ជាតិ
ថៃ​សុំអភ័យទោស និងបាន​​ដករូបប្រាសាទអង្គរចេញ​ពី​Posterភាពយន្ត​ខ្លួន តាម​សំណើរបស់​​កម្ពុជាហើយ
18, Oct 2020 , 3:59 pm        
រូបភាព
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ (រូប​ពី​telegramរបស់​លោក​)
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ (រូប​ពី​telegramរបស់​លោក​)
ភ្នំពេញ៖ តាមរយៈស្ថានទូតរាជាណាចក្រថៃប្រចាំកម្ពុជា ស្ថានីយទូរទស្សន៍ប៉ុស្ដ៍លេខ៣ថៃ  បានសុំអភ័យទោសចំពោះកំហុសនៃការប្រើប្រាស់រូបភាព ប្រាសាទអង្គរវត្តនៅលើ Poster ដោយពុំមានការអនុញ្ញាត ហើយក៏បានលុបរូបប្រាសាទអង្គរវត្តចេញពីគ្រប់ការផ្សព្វផ្សាយទាំងអស់ ក្នុងខ្សែភាពយន្តភាគនោះហើយដែរ។ បើតាមលោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រទេសនីមួយមានសិទ្ធិយកទៅផ្សព្វផ្សាយបន្ត ប៉ុន្តែក្នុងករណីនេះ ថៃធ្វើខុសឆ្គងដោយពុំបានបញ្ជាក់អត្តសញ្ញាណថាប្រាសាទលើទឹកដីខ្មែរ។


 
ភាពយន្តភាគថៃរឿង “សន្យាស្នេហ៍” ពុំមានសាច់រឿងជាប់ទាក់ទងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាឡើយ ហើយទូរទស្សន៍ប៉ុស្ដ៍លេខ៣ថៃ ក៏បានលុបរូបប្រាសាទអង្គរវត្តចេញពីគ្រប់ការផ្សព្វផ្សាយទាំងអស់ ក្នុងខ្សែភាពយន្តភាគនោះហើយដែរ បន្ថែមលើការសុំអភ័យទោស។
 
លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១៨ថា អ្វីដែលខាងភាគីថៃធ្វើខុស គឺមិនបានស្នើសុំមកកម្ពុជា ក្នុងការប្រើប្រាស់រូបប្រាសាទខ្មែរ។ បន្ថែមពីនោះ ថៃក៏មិនបានបញ្ជាក់អត្តសញ្ញាណប្រាសាទ ថាបានសាងសង់លើទឹកដីខ្មែរដែរ។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ប្រទេសនីមួយៗក្នុងពិភពលោក មានសិទ្ធិជួយផ្សព្វផ្សាយបន្ថែមពី សម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីឱ្យវត្ថុនោះកាន់តែមានភាពល្បីល្បាញដោយមិនមានទោស។
 
សូមស្ដាប់ប្រសាសន៍របស់លោក ឡុង ប៉ុណ្ណាសិរីវត្ថ៖ 



 
លោក ឡុង ប៉ុណ្ណាសិរីវត្ថ ពន្យល់បន្ថែម៖«អ្វីដែលជាបេតិកភណ្ឌពិភពលោក ការផ្សព្វផ្សាយពីបេតិកភណ្ឌនោះ មិនមានប្រទេសមួយណាខុសទេ។ បើយើងនិយាយឱ្យអស់ ពេលគេយកទៅផ្សព្វផ្សាយ យើងមិនដឹងយកគតិយុត្តិណាទៅចាប់កំហុសគេទេស។ បេតិកភណ្ឌពិភពលោក គេមានសិទ្ធិជួយយកទៅផ្សព្វផ្សាយទាំងអស់ ឱ្យតែអ្នកឯងលើកស្ទួយ ចៀសតែពីអ្នកឯងយកទៅធ្វើអ្វីដែលជាន់បង្អាប់ នេះន័យបេតិកភណ្ឌពិភពលោក។ ដែលគេឱ្យយើងចូលហ្នឹង(បេតិកភណ្ឌពិភពលោក) គឺឱ្យសម្បត្តិហ្នឹងទៅជាសម្បត្តិសម្រាប់ពិភពលោក ឱ្យពិភពលោកគេស្គាល់យើង។ 

អត្ថបទទាក់ទង
 
ប៉ុន្តែដូចវា(ថៃ)គូរហ្នឹងវាបន្លំ អាណឹងយើងបន្ទោសហើយ ថាអ្នកឯងមិនត្រូវយកទៅដាក់អ៊ីចឹងទេ។ ហើយដាក់អ៊ីចឹងអ្នកឯងមិនបានបញ្ជាក់ថាអង្គរវត្តខ្មែរ ឬមិនបានបញ្ជាក់អ្វីផ្សេងទៀត ដូច្នេះអ្នកឯងត្រូវដកចេញវិញ។ ដូច្នេះតាមរយៈស្ថានទូត គេឱ្យក្រុមហ៊ុនដែលចែកចាយហ្នឹង ប្រាប់ទៅតាមរោងនីមួយៗ ដែលគេបានគូរឱ្យដករូបហ្នឹងចេញវិញ ព្រោះមិនបានសុំយើងទេ។ នេះដែលខ្ញុំចង់បញ្ជាក់ថា នីតិវិធីដែលយើងធ្វើគឺបែបហ្នឹង»។
 
អ្នកនាំពាក្យរូបនេះ ក៏បានអរគុណចំពោះប្រជាជនខ្មែរ ដែលតែងតែខ្នះខ្នែងផ្ដល់ព័ត៌មានដល់ក្រសួងសាមី ពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌កន្លងមក។ ទោះជាយ៉ាងណា លោកថាការធ្វើការងារអ្វីមួយ ក្រសួងត្រូវការពេលស្រាវជ្រាវឱ្យបានច្បាស់ មិនអាចធ្វើការដោយមិនមានភស្ដុតាងច្បាស់លាស់ឡើយ។
 
ប្រជាជនខ្មែរគ្រប់រូប គឺសុទ្ធសឹងជាសរសៃឈាម ជួយទ្រទ្រង់វប្បធម៌ជាតិ។ យ៉ាងណាក៏ដោយ ការសិក្សាឈ្វេងយល់ ពីចំណេះដឹងសិល្បៈវប្បធម៌ជាតិគ្រប់ផ្នែក នឹងធ្វើឱ្យប្រជាជនខ្មែរគ្រប់រូបចាស់ទុំលើវិស័យនេះ ប៉ុន្តែប្រសិនបើជនរួមជាតិខ្មែរ មិនជ្រៅទៅក្នុងវប្បធម៌ខ្លួនទេ ស្មារតីស្នេហាវប្បធម៌ជាតិ វានឹងក្លាយជាភ្លើងចំបើង៕
 

Tag:
 វប្បធម៌
  ប្រាសាទ
 ភាពយន្ត
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com