ជាតិ
អ្នកស្លាប់ដោយសារទឹកជំនន់ កើនដល់២០នាក់ គិតត្រឹមថ្ងៃទី១៧ តុលា
18, Oct 2020 , 9:57 am        
រូបភាព
ដោយ:
យ៉ាងហោចណាស់មានមនុស្សចំនួន២០នាក់ បានបាត់បង់ជីវិត ក្នុងនោះក្មេងចំនួន៨នាក់។ ខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ច្រើនជាងគេ គឺដល់ទៅ១២នាក់,ពោធិ៍សាត់៣នាក់, កំពង់ធំ២នាក់ ,ព្រះសីហនុ២នាក់ និងខេត្តប៉ៃលិនមាន១នាក់។  នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

 
របាយការណ៍ដដែលនេះបញ្ជាក់ថា រាជធានី-ខេត្តចំនួន ១៩ បានរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងនោះ មានប្រជាពលរដ្ឋ ៦១, ៣៦៥គ្រួសាររងផលប៉ះពាល់ ក្នុងនោះមានជិត៨,០០០គ្រួសារ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព និងប៉ះពាល់ផ្ទះជិត៦ម៉ឺនខ្នង។ 
 
គ្រោះធម្មជាតិនេះ ក៏បានប៉ះពាល់ដល់សាលារៀនចំនួន ៤៥៩កន្លែងផងដែរ ។ នេះបើតាមរបាយការណ៍ដដែល ដោយបន្តទៀតថា ស្រូវ និងដំណាំរួមផ្សំ ជាង២៤ម៉ឺនហិកតា ក៏បានរងការជន់លិចផងដែរ ក្នុងនោះមានប្រមាណ ៧ម៉ឺនហិកតាបានខូចខាត។ 
 
សូមជម្រាបថា រាជធានី-ខេត្ត សរុបចំនួន១៩ ដែលបានរងប៉ះពាល់នោះរួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ រងគ្រោះខ្លាំងជាងគេ។ បន្ទាប់មកមានខេត្តប៉ៃលិន កណ្តាល ភ្នំពេញ សៀមរាប ព្រះសីហនុ និងខេត្តកំពង់ធំ។ ដោយឡែកខេត្តផ្សេងទៀតរួមមាន ស្វាយរៀង ឧត្តរមានជ័យ តាកែវ មណ្ឌលគិរី កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម និងកំពង់ឆ្នាំង។
 
កាលពីយប់ថ្ងៃទី ១៦តុលា ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងនៅតែបន្តធ្លាក់ច្រើន ពីថ្ងៃទី១៧តុលា រហូតដល់ថ្ងៃទី២១ តុលា ដោយសារតែប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅកម្ពុជាកាន់តែបង្កើនឥទ្ធិពល និងវិសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានធ្វើដំណើរមកភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃតី១៧ តុលា។  តាមក្រសួងធនធានទឹក បណ្តាខេត្តភាគពាយ័ព្យ ខេត្តនៅភូមិសាស្ត្រជាប់ក្បែរជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ  នឹងមានភ្លៀងធ្លាក់ខ្លាំងជាប់បន្ត។ ចំណែកតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន និងនៅលើផ្ទៃសមុទ្រ មានភ្លៀងលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ៕
 

Tag:
 ជំនន់
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com