កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ត្រៀម៤៦៥លានដុល្លារ ថែម Ronaldo ផង ដើម្បីយក Mbappe ពី PSG
18, Oct 2020 , 9:59 pm        
រូបភាព
ក្លិប Juventus កំពុងរៀបចំការដេញថ្លៃឯតទគ្គកម្មពិភពលោកក្នុងចំនួនទឹកប្រាក់ ៣៦០ លានផោន (៤៦៥លានដុល្លារអាមេរិក) ដើម្បីទិញយក Kylian Mbappe ។ កាសែតអ៊ីតាលី Tuttosport បានអះអាងថាម្ចាស់ជើងឯក Serie A ថែមទាំងសុខចិត្តលះបង់ Cristiano Ronaldo ដើម្បីតារាឆ្នើមរបស់ Paris Saint-Germain ទៀតផង។


 
បើតាម Tuttosport ដដែល ក្លិបយក្សអ៊ីតាលីមួយនេះមិនអាចមានម្ចាស់ពានរង្វាន់ Ballon d'Or ៥ សម័យផង ទាំងខ្សែប្រយុទ្ធវ័យក្មេងអន្តរជាតិបារាំង Mbappe ទាំងពីរបានទេ ដោយសារអ្នកទាំងពីរសុទ្ធតែមានបៀវត្សកប់ពពកដូចគ្នា។
 
ដោយសារដូច្នេះហើយទើបក្រុមដែលមានអ្នកចាត់ការទូទៅលោក Andrea Pirlo សម្រេចដាក់ Ronaldo ក្នុងកិច្ចព្រមព្រៀងដើម្បីនាំយកបេក្ខភាពដែលជួយមាន់គកបារាំងឈ្នះ World Cup ទៅកាន់ទឹកដីអ៊ីតាលី។
 
ស្របពេលគ្នានេះមានប្រភពជាច្រើនបានផ្សាយខុសៗគ្នា ដោយខ្លះអះអាងថា PSG មិនទទួលយកការផ្តល់ជូនពី Juventus ក្នុងតម្លៃមហាសាល ៤៦៥លានដុល្លារសម្រាប់គ្រាប់ពេជ្រ វ័យ២១ឆ្នាំនេះឡើយ ខណៈដែល Ronaldo ដែលមានវ័យ ៣៥ ឆ្នាំទៅហើយថែមទាំងមានប្រាក់ឈ្នួល ៥៤ម៉ឺនផោន (ជាង៦៩ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍ទៀតផង។
ដោយឡែក សារព័ត៌មាន SunSport រាយការណ៍ថា ក្លិបយក្សបារាំងនៃលីគកំពូល Ligue 1កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់អតីតតារាឆ្នើម Real Madrid និង Manchester United នេះទៅកាន់ក្រុងប៉ារីស។
 
កន្លងមក Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលសព្វថ្ងៃកំពុងផ្ទុកជំងឺ COVID-19 ក៏ធ្លាប់មានទំនាក់ទំនងជាមួយក្លិបអ្នកមានបារាំងនេះដែរ ហើយស្ទើតែជោគជ័យក្នុងផ្ទេរទៅហើយ ប៉ុន្តែបែរជាទៅចូលរួមជាមួយសេះបង្កង់ Juventus ដែលមានកិច្ចសន្យារហូតដល់ឆ្នាំ២០២២។ 
 
ទោះបីមានការផ្សាយខុសៗគ្នាបែបនេះ ប៉ុន្តែ PSG អាចនឹងចង់បង្កើតទម្រង់លេងថ្មីក្នុងការយក Ronaldo ទៅចាប់ដៃគូជាមួយ Neymar ឬក៏ទិញបន្ថែមដើម្បីមានតំបន់ប្រយុទ្ធជួរមុខRonaldo, Mbappe និង Neymar ក៏ថាបាន៕
 

Tag:
 Juventus
  Kylian Mbappe
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com