ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ញ៉ឹក សុខហេង ប្រាប់ពីវិធីធ្វើឧបករណ៍ភ្លេងរនាតឯកដែលមានបញ្ចុះក្បាច់លម្អ
18, Oct 2020 , 8:59 pm        
រូបភាព
លោក ញ៉ឹក សុហេង កំពុងអង្គុយ​ដាប់សន្លឹកពុម្ពក្បាច់
លោក ញ៉ឹក សុហេង កំពុងអង្គុយ​ដាប់សន្លឹកពុម្ពក្បាច់
ភ្នំពេញ៖ មានបំណងផ្សព្វផ្សាយពីមរតកវប្បធម៌ជាតិ លោក ញ៉ឹក សុខហេង បានប្រាប់ពីវិធីធ្វើរនាតឯក មានបញ្ចុះក្បាច់លម្អ ដែលជាឧបករណ៍ភ្លេងបុរាណខ្មែរ។ ឆ្លៀតពេលទំនេរបន្តិចបន្តួចរបស់ខ្លួន មកធ្វើឧបករណ៍ភ្លេង លោក ញ៉ឹក សុខហេង មិនមែនធ្វើវាដើម្បីលក់ឡើយ ប៉ុន្តែលោកធ្វើវាដើម្បីផ្ដល់ឱ្យតន្ត្រីករដែលមិនសូវមានប្រាក់ទិញឧបករណ៍ភ្លេងបុរាណប៉ុណ្ណោះ។ បុរសវ័យ៣៧ឆ្នាំរូបនេះ មានបំណងចង់ឱ្យកូនខ្មែរដទៃទៀត លះបង់ពេលវេលារបស់ខ្លួនខ្លះ ចូលរួមលើកតម្កើងវប្បធម៌ជាតិ តាមលទ្ធភាពដែលអាចធ្វើទៅបាន។


 
តទៅនេះសូមអញ្ជើញប្រិយមិត្ត ស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយមេត្រីភាព៖



 
បុរសសម្បុរស្រអែមម្នាក់ កំពុងអង្គុយលើកៅអីជ័រពណ៌ខៀវស្រអាប់ពណ៌ ព្រោះភាពចំណាស់ នៅក្នុងរោងជាងប្រក់ស័ង្កសី នៅខណ្ឌច្បារអំពៅ។ ដៃឆ្វេងកាន់ពន្លាក ហើយដៃស្ដាំកាន់ញញួរតូច ដាប់សន្លឹកក្បាច់ ដែលត្រូវធ្វើជាពុម្ពសម្រាប់ឧបករណ៍រនាត។ 
 
ក្នុងផ្ទៃមុខស្លក់ហើយស្លេកស្លាំងផង លោក ញ៉ឹក សុខហេង ដែលបានស្រាវជ្រាវពីវិធីធ្វើរនាត តាមរយៈការមើលឧបករណ៍ភ្លេងចាស់ៗ ពីឯកសារនានា ព្រមទាំងសួរគ្រូៗផង តាំងពីឆ្នាំ២០១១មកនោះ បានប្រាប់សារព័ត៌មានថ្មីៗថា ការធ្វើឧករណ៍រនាតមាន៤ដំណាក់កាលសំខាន់ៗ៖«វាមាន៤ដំណាក់កាល ដែលយើងត្រូវផ្គុំវាឡើង។ ដំណាក់កាលទី១ យើងពិនិត្យមើលឈើ ហើយផ្ទៀងផ្ទាត់ជាមួយក្បាច់ ដាក់ត្រូវ ឬមិនត្រូវហើយ លកបញ្ចុះឆ្អឹង ជាដំណាក់កាលទី២។ ដំណាក់កាលទី៣ គឺសម្រេចចេញជារូបរាងហើយ យើងត្រូវការសម្អាត ដើម្បីឱ្យមានសាច់ស្មើ។ ធម្មតាយើងបញ្ចុះ ទាមទារឱ្យឆ្អឹងដែលយើងបញ្ចុះទៅហ្នឹង វាស្មើជាមួយនឹងឋានរបស់ឈើ»។ 
 
