ជាតិ
៤៥ក្រុមហ៊ុន បានដាក់ពាក្យសុំនាំចេញស្វាយស្រស់ទៅកាន់ទីផ្សារចិន រូបភាពពីលោក វេង សាខុន
× គិតត្រឹម ខែតុលានេះ មានក្រុមហ៊ុន សហគមន៍កសិកម្ម ចម្ការ និងកសិដ្ឋាន ចំនួន៤៥ហើយ ដែលបានដាក់ពាក្យសុំនាំចេញស្វាយស្រស់ ទៅប្រទេសចិន។ កម្ពុជារំពឹងថា អាចនាំចេញស្វាយលើកដំបូង នៅអំឡុងខែមេសា ឆ្នាំ២០២១។
លោក កែ មុន្នីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃក្រសួងកសិកម្ម ប្រាប់Thmeythmey25ថា គិតត្រឹមខែតុលានេះ មានក្រុមហ៊ុន សហគមន៍កសិកម្ម ចម្ការ និងកសិដ្ឋាន ចំនួន៤៥ហើយ ដែលបានដាក់ពាក្យសុំនាំចេញស្វាយស្រស់ ទៅប្រទេសចិន។ តាម លោក កែ មុន្នីវុធ ផ្លែស្វាយស្រស់ ដែលអាចនាំចេញទៅកាន់ប្រទេសចិនបាន លុះត្រាតែចុះបញ្ជីកសិដ្ឋាន និងទីតាំងវេចខ្ចប់ នៅអគ្គនាយកដ្ឋានកសិកម្ម ដែលទទួលស្គាល់ដោយអ្នកជំនាញគយប្រទេសចិន (GACC) ។
លោក មុន្នីវុធ បញ្ជាក់ទៀតថាកម្ពុជារំពឹងថា អាចនាំចេញស្វាយលើកដំបូង នៅអំឡុងខែមេសា ឆ្នាំ២០២១ ឯណោះ ខណៈដែលកិច្ចព្រមព្រៀងនាំចេញស្វាយស្រស់ទៅចិន ក្នុងបរិមាណ៥០ម៉ឺនតោនក្នុងមួយឆ្នាំៗ ត្រូវបានចុះហត្ថលេខាទាងពីពាក់កណ្តាលឆ្នាំ២០២០មកម្ល៉េះ។
បញ្ហាមួយក្នុងចំណោមបញ្ហាដទៃទៀត ដែលនាំឲ្យការនាំចេញស្វាយទៅចិនយឺតយ៉ាវ គឺជំងឺរាតត្បាតកូវីដ-១៩។ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ពន្យល់បន្ថែម៖«ក្រសួងកសិកម្មខិតខំណាស់ ក្នុងកិច្ចការនេះ តែដោយសារឆ្នាំនេះ ជួបបញ្ហាកូវីដ-១៩ ទើបដំណើរការនាំចេញស្វាយស្រស់ ទៅកាន់ប្រទេសចិន មានការយឺតយ៉ាវ។ ប៉ុន្តែយើងសង្ឃឹមថា ក្នុងរដូវកាលប្រមូលផលស្វាយឆ្នាំក្រោយ នឹងអាចនាំចេញស្វាយស្រស់ លើកដំបូងទៅកាន់ចិន។ ក្រៅពីបញ្ហាកូវីដ-១៩ កម្ពុជានៅខ្វះខាតឧបករណ៍សម្លាប់ដង្កូវដែរ ខណៈបច្ចុប្បន្ន ក្រសួងកសិកម្ម អះអាងថាមានតែក្រុមហ៊ុនបស់កូរ៉េតែមួយគត់ ដែលដាំខ្លួនឯង មានម៉ាស៊ីនសម្អាតមេរោគ និងរៀបចំស្តង់ដារនាំចេញទៅចិនដោយខ្លួនបាន។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិម្ម ក៏ធ្លាប់ប្រាប់ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗដែរថា មានក្រុមហ៊ុនចិនប្រមាណ ៣ ទៅ ៤ ក្រុមហ៊ុនទៀត កំពុងដំណើរការដំឡើងរោងចក្រ ត្រួតពិនិត្យគុណភាព សម្លាប់សមាសភាពចង្រៃ និងមេរោគ ដើម្បីនាំចេញផ្លែស្វាយ ទៅចិន។
ពាក់ព័ន្ធការនាំចេញស្វាយស្រស់ទៅចិននេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ធ្លាប់បានបញ្ជាក់ប្រាប់សារព័ត៌មានThmeythmey25 ថា ក្រសួងកសិកម្ម កំពុងអំពាវនាវឲ្យកសិករ ដែលដាំស្វាយមកចុះបញ្ជី ដើម្បីវាយតម្លៃ និងបណ្ដុះបណ្ដាលពីបច្ចេកទេស ក្នុងការដាំស្វាយដែលមានគុណភាព អាចនាំចេញស្វាយទៅចិនបាន។ ក្រសួងកសិកម្ម ប្តេជ្ញាជួយជ្រោមជ្រែង អ្នកដាំស្វាយឲ្យមានលទ្ធភាពនាំចេញស្វាយស្រស់ទៅចិនដោយខ្លួនឯង។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល៩ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ប្រមាណ ៦២ ៩២០ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះមានប្រទេសថៃ វៀតណាម បារាំង កូរ៉េខាងត្បូង និងហុងកុង។ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះស្វាយ ប្រមាណ ១២ម៉ឺនហិកតា ដែលអាចផ្តល់ទិន្នផល ១លាន ៤សែនតោន ក្នុងមួយឆ្នាំៗ។ បន្ទាប់ពីការនាំចេញជោគជ័យ កម្ពុជា ក៏នឹងពង្រីកការដាំដុះស្វាយផងដែរ។ នេះបើតាមលោករដ្ឋមន្រ្តីបញ្ជាក់ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនាពេលកន្លងទៅ៕
Tag:
ស្វាយ
កែ មុន្នីវុធ
នាំចេញ
កសិផល
FTA
© រក្សាសិទ្ធិដោយ thmeythmey.com