ជាតិ
សង្គមជាតិ
សាស្ត្រាចារ្យ ទាង ប៉ាង ៖ មេរៀនប្រៀបដូចជាផ្ទះ បើមិនធ្វើគ្រឹះ គឺមិនអាចឡើងជាន់លើបាន
18, Oct 2020 , 7:29 pm        
រូបភាព
សាស្ត្រាចារ្យ រូបវិទ្យា (លោកគ្រូ ទាង ប៉ាង)
សាស្ត្រាចារ្យ រូបវិទ្យា (លោកគ្រូ ទាង ប៉ាង)
ដោយ:
ភ្នំពេញ៖ រូបវិទ្យាជាមុខវិជ្ជាដែលត្រូវគណនាជាលេខសុទ្ធសាធ ក្នុងចំណោមមុខវិជ្ជាគណិតវិទ្យា គីមីវិទ្យា និងជីវវិទ្យា។ លោកសាស្ត្រាចារ្យ ទាង ប៉ាង ដែលមានបទពិសោធបង្រៀនផ្នែករូបវិទ្យាថ្នាក់ទី១២អស់រយៈពេល៣២ឆ្នាំ បានប្រាប់គន្លឹះដល់សិស្សត្រូវសិក្សាឲ្យយល់ពីមេរៀនរូបវិទ្យាជាមុនសិន ទើបអនុវត្តលំហាត់បានត្រឹមត្រូវ និងទទួលបាននិទ្ទេសល្អ។

 
សូមតាមដានវីដេអូសម្ភាសរវាងកញ្ញា សៅ សុខអេង អ្នកសារព័ត៌មានថ្មីៗ និងលោកសាស្ត្រាចារ្យរូបវិទ្យា ទាង ប៉ាង ដូចតទៅ៖
 
 
បើតាមលោកសាស្ត្រាចារ្យ ទាង ប៉ាង សិស្សដែលមិនទាន់យល់ច្បាស់ពីមេរៀនរូបវិទ្យា ប្រាកដណាស់ថាពួកគេនឹងពិបាកគណនាលំហាត់។ ដើម្បីឲ្យពូកែគណនាលំហាត់រូបវិទ្យាទទួលបានពិន្ទុខ្ពស់ លោកសាស្ត្រាចារ្យ ទាង ប៉ាង បានណែនាំឲ្យសិស្សខិតខំប្រឹងប្រែងស្តាប់ការពន្យល់មេរៀនពីគ្រូទាំងនៅក្នុងសាលារៀន និងគ្រូពន្យល់នៅតាមអនឡាញ។ 
 
លោកសាស្ត្រាចារ្យ ទាង ប៉ាង បានរៀបរាប់ដូច្នេះថា៖«មិនមែនមើលត្រឹមតែយល់ទេ យល់ហើយត្រូវចាំមេរៀនទៀត។ គន្លិកគន្លាក់ ឬករណីកន្លែងណាដែលមិនទាន់យល់គឺ ត្រូវលម្អិតឲ្យអស់។ យល់ល្អដើម្បីចាំគឺត្រូវស្តាប់ហើយសរសេរៗ ហើយយកមកមើលដដែលៗ។ បើមិនទាន់យល់មេរៀន កុំទាន់អាលធ្វើលំហាត់។ វាប្រៀបដូចជាធ្វើផ្ទះអ៊ីចឹង បើយើងមិនធ្វើគ្រឹះទេ យើងមិនអាចឡើងទៅជាន់លើទេ។ អ៊ីចឹងបើយើងចង់ធ្វើលំហាត់ឲ្យពូកែខ្លាំង យល់ពីគ្រឹះរបស់វាគឺមេរៀន ហើយសង្ខេបមេរៀន»។
 
លោកសាស្ត្រាចារ្យ ទាង ប៉ាង ជឿជាក់ថាបើកាលណាសិស្សានុសិស្សទាំងអស់បានអនុវត្តតាមវិធីនេះ នឹងធ្វើឲ្យពួកគេប្រឡងជាប់រូបវិទ្យាជាក់ជាមិនខាន។ 
 
សាស្រា្តចារ្យ ទាង ប៉ាង សង្កេតឃើញថាមេរៀនរូបវិទ្យាដែលឧស្សាហ៍ចេញប្រឡងភាគច្រើននៅក្នុងជំពូកទី១ មេរៀនទី២ ស្តីពីច្បាប់ទី១ នៃទែម៉ូឌីណាមិច។ ដូច្នេះលោកសាស្ត្រាបានណែនាំឲ្យសិស្សត្រូវយល់ពីមេរៀនទែម៉ូឌីណាមិចឲ្យបានច្បាស់លាស់ រួមទាំងយល់ពីមេរៀនផ្សេងៗផងដែរ។ 
 
មុនអនុវត្តលំហាត់រូបវិទ្យានៅថ្ងៃប្រឡងបាក់ឌុបទី២១ និងទី២២ ខែឆ្នូ ឆ្នាំ២០២០ លោកសាស្ត្រាចារ្យ ទាង ប៉ាង បានណែនាំឲ្យសិស្សអានប្រធានលំហាត់ឲ្យបានល្អិតល្អន់ ដើម្បីជៀសវាងធ្វើលំហាត់ខុស។ លោកបានរៀបរាប់ដូច្នេះថា៖«អានហ្នឹងហើយ ដើម្បីឲ្យដឹងថាគេឲ្យអី សំណួរគេសួររកអី ហើយសមិតកម្មគេឲ្យអី ហើយសង្ខេបប្រធានដោយតាងឲ្យបានត្រឹមត្រូវ។ គ្រាន់តែធ្វើប៉ុណ្ណឹងគឺយើងនឹងនឹកឃើញរូបមន្តដើមហើយ»៕

Tag:
 សម្ភាស
 មេរៀន
 រូបវិទ្យា
 ទាង ប៉ាង
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com