ជាតិ
លោកស្រី ឱ វណ្ណឌីន ហាមពលរដ្ឋទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែមដែលលក់តាមអនឡាញ
18, Oct 2020 , 10:29 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យក្រសួង​សុខាភិបាល (រូប​ពី​ហ្វេសប៊ុកក្រសួង​សុខាភិបាល)
លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យក្រសួង​សុខាភិបាល (រូប​ពី​ហ្វេសប៊ុកក្រសួង​សុខាភិបាល)
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានហាមប្រាមពលរដ្ឋកុំឲ្យទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែមដែលលក់តាមអនឡាញ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ដល់អ្នកប្រើប្រាស់។ អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏ស្នើឲ្យបញ្ឈប់ជាបន្ទាន់ ការផ្សព្វផ្សាយលក់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមតាមអនឡាញ ដែលមិនមានច្បាប់ត្រឹមត្រូវ  ។

 
ការព្យាបាលជំងឺទឹកនោមផ្អែម តម្រូវឲ្យមានការពិនិត្យនិងព្យាបាល តាមបច្ចេកទេសវេជ្ជសាស្ត្រដោយគ្រូពេទ្យដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។ ការទិញថ្នាំមកព្យាបាលខ្លួនឯង នឹងមានគ្រោះថ្នាក់ដល់អាយុជីវិត។ នេះជាការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលឆ្លើយនឹងសំណួរអ្នកសារព័ត៌មាននៅក្នុងបណ្តាញតេឡេក្រាមនៅថ្ងៃទី១៨តុលានេះ។   
 
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់បុគ្គលដែលមានបញ្ហាសុខភាព  សូមកុំទិញថ្នាំព្យាបាលជំងឺដោយខ្លួនឯង ប៉ុន្តែត្រូវទៅស្វែងរកការពិនិត្យព្យាបាលពីគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានោះ លោកស្រីក៏បានបញ្ចាក់ដែរថា ជនដែលផ្សព្វផ្សាយតាមអនឡាញ នូវឱសថឫបរិក្ខាពេទ្យ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ត្រូវតែបញ្ឈប់ជាបន្ទាន់។ លោកស្រី ឱ វណ្ណឌីន គូសបញ្ជាក់ទៀតថា ក្រសួងនឹងចាត់ការតាមផ្លូវច្បាប់ជាធរមាន ប្រសិននៅតែបន្ត   ផ្សព្វផ្សាយលក់តាមអនឡាញ ខុសច្បាប់ទៀត។
 
ទោះជាយ៉ាងណា លោកស្រីថា ការផ្សព្វផ្សាយឱសថតាមគ្រប់រូបភាព ត្រូវតែមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងត្រូវគោរពច្បាប់គ្រប់គ្រងឱសថ ដែលមានជាធរមាន ដោយគ្រប់មុខឱសថ ត្រូវតែចុះបញ្ជីកានៅក្រសួងសុខាភិបាល។ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏ត្រូវការការចូលរួមពីប្រជាជនគ្រប់រូបដែរ ដោយលោកស្រីបញ្ជាក់បន្ថែមដូច្នេះ៖«ចំពោះការផ្សាយតាមអនឡាញ តម្រូវឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ។ សូមកុំជឿតាមការឃោសនា ឬការផ្សាយឱសថនេះឲ្យសោះ ហើយចូលរួមរាយការណ៍ជូនក្រសួងសុខាភិបាល នូវភាពមិនប្រក្រតីទាំងឡាយ ជាមួយនឹងប្រភពច្បាស់លាស់ ដើម្បីជាមូលដ្ឋាននៃការស្រាវជ្រាវ និងចាត់វិធានការបានទាន់ពេល»។
 
លោកស្រី ឱ វណ្ណឌីន ក៏បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យជួយចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ចំពោះការផ្សព្វផ្សាយលក់ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ដែលមិនបានសុំច្បាប់អនុញ្ញាតនោះ៕
 

Tag:
 ក្រសួងសុខាភិបាល
  ថ្នាំ
  ជំងឺ
  ទឹកនោមផ្អែម
 ជីវិត
  គ្រោះថ្នាក់
© រក្សាសិទ្ធិដោយ thmeythmey.com