សូមប្រយ័ត្ន! ទឹកស្ទឹងស្ទោង និងស្ទឹងសែនខេត្តកំពង់ធំ ឡើងដល់កម្រិតប្រកាសអាសន្ន
ជាតិ
សូមប្រយ័ត្ន! ទឹកស្ទឹងស្ទោង និងស្ទឹងសែនខេត្តកំពង់ធំ ឡើងដល់កម្រិតប្រកាសអាសន្ន
18, Oct 2020 , 2:24 pm        
រូបភាព
ស្ថានភាពទឹកជំនន់ក្នុងខេត្តកំពង់ធំ (រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ)
ស្ថានភាពទឹកជំនន់ក្នុងខេត្តកំពង់ធំ (រូបភាព៖ រដ្ឋបាលខេត្តកំពង់ធំ)
កម្ពស់ទឹកស្ទឹងស្ទោង និងស្ទឹងសែន នៅក្នុងខេត្តកំពង់ធំ បានឡើងដល់កម្រិតប្រកាសអាសន្ន តាំងពីថ្ងៃទី១៦ តុលាមក មិនទាន់ថមថយនោះនៅឡើយទេ។ នេះបើតាមលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានថ្មីៗ។ ដ្បិតកម្រិតទឹកនៅថេរ ក្នុងរយៈពេល២ថ្ងៃមកនេះ លោក សុខ លូ បានអំពាវនាវឲ្យពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹងសែន ស្ទឹងស្ទោង មានការប្រុងប្រយ័ត្នខ្ពស់ ពិសេសកុមារតូចៗ។ 

 
រយៈពេល២ថ្ងៃហើយ ដែលកម្រិតទឹកនៅស្ទឹងស្ទោង និងស្ទឹងសែន ក្នុងខេត្តកំពង់ធំបានឡើងដល់កម្រិតប្រកាសអាសន្ន។ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានថ្មីៗ រួចហើយបន្តបញ្ជាក់ថា  មកទល់ថ្ងៃទី១៨តុលានេះ កម្រិតទឹកនៅស្ថានភាពដដែល ហើយមានតែពលរដ្ឋតិចតួចប៉ុណ្ណោះ ដែលត្រូវជម្លៀសទៅរកទីទួលមានសុវត្ថិភាព ជាមួយសត្វចិញ្ចឹមរបស់ពួកគាត់។ 
 
ទោះជាយ៉ាងនេះ អាជ្ញាធរខេត្តបានអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពលរដ្ឋដែលរស់នៅតំបន់មាត់ស្ទឹង និងប្រយ័ត្នឲ្យបានខ្ពស់ចំពោះក្រុមគ្រួសារដែលមានកូនតូច។  លោក សុខ លូ បញ្ជាក់ដូច្នេះ៖ «មិនការជាការព្រួយបារម្ភ ព្រោះខេត្តកំពង់ធំ ២ថ្ងៃមកនេះ អាកាសល្អវិញ និងមិនមានភ្លៀងធ្លាក់ទៀត។ យ៉ាងណាក៏សូមឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសពលរដ្ឋ ដែលរស់នៅតំបន់មាត់ស្ទឹង»។ 
 
ទន្ទឹមនឹងការអំពាវនាវនេះ លោក សុខ លូ ឲ្យគូសបញ្ជាក់ដែរថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេច ដើម្បីសង្គ្រោះពលរដ្ឋ ក្នុងករណីស្ថានភាពទឹកមានការប្រែប្រួល។  តាមលោកអភិបាលខេត្ត  ទឹកជំនន់ក្នុងខេត្តកំពង់ធំ បានឆកជីវិតពលរដ្ឋក្នុងខេត្តកំពង់ធំ ៣នាក់ ប៉ះពាល់ផ្ទះជិត ៦ពាន់ខ្នង,សាលារៀនចំនួន ៣៦កន្លែង,ស្រូវ១ម៉ឺនហិកតា និងលិចផ្លូវ ជាង៣ម៉ឺនម៉ែត្រ៕
 
 

Tag:
 ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com