ធាតុផ្សំសំខាន់បំផុតដើម្បីអាចធ្វើរនាតបាន គឺឈើហើយនឹងឆ្អឹងសត្វ ហើយពួកវាត្រូវតែមានគុណភាពល្អ។ ពាក់អាវយឺតពណ៌ផ្ទៃមេឃ គ្របដណ្ដប់លើរូបរាងកាយដ៏ស្គមស្គាំង បុរសកម្ពស់ប្រហែល១ម៉ែត្រ៧០សង់ទីមែត្ររូបនេះ ខំតម្រង់ក្រសែភ្នែកឆ្ពោះទៅគោលដៅដែលត្រូវដាប់យ៉ាងយកចិត្តទុកដាក់។ តន្ត្រីករភ្លេងបុរាណកូន៤នាក់រូបនេះ ថាឆ្អឹង ដែលត្រូវយកមកធ្វើក្បាច់ ចាំបាច់ត្រូវតែច្រៀក ឱ្យទៅជាបន្ទះតូចៗជាមុនសិន មុននឹងយកទៅដាប់ជាក្បាច់។ លោកពន្យល់បន្ថែមដូច្នេះ៖«គ្រឿងផ្សំរបស់វាជាគោលហ្នឹង គឺយើងពិនិត្យមើលឈើ បន្ទាប់មកយើងពិនិត្យមើលលើឆ្អឹង។ យើងរើសមើលឆ្អឹងណាដែលល្អ ឆ្អឹងណាដែលយើងស្ងោរទៅហើយ វាមិនមានពុកផុយនៅខាងក្នុង ឬបើមានជាំ(ទឹក)យើងត្រូវរើសចេញ។ ឆ្អឹងល្អដែលយើងរើសបាន យើងត្រូវច្រៀកវាជាចម្រៀក ដូចជាបន្ទះក្ដារអ៊ីចឹង ដើម្បីមានភាពងាយស្រួលក្នុងការវៀល។ វៀលឱ្យទៅជាសន្លឹកក្បាច់ ទើបយើងយកទៅបញ្ចុះតាមអំពត់ក្បាច់»។
 
ប្ដូរកន្លែងអង្គុយទៅម្ខាង ដើម្បីទុកឱកាសឱ្យភ្ញៀវដែលមកលេងផ្ទះ បានសាកល្បងដាប់សន្លឹកក្បាច់ បុរសរូបនេះថា គេអាចយកភ្លុក ឬក៏សម្បកខ្យង មកច្នៃធ្វើក្បាច់លម្អលើឧបករណ៍រនាតបាន ហើយវារំលេចភាពប្រណីតជាងឆ្អឹងគោផង។ ប៉ុន្តែបច្ចុប្បន្នវត្ថុទាំងពីរនេះខ្សត់ ម្យ៉ាងបច្ចេកទេសធ្វើក៏ទាមទារខ្ពស់ដែរ។ ធ្វើតាមលទ្ធភាពដែលមាន សម្រាប់លោក ញ៉ឹក សុខហេង យកត្រឹមឆ្អឹងគោមកច្នៃធ្វើក្បាច់តែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ឆ្អឹងគោទាំងនោះត្រូវតែយកទៅស្ងោរជាមុនសិន ដើម្បីបំបាត់ជាតិខ្លាញ់និងធ្វើឱ្យសផង ហើយត្រូវសំដិលទុកក្នុងម្លប់ឱ្យអស់ក្លិន ទើបយកទៅច្រៀកធ្វើក្បាច់បាន។ 
 
ជាងធ្វើឧបករណ៍ភ្លេងរូបនេះ ពន្យល់បន្ថែមពីរបៀបស្ងោរឆ្អឹង៖«យើងពិនិត្យមើលទៅលើឆ្អឹង យើងមិនបានកំណត់ពេលវេលាសម្រាប់ការស្ងោរទេ។ ទី១ឆ្អឹងហ្នឹងវាមិនស្មើគ្នា ឆ្អឹងខ្លះក្រាស់ ឆ្អឹងខ្លះស្ដើង អ៊ីចឹងពេលណាតែយើងស្ងោរជាមួយគ្នា វាច្រឡូកច្រឡំគ្នា។ អ៊ីចឹងពេលស្ងោរហ្នឹង យើងពិនិត្យមើលថាតើឆ្អឹងហ្នឹងវាល្មមនឹងអាចយើងធ្វើបាន ទើបយើងស្រង់។ វិធីស្ងោរហ្នឹង ចាស់ៗពីដើមគាត់ស្ងោរដាក់សាច់ជូរ សម្រាប់កាត់ជាតិខ្លាញ់ដែលជាប់នៅនឹងឆ្អឹង ហើយក៏វាធ្វើឱ្យឆ្អឹងសដែរ»។


