កីឡាអន្តរជាតិ
អន្តរជាតិ
ចុង​ម៉ោង​! West Ham វាយបក​៣​គ្រាប់​តាម​ស្មើ Spurs មុន Aston Villa បន្ត​ឈ្នះ​៤​ប្រកួត​
19, Oct 2020 , 11:59 am        
រូបភាព
 Gareth Bale រងការ​ខកចិត្ត​នាពេល​បង្ហាញខ្លួន​លើកដំបូង ខណៈ Spurs នាំមុខ៣គ្រាប់នៅតង់ទី១ តែ West Ham តាមស្មើវិញ នៅ១០នាទីចុងក្រោយ
Gareth Bale រងការ​ខកចិត្ត​នាពេល​បង្ហាញខ្លួន​លើកដំបូង ខណៈ Spurs នាំមុខ៣គ្រាប់នៅតង់ទី១ តែ West Ham តាមស្មើវិញ នៅ១០នាទីចុងក្រោយ
Gareth Bale បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​ឲ្យ​ក្រុម Tottenham Hotspur ក្រោយ​វិលត្រឡប់​មកវិញ​រយៈពេល​ជាង​៧​ឆ្នាំ​។ ប៉ុន្តែ West Ham United បាន​បំផ្លាញ​ការវិលត្រឡប់​របស់គេ​ជាមួយនឹង​ការរក​គ្រាប់​បាល់​តាម​ស្មើ​ដ៏​អស្ចារ្យ​ក្នុង​លទ្ធផល ៣-៣​។ លោក Jose Mourihno ថា West Ham សម​នឹង​ទទួលបាន​លទ្ធផល «​សំណាង​» នេះ​។ Aston Villa រក​ក្សា​កំណត់ត្រា​មិន​ចាញ់​ជាមួយនឹង​ជ័យជម្នះ ១-០ លើ Leicester នៅ​ចុង​ម៉ោង ដូច​លទ្ធផល​ស្មើ ១-១ ដែល Brighton តាម Crystal Palace យ៉ាង​ដូច្នោះ​ដែរ​។​

 
​នា​ជំនួប​ក្របខណ្ឌ Premier League សប្តាហ៍​ទី​៥ នៅ​យប់​ថ្ងៃទី​១៨ ខែតុលា ក្រុម Spurs បាន​មានឱកាស​នាំមុខ​ក្រុម​ភ្ញៀវ West Ham ដល់​ទៅ ៣-០ នៅត្រឹម​រយៈពេល​១៦​នាទី ដែល​សម្រេច​ទី​បាន​ដោយ Heung-Min Son មួយ​គ្រាប់​និង Harry Kane ២​គ្រាប់​។​
 
​ចូលដល់​វគ្គ​ទី​២ នាទី​៧២ ខណៈ​លទ្ធផល​គ្រាប់​បាល់​នៅតែ​រក្សា​ការនាំ​មុខ​៣​គ្រាប់​ដដែល អ្នកចាត់ការ​ទូទៅ Jose Mourinho បាន​ប្តូរ​ឲ្យ Bale ចូល​ជំនួស Steven Bergwijn​។ ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​ឲ្យ​មាន់​ខ្នាយ​មាស​ក្រោយ​ផ្លាស់​ពី Real Madrid មកវិញ​រដូវ​កាល​នេះ ខ្សែប្រយុទ្ធ​សញ្ជាតិ​វែ​ល៍​មិន​អាចជួយ​ក្រុម​ទទួលបាន​ផ្លែផ្កា​នោះទេ​។​
 
៨​នាទីចុងក្រោយ ក្រុម​លោក David Moyes រកបាន​ដល់​ទៅ​៣​គ្រាប់​ត្រឡប់​ទៅវិញ និង​ធ្វើ​ឲ្យ Spurs ខក​ឱកាស​បាន​៣​ពិន្ទុ​ថែមទៀត​។ ៣​គ្រាប់​របស់​ក្រុម​រហស្សនាម​ញញួរ​សម្រេចបាន​នៅ​នាទី​៨២ ដោយ Fabian Balbuena ឯ​គ្រាប់​ទី​២ ដោយ​ខ្សែការពារ Davinson Sanchez ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង និង​គ្រាប់​ទី​៣ ដែលជា​គ្រាប់​បាល់ទាត់​ពី​ចម្ងាយ​ដ៏​អស្ចារ្យ​របស់ Manuel Lanzini នៅ​នាទី​៩០​បូក​ហើយ​នោះ​។​
 
