យរបស់ផែនការមេសម្រាប់អភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាបនេះគឺ៖«ការក្តាប់យកមកវិញនូវមោទកភាពជាគោលការណ៍ទេសចរណ៍ចម្បងបំផុតរបស់វិស័យទេសចរណ៍កម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។ កាលពីថ្ងៃទី៧កញ្ញា ឆ្នាំ២០២០កន្លងមក លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំអន្តរក្រសួងដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាប្រធាន និងលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍  លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក សាយ សំអាល់  រដ្ឋមន្ត្រីក្រសួងបរិស្ថានជាសមាជិក បានប្រជុំឆ្លងសេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២០-២០៣៥។ 
 
ជាមួយនឹងគ្នានេះ រដ្ឋាភិបាលបានបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការពង្រីកវិស័យទេសចរណ៍ទៅជាមាសបៃតង ដោយក្រៅពីប្រាសាទនានា  ខេត្តសៀមរាបមានតំបន់ជាច្រើនទៀតដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ដែលត្រូវរៀបចំឡើងមាន ដូចជាទន្លេសាប ស្ទឹងសៀមរាប ឧទ្យានជាតិភ្នំគូលែន និងតំបន់ជនបទ និងការបង្កើតទីក្រុងសៀមថ្មីដ៏ទាក់ទាញ ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងពលរដ្ឋមូលដ្ឋាន៕ 


លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួងទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍លើផែនទីចង្អុលផ្លូវស្តីពី«ផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩» កាលពីថ្ងៃទី១៤តុលា ឆ្នាំ២០២០។  រូបថត៖ ក្រសួងទេសចរណ៍។

Tag:
 ទេសចរណ៍
  ផែនការមេ
© រក្សាសិទ្ធិដោយ thmeythmey.com