លោក ញ៉ឹក សុខហេង កំពុង​អង្គុយ​ដាប់​ពុម្ពក្បាច់
 
លោក សុខហេង ពន្យល់បន្ថែមស្របពេលលោកយកឆ្អឹងគោមកបង្ហាញខ្ញុំ៖«ចាស់ៗខ្លះពេលគាត់ស្ងោរឆ្អឹងហ្នឹងហើយ គាត់ស្រង់ចេញពីទឹកសាច់ជូរ គាត់យកទៅស្ងោរជាមួយនឹងទឹកបាយទៀត ដើម្បីឱ្យវាស។ ឥឡូវនេះវាទំនើបហើយ បើយើងស្ងោរចង់ឱ្យវាស យើងមានម្សៅសាប៊ូ មានសាច់ជូរចឹងដែរ ក៏ប៉ុន្តែយើងមិនចោលពីបុរាណទេ យើងនៅតែដាក់ទឹកអង្ករទឹកបាយ ដើម្បីឱ្យឆ្អឹងហ្នឹងវាសល្អ»។
 
ងាកចេញពីបច្ចេកទេសសម្រិតសម្រាំងឆ្អឹង បុរសមានដើមកំណើតនៅខណ្ឌច្បារអំពៅរូបនេះ ប្រាប់ពីប្រភេទឈើដែលត្រូវយកមកធ្វើឧបករណ៍ភ្លេងវិញម្ដង។ លោករៀបរាប់ដូច្នេះ៖«មានឈើច្រើនដែលអាចធ្វើទៅបាន ដូចជាដួងចែមក៏គេអាចធ្វើបាន ឈើគគីរក៏គេអាចធ្វើបាន។ ប៉ុន្តែបើយើងរើសយកឈើមួយដែលប្រណីត ឈើដែលល្អមាំទាំ មានឈើគ្រញូង ឈើបេង ឈើធ្នង់ជាដើម ហើយវាត្រូវនឹងសម័យកាលនេះផង ព្រោះឈើទាំងនេះជាឈើប្រណីត។ ប្រសិនបើចង់ឱ្យវាល្អ ភាគច្រើនគេរើសយកឈើ៣ប្រភេទហ្នឹង»។ 
 
ត្រូវការពេលប្រហែលកន្លះខែ ដើម្បីធ្វើរនាតលាតបានមួយ និងត្រូវការពេលប្រហែលពី២ទៅ៣ខែ ដើម្បីធ្វើឧបករណ៍រនាតមានបញ្ចុះក្បាច់បានមួយ បុរសដែលមានមុខរបរស្នូលជាអាចារ្យពេលារូបនេះ ប្រាប់ថាដ្បិតតែសម័យបច្ចុប្បន្នមានឧបករណ៍ជំនួយក្នុងការធ្វើឧបករណ៍ភ្លេងបានលឿនក៏ពិតមែន ប៉ុន្តែក្បួនខ្នាតនិងបច្ចេកទេសមួយចំនួន គឺត្រូវតែគោរពតាមចាស់បុរាណ៖«ឥឡូវនេះយើងធូរជាងបុរាណ បើបុរាណពីមុនមក គាត់មានតែពន្លាកទេ មានពន្លាករ៉ែ ពន្លាកលក ពន្លាកដាប់ សម្រាប់លកសាច់ឈើ ប៉ុន្តែឥឡូវយើងមានម៉ូទ័រជួយ វាបានធូរជាងតាៗបន្តិចទេ។ ប៉ុន្តែបច្ចេកទេសក្នុងការបញ្ចុះក្បាច់ ទាមទារលក្ខខណ្ឌរបស់បុរាណដូចគ្នាហ្នឹង»។
 
នៅក្នុងរោងជាងធ្វើរនាតនេះ មានពន្លាកគ្រប់ធុននិងគ្រប់ទំហំ ទាំងតូចទាំងធំ តម្រៀបតាមតុដែលជាកន្លែងអង្គុយដាប់និងកាត់ក្បាច់។ ពន្លាកសម្បូរបែបយ៉ាងនេះ គឺធ្វើឡើយដើម្បីតម្រូវតាមក្បាច់ដែលបានគូរមកនោះ៖«តាមពិតទៅខ្ញុំមិនដែលធ្លាប់បានរាប់ថាខ្ញុំមានពន្លាកប៉ុន្មានទេ សំខាន់ពេលណាខ្ញុំដាក់ទៅ វាត្រូវជាមួយនឹងអំពត់ក្បាច់ហ្នឹងខ្ញុំយកវាមកប្រើ។ ជួនកាលវាតូចជួនកាលវាធំ ដូច្នេះខ្ញុំយកមកប្រើច្រើនបែប នេះចាប់ពី២០មុខហើយ បានទៅរួច។ មានពន្លាករ៉ែ ពន្លាកដាប់ ពន្លាកក្រចកធំតូច ពន្លាកជ្រុង ទៅតាមលក្ខណៈក្បាច់ដែលយើងបញ្ចុះហ្នឹង»។ 