​ក្រោយ​ចប់​ការប្រកួត​ក្នុង​លទ្ធផល ៣-៣ លោក Mourinho មិនបាន​បន្ទោស​កូនក្រុម​ឡើយ ប៉ុន្តែ​បាន​សរសើរ​ទៅ​ក្រុម​គូប្រជែង​ថា​សម​នឹង​ទទួលបាន​លទ្ធផល​នេះ​។ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ប្រាប់​ទូរទស្សន៍ Sky Sports ថា​៖« នៅ​ទីបញ្ចប់​ពួកគេ​មានសំណាង ប៉ុន្តែ​ពួកគេ​បាន​ប្រយុទ្ធ​យ៉ាងខ្លាំង​ដើម្បី​ទទួលបាន​សំណាង​នេះ ដូច្នេះ​ខ្ញុំ​សូម​សរសើរ​ពួកគេ​»​។​


 
​រីឯ​ជំនួប​នៅ​ទឹកដី King Power Aston Villa រក្សា​កំណត់ត្រា​ឈ្នះ​ទាំង​៤​ប្រកួត ដោយ Ross Barkley បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទី​បន្ថែម​លើ​ម្ចាស់ផ្ទះ Leicester City​។ លទ្ធផល​តាម​ស្មើ​នៅ​នាទី​បន្ថែម ក៏បាន​កើតឡើង​នៅ​ទឹកដី Selhurst Park របស់ Crystal Palace ផងដែរ ដោយ Alexis Mac Allister ធ្វើ​ឲ្យ Brighton តាម​ស្មើ ១-១ ក្រោយ​ពេលដែល Wifried Zaha បាន​ស៊ុត​ប៉េ​ណា​ល់​ទី​នាំមុខ​សម្រាប់​ម្ចាសផ្ទះ​តាំងពី​ដើមតង់​ទី​១​។​
 
​រីឯ​ជំនួប​គូរ​ផ្សេងទៀត​កាលពី​ចុង​សប្តាហ៍​កន្លងមក Sheffield United តាម​ស្មើ Fulham ១-១, Manchester United ស៊ី​ម្ចាស់ផ្ទះ Newcastle ៤-១, Manchester City ឈ្នះ Arsenal ១-០​។ Southampton តាម​ស្មើ​ម្ចាស់ផ្ទះ Chelsea ៣-៣ នៅ​ចុង​ម៉ោង រីឯ Liverpool បញ្ចប់​ត្រឹម ២-២ នៅ​ទឹកដី​របស់ Everton​។​
 
​ឆ្លងកាត់​ការប្រកួត​៥​លើក Spurs រកបាន​៨​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ឯ West Ham នៅ​លេខ​រៀង​ទី​៨​មាន ៧​ពិន្ទុ​។ Everton នៅ​ឈរ​កំពូល​តារាង​ដដែល តាម​ពីក្រោយ​ដោយ​ក្រុម​មិនដែល​ចាញ់ Aston Villa ដែល​រកបាន​១២​ពិន្ទុ​។ West Bromwich Albion, Fulham និង Burnley នៅ​បាត​តារាង​។​
 
​នេះ​ជា​កំណត់ត្រា​មួយ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នៅ Premier League នា​រដូវ​កាល​នេះ ដែល​ការប្រកួត​ចំនួន​៤៦​សុទ្ធតែ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី ហើយ​មិនទាន់មាន​លទ្ធផល​ស្មើ ០-០ នោះឡើយ​៕
 
 

Tag:
 Tottenham Hotspur
  Gareth Bale
© រក្សាសិទ្ធិដោយ thmeythmey.com