ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! បេះដូង​នឹងមាន​គ្រោះថ្នាក់ ព្រោះ​ទម្លាប់​ទាំង​ប៉ុន្មាន​នេះ​
16, Dec 2020 , 6:59 pm        
រូបភាព
​បេះដូង​របស់​អ្នក គឺជា​សរីរាង្គ​សកម្ម​បំផុត​មួយ​ក្នុង​រាងកាយ​។ វា​ធ្វើការ​ពេញ ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។ ដូច្នេះ​ការរក្សា​ឱ្យបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ គឺ​ចាំបាច់​ណាស់​។ ក្រៅពី​មាន​របប​អាហារ​មិនល្អ ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ទម្លាប់​មួយចំនួន​ផ្សេងទៀត​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បេះដូង​គួរឱ្យ​ព្រួយបារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖

 
១. គេង​មិនបាន​គ្រប់គ្រាន់​
 
​ការ​គេង​មិន​គ្រប់​អាច​រារាំង​ឈាម​មិនឱ្យ​រត់​បាន​ត្រឹមត្រូវ ហើយ​វា​ជា​អ្វីមួយ​ដែល​អាចធ្វើឱ្យ​ឈាមកក​កើតមានឡើង​។ ឈាមកក​នោះ​អាច​ចរាចរ ហើយ​រាំងស្ទះ​ដល់​លំហូរ​នៃ​ឈាម​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​សាច់ដុំ​បេះដូង​ដែលជា​អ្វីមួយ​អាច​នាំឱ្យ​គាំងបេះដូង​។ ប្រសិនបើ​អ្នក​ផ្ដាច់ការ​ផ្គត់ផ្គង់​ឈាម​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​ផ្នែក​មួយ​នៃ​ខួរក្បាល នោះ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​នឹង​ឡើង​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ជាក់​ជាមិនខាន​។​
 
២. សុខភាព​មាត់​ធ្មេញ​
 
​អ្នក​ចាំបាច់​គួរ​រក្សា​សុខភាព​មាត់​ធ្មេញ​ឱ្យបាន​ល្អប្រសើរ​ដើម្បី​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ នេះ​ក៏​ព្រោះតែ​អ្នក​ដែល​ទទួលរង​ពី​ជំងឺ​អញ្ចាញធ្មេញ​ងាយ​នឹង​ជួបប្រទះ​បញ្ហា​បេះដូង​ផ្សេងៗ​ណាស់​។​
 
៣. ស្ត្រេ​ស​
 
​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​សុខភាព​ជាច្រើន​រួមទាំង​ជំងឺ​បេះដូង​និង​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។ ស្ត្រេ​ស​បន្ថយ​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ហើយ​ថែមទាំង​បណ្ដាលឱ្យ​រាងកាយ​បង្កើន​ការផលិត​អ័រម៉ូន cortisol និង epinephrine ដែល​បង្កបញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​។ កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើង​ខ្ពស់​នេះហើយ​ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​បេះដូង​។​
 
៤. មិន​ទៅ​ជួប​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​ជំនាញ​
 
​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​ជំនាញ​ជាម​នុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ប្រាប់​អ្នក​បាន​ពី​រឿង​គ្រប់យ៉ាង​ដែល​ពាក់ព័ន្ធ​នឹង​សុខភាព​របស់​អ្នក​។ ចូរ​ព្យាយាម​ទៅពិនិត្យ​សុខភាព​ជាប្រចាំ​ឆ្នាំ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។​
 
៥. ជាតិពុល​ក្នុង​បរិយាកាស​
 
​បរិយាកាស​ដែល​អ្នក​កំពុង​រស់នៅ​អាច​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​បេះដូង​របស់​អ្នក​។ ការរស់នៅ​ក្នុង​ទីក្រុង​ដែល​ពោរពេញ​ទៅដោយ​ជាតិពុល​និង​ការបំពុល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យ​ព្រួយបារម្ភ​។​
 
៦. ការប្រើប្រាស់​ថ្នាំ Steroid
 
​ថ្នាំ​ប្រភេទ​នេះ គឺ​គ្រោះថ្នាក់​ណាស់​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល​តែម្ដង​។ Steroid អាចធ្វើឱ្យ​សាច់ដុំ​កាន់តែ​រឹងមាំ ប៉ុន្តែ​បេះដូង​ប្រែជា​ចុះខ្សោយ ហើយ​ងាយ​នឹងមាន​បញ្ហា​។​
 
៧. ការជក់បារី​និង​ការ​ហិត​ផ្សែង​បារី​
 
​ទាំង​ការជក់បារី​និង​ការ​ហិត​ផ្សែង​បារី​សុទ្ធតែជា​កត្តា​គ្រោះថ្នាក់​ដែល​អាច​បង្កបញ្ហា​សុខភាព​ជាច្រើន​ចំពោះ​សួត​និង​បេះដូង​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​បញ្ឈប់​ការជក់បារី​និង​ការពារ​ខ្លួន​ពី​ការ​ហិត​ផ្សែង​បារី​អ្នកដទៃ​។ ដូច្នេះ​នៅពេល​ឈប់​ជក់បារី​ហានិភ័យ​នៃ​ជំងឺ​បេះដូង​នឹង​ត្រូវបាន​កាត់បន្ថយ​គួរឱ្យកត់សម្គាល់​។​
 
៨. ការមិនធ្វើ​លំ​ហាត់ប្រាណ​
 
​ការមិនធ្វើ​លំ​ហាត់ប្រាណ​សោះនឹង​បង្ក​ផលប៉ះពាល់​ដល់​មុខងារ​របស់​បេះដូង​ក្នុងការ​ច្របាច់​ឈាម​ទៅ​សព្វ​រាងកាយ​ដែលនាំឱ្យ​កើតមាន​បញ្ហា​សុខភាព​ផ្សេងៗ រួមទាំង​ជំងឺលើសឈាម​។ ហើយ​នៅពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​នោះ​ប្រព័ន្ធ​ស​សៃ​ឈាម​បេះដូង​ទាំងមូល ក៏ដូចជា​បណ្ដា​សរីរាង្គ​ផ្សេងទៀត​នឹងត្រូវ​ប្រឈមមុខ​ជាមួយ​គ្រោះថ្នាក់​គួរឱ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ជាមិនខាន​។ យោងតាម​វេជ្ជបណ្ឌិត​ជាច្រើន​បានឱ្យដឹងថា​ផលប៉ះពាល់​ផ្សេងទៀត​នៃ​ការមិនធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ គឺ​ការកើនឡើង​ខ្ពស់​នៃ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​។ ដូច្នេះ​ដើម្បី​ចៀស​ផុតពី​បញ្ហា​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​កើនឡើង​ខុស​ប្រក្រតី ចូរ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​។ ការកើនឡើង​នៃ​សម្ពាធ​ឈាម​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ គឺជា​កត្តា​ចម្បង​បំផុត​នៃ​បញ្ហា​ជំងឺ​បេះដូង​។ ហើយ​កត្តា​ទាំងពីរ​នេះ​ជា​ញឹកញយ​កើតឡើង​ដោយសារ​កង្វះ​នៃ​លំ​ហាត់ប្រាណ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ចៀស​ផុតពី​បញ្ហា​នៃ​ជំងឺ​បេះដូង ចូរ​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com