កំណាត់​ឆ្អឹង​គោ​ដែល​គេ​ស្ងោរួច​ សំដិល​ទុក​ក្នុង​រោង​ជាង
 
លោក សុខហេង បានពន្យល់ពីក្បាច់ដែលគេនិយមយកមកធ្វើឧបករណ៍រនាតឯក៖«ក្បាច់ភាគច្រើននៅសម័យកាលក្រោយនេះ ដោយបន្សល់ទុកតឹកតាង ដូចជារនាតដែលមាននៅក្នុងព្រះបរមរាជវាំង គាត់ប្រើអំពត់ក្បាច់ភ្ញីវល្លិ វាស៊ីជាមួយនឹងទម្រង់រនាត ដែលវាមានរាងកោងដេករបៀបហ្នឹង ហើយនឹងភ្ញីទេស។ បើនិយាយពីទម្រង់ភ្លេងវិញ ភ្ញីទេសវាត្រូវច្រើនកម្មវិធី អ៊ីចឹងតម្រូវការរបស់គាត់ គាត់យកមួយណាដែលវាងាយ ធ្វើតែមួយវាត្រូវបានច្រើន។ ដូចជាភ្ញីទេសតំណាងឱ្យភាពសម្បូរសប្បាយ រុងរឿង ត្រជាក់ត្រជំ»។
 
ទម្រាំទទួលបានឧបករណ៍រនាតឯក ដែលមានបញ្ចុះក្បាច់យ៉ាងស្រស់ស្អាតនោះ មិនមែនជារឿងងាយស្រួលប៉ុន្មានឡើយ។ សម្រាប់លោក ញ៉ឹក សុខហេង ផលលំបាកបំផុត គឺការផ្ទៀងផ្ទាត់ក្បាច់ជាមួយនឹងសាច់ឈើ៖«លំបាកនៅត្រង់ដែលយើងយកមកផ្ទៀងផ្ទាត់ក្បាច់ ជាមួយនឹងការលករបស់យើង។ ពេលណាដែលយើងដាក់ទៅមិនចំចំណុចរបស់វា វាប្រាកដជាទៅជារាងពងក្រពើ ឬមួយជារាងទ្រវែងអ៊ីចឹងទៅ វាខុសអំពត់ក្បាច់ហ្នឹង ដល់សម្រេចចេញជារូបរាង វាមិនល្អដូចអំពត់ដែលយើងធ្វើទៅត្រូវ។ ទាមទារឱ្យយើងពិនិត្យហើយពិនិត្យទៀត ឱ្យល្អិតល្អន់ទើបយើងគូរ ហើយបានយើងដាប់»។
 
ទោះជាយ៉ាងណាក៏ដោយលោក ញ៉ឹក សុខហេង បានអះអាងថាលោកធ្វើឧបករណ៍ភ្លេងបុរាណនេះ គឺដើម្បីលើកតម្កើងមរតកវប្បធម៌ជាតិ និងចង់ឱ្យកូនខ្មែរដទៃទៀត អាចលះបង់ពេលវេលារបស់ខ្លួនខ្លះ ចូលរួមក្នុងការងារវប្បធម៌តាមលទ្ធភាព។ លោក សុខហេងបន្ថែម«ខ្ញុំតែងតែគិតថា ប្រសិនបើមានមនុស្សដែលចេះលះបង់ពេលវេលា លះបង់ធនធាន ដើម្បីថែរក្សា ដើម្បីលើកតម្កើងវប្បធម៌របស់ខ្លួន ឱ្យបានរុងរឿង ឱ្យបានល្អ តាមអ្វីដែលខ្លួនអាចធ្វើទៅបាន។ សម្រាប់ប្រជាជនទាំងអស់ មិនមែនតែក្នុងតំបន់ណាមួយទេ។ ឧទាហរណ៍នៅតំបន់ខ្ញុំនេះ មានមួយក្រុមតូចអ៊ីចឹងទៅ ទៅតំបន់ផ្សេងនោះ ក៏ចាប់ផ្ដើមមានមួយក្រុមតូចទៀតទៅ ហើយតទៅថ្ងៃអនាគត យើងនឹងមានលទ្ធភាពក្នុងការផ្សព្វផ្សាយ នូវវប្បធម៌ដូនតារបស់យើង»៕
 


ឧបករណ៍​សម្រាប់​ជំនួយ​ដល់​ការ​ធ្វើ​រនាតឯក


Tag:
 រនាត
  ភ្លេង
  ឧបករណ៍ភ្លេងបុរាណ
  ក្បាច់
  លម្អ
  ឈើ
  ឆ្អឹង
  ញ៉ឹក សុខហេង
© រក្សាសិទ្ធិដោយ thmeythmey.com