ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន! មុខងារចងចាំនៃខួរក្បាលនឹងទទួលរងផលប៉ះពាល់ ព្រោះកត្តាទាំងនេះ
20, Oct 2020 , 6:59 am        
រូបភាព
ទោះជា​យ៉ាងណា​មាន​កត្តា​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​មុខងារ​ដ៏​សំខាន់​មួយ​នេះ​របស់​ខួរក្បាល​! ថា​តើក​ត្តា​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​មួយចំនួន​ដែល​អាច​ជះ​ផលប៉ះពាល់​ដល់​មុខងារ​នៃ​ការចងចាំ​របស់​ខួរក្បាល ៖

 
១. ការជក់បារី​និង​ហិត​ផ្សែង​បារី​
 
​មិន​ត្រឹមតែ​បង្កើន​ហានិភ័័យ​នៃ​ជំងឺមហារីក​សួរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សារធាតុ​គីមី​ក្នុង​បារី​មាន​ឥទ្ធិពល​ធ្វើឱ្យ​ខួរក្បាល​រួម​តូច​ដោយ​លំ​ហូរឈាម​ដឹកជញ្ជូន​អុកស៊ីសែន​ទៅកាន់​ខួរក្បាល​ក៏ត្រូវ​ថយចុះ ហើយ​អាច​ឈានដល់​ថ្នាក់​កើត​ជំងឺ​ភ្លេចភ្លាំង ឬ​វង្វេងវង្វាន់​ទៀតផង​។​
 
២. ជំងឺ​បាក់​ទឹកចិត្ត (Depression) និង​ជំងឺ​ថប់​បារម្ភ (anxiety)
 
​បញ្ហា​នៃ​ជំងឺផ្លូវចិត្ត​ទាំងពីរ​នេះ​អាច​បណ្ដាលឱ្យ​កម្រិត​នៃ​អ័រម៉ូន Cortisol កើនឡើង​ដែល​ជះឥទ្ធិពល​លើ​កោសិកា​ខួរក្បាល​គួរឱ្យ​ព្រួយបារម្ភ​។​
 
៣. ជំងឺ​ពាក់ព័ន្ធ​នឹង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
 
​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក៏​ជះ​ផលប៉ះពាល់​លើ​សុខភាព​ខួរក្បាល​និង​មុខងារ​នៃ​ការចងចាំ​គួរឱ្យ​ព្រួយបារម្ភ​។​
 
៤. គេង​មិនបាន​គ្រប់គ្រាន់​
 
​ការ​គេង​អនុញ្ញាតឱ្យ​ខួរក្បាល​មាន​ពេល​សម្រាក​។ ម្យ៉ាងវិញទៀត​ការ​គេង គឺ​ចាំបាច់​ណាស់​សម្រាប់​ពង្រឹង​ការតភ្ជាប់​រវាង​ណឺរ៉ូន ដូច្នេះហើយ​ទើប​ការ​គេង​មិន​គ្រប់​រយៈពេល​យូរ​អាច​បណ្ដាលឱ្យ​ងាប់​កោសិកា​ខួរក្បាល និង​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ការចងចាំ​។​
 
៥. ការ​អស់​រដូវ​
 
​ការ​អស់​រដូវ​ក៏មាន​ទំនាក់ទំនង​ជាមួយ​បញ្ហា​នៃ​ការចងចាំ​ផងដែរ ប៉ុន្តែ​វា​មាន​លក្ខណៈ​ជា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។ អារម្មណ៍​ក្ដៅ​ភាយៗ​ដែល​ស្ត្រី​ភាគច្រើន​ជួបប្រទះ​កំឡុងពេល​អស់​រដូវ​ជះឥទ្ធិពល​ដល់​សមត្ថភាព​នៃ​ការចងចាំ ឬ​ការតាំង​អារម្មណ៍ ព្រមទាំង​ធ្វើឱ្យ​គេង​មិនបាន​ស្កប់​គ្រប់គ្រាន់​ថែមទៀត​។​
 
៦. របប​អាហារ​មិនល្អ​
 
​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម ឬ​អាហារ​ប្រៃ​ច្រើនពេក គឺ​មិនល្អ​សម្រាប់​សុខភាព​សម្ពាធ​ឈាម​និង​បេះដូង​ឡើយ​។ លើសពីនេះទៅទៀត​ការទទួល​ទាន​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​អាច​បង្ក​ផលប៉ះពាល់​ដល់​មុខងារ​នៃ​ភាព​យល់ដឹង​របស់​ខួរក្បាល​គួរអោយ​ព្រួយបារម្ភ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សុខភាព​ខួរក្បាល ក៏ដូចជា​បេះដូង​ល្អប្រសើរ ចូរ​កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម​។ អាហារ​កែច្នៃ​ក៏​មិនល្អ​ដូចគ្នា​!  អាហារ​កែច្នៃ​ច្រើន​តែមាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ដែល​អាច​បង្ក​ការ​រលាក និង​បំផ្លាញ​ដល់​កោសិកា​ខួរក្បាល​។ ចូរ​ព្យាយាម​ទទួលទាន​បន្លែ​ផ្លែឈើ​ស្រស់ៗ​ឱ្យបាន​ច្រើន​ជំនួស​វិញ​។​
 
៧. ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​
 
​ពិសា​គ្រឿង​ស្រវឹង​ច្រើន​
 
​ក្រៅពី​សុខភាព​ថ្លើម​ហើយ​នោះ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ជាប្រចាំ​ក៏​ជះឥទ្ធិពល​លើ​សុខភាព​និង​សមត្ថភាព​យល់ដឹង​ចងចាំ​របស់​ខួរក្បាល​ផងដែរ​។​ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ខួរក្បាល​ល្អប្រសើរ​ចូរ​បញ្ឈប់ ឬ​កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com