ជាតិ
គោ១៦៦ក្បាល កំពុងប្រឈមមុខរងគ្រោះ បើភ្លៀងធ្លាក់បន្តទៀត នៅសង្កាត់រលួស ខណ្ឌដង្កោ
× សត្វគោ ចំនួន១៦៦ក្បាល កំពុងប្រឈមការជន់លិច បើសិនភ្លៀងនៅតែបន្តធ្លាក់។ នេះបើតាមម្ចាស់គោលោក អ៊ួង ផល្លា ស្ថិតក្នុងភូមិគោកក្រសាំង សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោក អ៊ួង ផល្លា បានបញ្ជាក់ពីស្ថានភាពទឹកនៅសង្កាត់រលួសថា គិតត្រឹមព្រឹកថ្ងៃទី១៩ តុលានេះ ស្ថានភាពទឹកនៅផ្ទះលោក បានស្រកចុះកន្លះម៉ែត្រហើយ និងមានភាពងាយស្រួលធ្វើដំណើរជាងមុន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ផល្លា បានបញ្ជាក់ថា៖«ផ្ទះអ្នកផ្សេងលិចអស់ហើយ នៅតែផ្ទះខ្ញុំទេ ខ្វះកន្លះម៉ែត្រទៀតនឹងលិចដែរហើយ»។
ចំណែកសត្វគោ១៦៦ក្បាល ដែលលោក ផល្លា ជម្លៀសទៅទីទួលខ្ពស់សិននោះ ក៏ប្រឈមមុខនឹងបញ្ហាដែរ។ លោក ផល្លា បានរាយការណ៍ព័ត៌មាននេះ ទៅក្រុមអាជ្ញាធរ និងកម្លាំងរួចហើយ ដើម្បីជួយសង្គ្រោះបញ្ចៀសសត្វគោទាំងនោះ ទៅកាន់កន្លែងមានសុវត្ថិភាព។«ខាងអាជ្ញាធរក៏ត្រៀមកម្លាំង និងអូប័រ ចាំជួយជម្លៀសគោដែរ បើទឹកមានការកើនឡើងទៀត»។នេះជាការបញ្ជាក់របស់លោក អ៊ួង ផល្លា។
ដោយសារបញ្ហាទឹកជន់លិចតំបន់រលួសនេះ វាបានធ្វើឱ្យលោក ផល្លា ពិបាកធ្វើដំណើរផង និងរកចំណីឱ្យគោផង ព្រោះទីតាំងលក់ស្មៅគោ មានចម្ងាយ៧គីឡូម៉ែត្រពីផ្ទះលោក។ បើតាមលោក ផល្លា ក្នុងមួយថ្ងៃលោកត្រូវចំណាយលុយប្រមាណ ៦០ម៉ឺនរៀល ដើម្បីទិញចំណីឱ្យគោ ដោយសារអំឡុងពេលជន់លិចនេះ ពិបាករកទិញស្មៅ ខណៈដែលតម្លៃស្មៅឡើងថ្លៃ មួយគុណជាពីរ។
«ជាបទពិសោធន៍កន្លងមកជន់លិចម្ដងគឺត្រូវប្រើពេលប្រមាណ ៣ ខែទើបស្ថានភាពអាចវិលទៅរកភាពដើមវិញ»។ នេះជាការបញ្ជាក់របស់ម្ចាស់កសិដ្ឋានចិញ្ចឹមគោលក្ខណៈគ្រួសារ ដែលបានបន្ថែមថា អំឡុងពេលជាង ១០មកនេះ តំបន់ដែលលោករស់នៅមានការជន់លិច ៣ដងមកហើយ គឺនៅឆ្នាំ២០០៧ នៅឆ្នាំ២០១០ និងឆ្នាំ២០២០នេះ។
គោដែលប្រឈមការជន់លិចក្នុងសង្កាត់រលួស (រូបភាពពីលោកផល្លា)
ទិន្នភាពជុំផ្ទះរបស់លោកផល្លា
© រក្សាសិទ្ធិដោយ thmeythmey.com