ជាតិ
មន្ត្រីជលផលណែនាំឲ្យចិញ្ចឹមត្រី កង្កែប ជំនាញត្រឹមត្រូវដើម្បីជៀសវាងហានិភ័យ
18, Oct 2020 , 8:59 am        
រូបភាព
ដោយ:
ស្របពេលកម្ពុជាកំពុងទទួលរងសំពាធទាបបណ្តាលឲ្យមានរបាយទឹកភ្លៀងធ្លាក់ជាប់ៗគ្នា សីតុណ្ហភាពចុះត្រជាក់ មេឃអួរអ័ព្ទ ខ្វះពន្លឺថ្ងៃ និងបង្កឲ្យមានទឹកជំនន់តាមបណ្តាខេត្តមួយចំនួន ដែលប៉ះពាល់ដល់ដំណាំកសិកម្ម និងអ្នកចិញ្ចឹមត្រី កង្កែប។ មន្ត្រីជំនាញនៃផ្នែកជលផលនៃខេត្តត្បូងឃ្មុំ បានណែនាំឲ្យអ្នកចិញ្ចឹមត្រី កង្កែប ទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងណែនាំបច្ចេកទេសដល់កសិករអំឡុងពេលមានទឹកជំនន់។

 
«កាលណាមេឃអួរអ័ព្ទគ្មានពន្លឺថ្ងៃ រុក្ខជាតិប្លង់តុងពុំអាចធ្វើរស្មីសំយោគបង្កើតអុកស៊ីសែន ក្នុងទឹកស្រះបានឡើយ។ ជាហេតុធ្វើឲ្យទឹកស្រះខ្វះអុកស៊ីសែន ត្រីពិបាកដកដង្ហើម ពិសេសត្រីស្រកា ដូចជាត្រីឆ្ពិន ទីឡាព្យា ត្រីកាបជាដើម។ សីតុណ្ហភាពទឹកចុះត្រជាក់ ប៉េហាស់ទឹកក៏ប្រែប្រួល គួបផ្សំខ្វះអុកស៊ីសែនផងនោះ នឹងជះឥទ្ធិពលមិនល្អដល់ដំណើរ ការរំលាយអាហាររបស់ត្រី ការសំយោគសារធាតុចិញ្ចឹមពីចំណីសម្រាប់ការលូតលាស់របស់ត្រី»។ នេះបើតាមលោក សេង ប៊ុនសុង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ។
 
មន្រ្តីជំនាញរូបនេះបានបន្តថា កាលណាអុកស៊ីសែនក្នុងទឹកមិនគ្រប់គ្រាន់ធ្វើឲ្យត្រីពិបាកដកដង្ហើម មិនសូវស៊ីចំណី ស្ត្រេស ចុះខ្សោយ ងាយទទួលរងនូវការវាយប្រហារពីភ្នាក់ងារបង្កជំងឺ ជាពិសេសពពួកត្រីប្រា ត្រីឆ្តោរ និងកង្កែប។ បើតាមលោក សេង ប៊ុនសុង សីតុណ្ហភាពសមស្របសម្រាប់ការលូតលាស់សត្វក្នុងទឹកគឺត្រឹម ២៨អង្សាសេ។ 
 
ដើម្បីបង្ការហានិភ័យអំឡុងពេលអាកាសធាតុមិនអំណោយផលបែបនេះ ប្រជាកសិករគប្បីអនុវត្តតាមវិធានការ ដូចជា បន្ថយការផ្តល់ចំណី និងបន្ថែមវីតាមីនសេក្នុងចំណី ក្នុងបរិមាណ ១គីឡូក្រាមវីតាមីនសេ លើចំណី ៥០០ ទៅ ៧០០គីឡូក្រា និងឲ្យត្រីស៊ីតែពី ២ ទៅ៣ដង ក្នុងមួយសប្តាហ៍។ បន្ទាប់ពីភ្លៀងធ្លាក់រួច ត្រូវប្រើអំបិលគ្រួសបាចតាមមាត់ស្រះ និងលាយទឹកបាចលើផ្ទៃស្រះក្នុងបរិមាណ ២០ ទៅ ៣០គីឡូក្រាមក្នុង ១០០ម៉ែត្រការ៉េ (ដើម្បីរក្សាលំនឹងប៉េហាស់)។
 
ជាមួយគ្នានេះ ប្រជាកសិករ ត្រូវប្រើរហាត់ទឹក ឬ ម៉ាស៊ីនបូមទឹកបាញ់ ឬ ព្រលែងទា ចូលក្នុងស្រះ ដើម្បីបង្កើតចរន្តទឹក ធ្វើឲ្យទឹកមានអុកស៊ីសែន។ ករណីត្រីមានជំងឺ ឬ ពិនិត្យឃើញត្រីងាប់ កសិករត្រូវទាក់ទងបន្ទាន់ទៅកាន់មន្ត្រីជំនាញជលផល ដើម្បីប្រឹក្សាបច្ចេកទេសនិងជួយអន្តរាគមន៍៕
 

Tag:
 កសិកម្ម
 វារីវប្បកម្ម
 ចិញ្ចឹមត្រី
© រក្សាសិទ្ធិដោយ thmeythmey.com