COVID-19
អន្តរជាតិ
ចិន អនុម័តច្បាប់ជីវសន្តិសុខដើម្បីទប់ស្កាត់ជំងឺឆ្លង
18, Oct 2020 , 8:29 pm        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
ស្ថាប័នតាក់តែងច្បាប់កំពូលរបស់ចិន នៅថ្ងៃទី១៧ ខែតុលា បានអនុម័តសេចក្ដីស្នើច្បាប់ជីវសន្តិសុខ ដែលមានគោលដៅទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង។ សេចក្ដីស្នើច្បាប់នេះ លេចជារូបរាងក្រោយការផ្ទុះជំងឺ COVID-19 ដែលបច្ចុប្បន្នឆ្លងលើមនុស្សជិត៤០លាននាក់លើពិភពលោក។


ច្បាប់ស្ដីពីជីវសន្តិសុខ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិននៅថ្ងៃទី១៧ ខែតុលា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ។ ច្បាប់នេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២១ ទៅ។

បើតាម Xinhua ច្បាប់នឹងចាត់ទុកជីវសន្តិសុខ ជាផ្នែកដ៏សំខាន់នៃសន្តិសុខជាតិ ដែលតម្រូវឲ្យមានវិធីសាស្រ្តជាក់លាក់ដើម្បីការពារ។ ក្រោមច្បាប់នេះ ចិននឹងបង្កើតប្រព័ន្ធទប់ស្កាត់ និងគ្រប់គ្រងជីវសន្តិសុខដូចជាប្រព័ន្ធព្រមានទុកមុន និងការត្រួតពិនិត្យហានិភ័យ ការវាយតម្លៃ និងស៊ើបអង្កេតហានិភ័យ និងការចែករំលែកព័ត៌មាន។

លើសពីនោះ ច្បាប់ថ្មីនេះ ក៏មានបញ្ញត្តិដែលចែងពីហានិភ័យជីវសន្តិសុខជាក់លាក់មួយចំនួនផងដែររួមានជំងឺឆ្លងប្រភេទថ្មី, ការផ្ទុះឡើងភា្លម និងការរាលដាល ក៏ដូចជាការស្រាវជ្រាវ អភិវឌ្ឍ និងអនុវត្តជីវសន្តិសុខ។

តាមពិតទៅ ចិនបានប្រកាសតាំងពីខែឧសភាថា នឹងបង្កើនល្បឿនចេញច្បាប់ដ៏សំខាន់មួយ ខណៈដែលជំងឺ COVID-19 កំពុងវាយលុកពិភពលោកពេញបន្ទុកឡើងៗ។ COVID-19 ត្រូវបានរាយការណ៍ជាលើកដំបូងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នៅចុងឆ្នាំ២០១៩ មុនបន្តឆ្លងដល់តំបន់ឯទៀតរបស់ចិន និងប្រទេសនានាលើពិភពលោកទល់សព្វថ្ងៃ។ ចិនដែលរងគ្រោះមុនគេ ក៏អាចគ្រប់គ្រងជំងឺបានមុនគេដែរ តាមរយៈវិធានការម៉ឺងម៉ាត់បំផុត។ 

គិតត្រឹមថ្ងៃទី១៨ ខែតុលា ចិនមានករណីឆ្លងសរុប ៨៥៦៧២ និងស្លាប់៤៦៣៤នាក់។ ទូទាំងពិភពលោក ករណីឆ្លងមានជិត៤០លាននាក់ និងស្លាប់ច្រើនជាងមួយលាននាក់។ 

ដោយសាររឿងនេះ ចិន និងអាមេរិកក៏ទាស់គ្នាដល់បច្ចុប្បន្ន ដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ចោទចិនថា ទីកន្លែងបង្កើតឲ្យជំងឺ និងបណ្ដែតបណ្ដោយឲ្យជំងឺនេះឆ្លងពេញពិភពលោក។ ចិនទាត់ចោលការចោទប្រកាន់ និងអះអាងថា មានតែការស៊ើបអង្កេតបែបវិទ្យាសាស្ត្រប៉ុណ្ណោះ ទើបអាចដឹងពីប្រភពជំងឺប្រភេទថ្មីនេះ៕
 

Tag:
 ចិន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com