អន្តរជាតិ
ចិន ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ពង្រឹង​ការការពារ​អនីតិជន​តាម​ប្រព័ន្ធ​អន​ឡាញ​
19, Oct 2020 , 1:59 pm        
រូបភាព
សិស្សជនជាតិចិននៅសាលាបឋមសិក្សាមួយក្នុងខេត្តអានហ៊ុយ។ រូបភាព Xinhua
សិស្សជនជាតិចិននៅសាលាបឋមសិក្សាមួយក្នុងខេត្តអានហ៊ុយ។ រូបភាព Xinhua
ដោយ៖​កង ម៉េង​ហុង
 
​ចិន បានធ្វើ​វិសោធនកម្ម​ច្បាប់​របស់ខ្លួន​ដើម្បី​ការពារ​អនីតិជន​នៅលើ​ប្រព័ន្ធ​អន​ឡាញ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua នៅ​ថ្ងៃទី​១៧ ខែតុលា វិសោធនកម្ម​ច្បាប់ នឹង​ចាប់បង្ខំ​ឱ្យ​អ្នកផ្ដល់​សេវាកម្ម​អ៊ីនធឺណិត និង​លក់ទំនិញ​តាម​អន​ឡាញ ចាត់វិធានការ​នៅពេល​ចាំបាច់ ដែល​ស្នើ​ដោយ​អាជ្ញាធរ​។​

-
 
​វិសោធនកម្ម​ច្បាប់​ថ្មី ត្រូវបាន​អនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​នៅ​ថ្ងៃទី​១៧ និង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា​ឆ្នាំក្រោយ​តទៅ​។ ច្បាប់​ថ្មី​ចែងថា អ្នកផ្ដល់​សេវាកម្ម និង​ទំនិញ​តាម​អ៊ីនធឺណិត មិនត្រូវ​ផ្តល់​សេវា​ផលិតផល​និង​សេវាកម្ម​ដល់​អនីតិជន​ដែលនាំឱ្យ​មានការ​ញៀន​ឡើយ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Xinhua រាយការណ៍​ថា អ្នកផ្តល់​សេវាកម្ម​តាម​អ៊ីនធឺណិត​មាន ហ្គេម ការផ្សាយ​បន្ត​ផ្ទាល់ សំឡេង និង​វីដេអូ ព្រមទាំង​បណ្តាញ​សង្គម​ផង ត្រូវតែមាន​វិធានការ​ទប់ស្កាត់​សកម្ម​ភាពមិន​គប្បី​ណាមួយ និង​បង្កើត​មុខងារ​ឆ្លើយតប​ដូចជា​ការកំណត់​ពេលវេលា និង​ដែន​កំណ​ត់នៃ​ការប្រើប្រាស់​សម្រាប់​អនីតិជន​ផងដែរ​។​
 
​បន្ថែម​ពីលើ​នោះ អ្នកផ្តល់​សេវាកម្ម ត្រូវតែ​ចាត់វិធានការ​ចាំបាច់​ដើម្បី​បញ្ឈប់​ការ​បន្ទាបបន្ថោក​តាម​អ៊ីនធឺណិត ហើយ​ឪពុកម្តាយ ឬ​អាណាព្យាបាល​នៃ​អនីតិជន​ដែល​រង​ការធ្វើ​បាន​តាម​អន​ឡាញ ក៏មាន​សិទ្ធិ​ជូនដំណឹង​ដល់​អ្នកផ្តល់​សេវាកម្ម​ឱ្យ លុប រារាំង ឬ​ផ្តាច់​បណ្តាញ​ភ្ជាប់​ដូចគ្នា​។ ក្រោយ​ទទួលបាន​ការជូនដំណឹង ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម ត្រូវមាន​វិធានការ​ភ្លាមៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​
 
​ច្បាប់​ដែល​បានធ្វើ​វិសោធន​កម្មនេះ ក៏មាន​បញ្ញត្តិ​ដែល​ចាប់បង្ខំ​ឲ្យ​សា​លាម​ត្តេ​យ្យ និង​សាលារៀន​នានា មិនត្រូវ​លាក់បាំង​អំពើ​ខុសឆ្គង ហើយ​ត្រូវ​រាយការណ៍​អំពី​ការយាយី និង​ការបំពាន​ផ្លូវភេទ​ទៅលើ​អនីតិជន​ដល់​អាជ្ញាធរ​សន្តិសុខ​សាធារណៈ និង​ផ្នែក​អប់រំ​។ លើសពីនោះ សាលារៀន​របស់​អនីតិជន ក៏ត្រូវ​បណ្ដុះបណ្ដាល​គ្រូបង្រៀន និង​បុគ្គលិក​ពី​សកម្មភាព​ឧក្រិដ្ឋ​ទាំង​នេះដែរ​៕
 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com