ជាតិ
សង្គមជាតិ
លោក ប៊ុន បារាំង​៖ ជំនន់​ទឹកភ្លៀង បច្ចុប្បន្ន មិនទាន់​ប៉ះពាល់​ដល់​ដំណើរ​ការផលិត​អំបិល​ឡើយ​
19, Oct 2020 , 10:10 am        
រូបភាព
ដោយ:
​បច្ចុប្បន្ន​ខេត្ត​ចំនួន​១៩ ក្នុងប្រទេស​កម្ពុជា​កំពុង​ជួប​បញ្ហា​ទឹកជំនន់ បាន​ជន់​លិច​ដំណាំ​កសិកម្ម​រាប់ម៉ឺន​ហិត​តា ផ្ទះ​ពលរដ្ឋ​រាប់រយ​ខ្នង ប៉ុន្តែ​មិនបាន​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ចំពោះ​ការផលិត​អំបិល​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ នេះ​នោះទេ​។

 
​ភាពមិន​រាំងស្ទះ​ដល់​ការផលិត​អំបិល​នេះ ក៏​ព្រោះតែ​រដូវ​កាល​នៃ​ផលិត​មិនទាន់​មកដល់​។ ពោល​រដូវ​កាល​នៃ​ការផលិត​និង​ប្រមូល​ផល​អំបិល គឺ​ចាប់ផ្ដើម​នៅ​អំឡុង​ខែវិច្ឆិកា ធ្នូ រហូតដល់​ខែមេសា​។ កម្ពុជា​ស្ថិតក្នុង​កាលៈទេសៈ​ជួប​បញ្ហា​ទឹកជំនន់​ក៏ពិតមែន តែ​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​នៃ​ការផលិត​អំបិល​នោះទេ​។ 
 
«​ឆ្នាំនេះ​កម្ពុជា​ក៏​មិន​ខ្វះខាត​ក្នុងការ​ផ្គត់ផ្គង់​អំបិល​ដែរ ហើយ​ទីផ្សារ​អំបិល​មិនមាន​ការប្រែប្រួល​នោះទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៊ុន បារាំង សហប្រធាន​សមាគម​អ្នក​ផលិត​អំបិល​ខេត្ត​កែប​-​កំពត ប្រាប់​សារព័ត៌មាន​ThmeyThemy25 តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០២០​។​
 
​លោ​កថា​បច្ចុប្បន្ន​ផ្ទៃដី​ផលិត​អំបិល​ក្នុង​ខេត្ត​កែប​-​កំពត មាន​ប្រមាណ ៤ ៥០០​ហិកតា គិត​ជា​ក្រុម​មាន ២០០​ក្រុម​។ ដោយឡែក​ជា​មធ្យម​ទិន្នផល​អំបិល​ក្នុង​មួយ​ហិកតា អាច​ផលិត​អំបិល​ប្រមាណ ២០​តោន​។ ចំពោះ​ទីផ្សារ​អំបិល​វិញ​អាច​លក់បាន​ក្នុងតម្លៃ ១៥ ០០០​រៀល​ក្នុង​មួយ​បាវ (៥០​គីឡូ​)​។​
 
​មិន​ខុសគ្នា​នោះទេ​លោក កឹង ស៊ុន​ធាង ប្រធានការិយាល័យ​ផលិត​អំបិល អាចមាន​ភាពយឺតយ៉ាវ​តិចតួច​ក្នុង​ការផលិត​អំបិល​ឆ្នាំនេះ តែ​មិនមាន​ផលប៉ះពាល់​ដល់​ការផលិត​នោះទេ​។  លោក​ប្រាប់ ThmeyThmey25 យ៉ាង​ដូច្នេះ​៖«​សម្រាប់​កម្ពុជា​បច្ចុប្បន្ន​ការផលិត​អំបិល ក៏​នៅ​មិនទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​នោះដែរ ប៉ុន្តែ​ឆ្នាំនេះ​អំបិល មិនមាន​ការខ្វះខាត​នោះទេ​»​។ លោក​បន្តថា ចំពោះ​ការផ្គត់ផ្គង់​អំបិល​នៅ​កម្ពុជា មានការ​ខ្វះខាត​តិចតួច​នៅឡើយ ដោយមាន​ការនាំ​ចូល​ពី​ប្រទេសជិតខាង​ដូចជា​ប្រទេស​វៀតណាម ថៃ និង​ឥណ្ឌា​ជាដើម​។ 
 
​បច្ចុប្បន្ន​តម្រូវការ​អំបិល​នៅ​កម្ពុ​ជាមាន​ប្រមាណ ១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ តែ​ការផលិត​អំបិល​មានតែ​ប្រមាណ ៨​ម៉ឺន​តោន​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​»​។ នេះ​បើតាម​លោក កឹង ស៊ុន​ធាង ប្រធានការិយាល័យ​ផលិត​អំបិល​៕

Tag:
 ​ជំនន់​
 ​អំបិល
© រក្សាសិទ្ធិដោយ thmeythmey.com