យោធា​វៀតណាម​ដែល​ត្រូវ​ដី​កប់ ស្លាប់​១៧​នាក់ ខណៈ​អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់​​ឡើងដល់​៨៨​នាក់
អន្តរជាតិ
យោធា​វៀតណាម​ដែល​ត្រូវ​ដី​កប់ ស្លាប់​១៧​នាក់ ខណៈ​អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់​​ឡើងដល់​៨៨​នាក់
19, Oct 2020 , 3:00 pm        
រូបភាព
ក្រុមរុករកកំពុងស្វែងរកអ្នកបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅ Quang Tri ។ រូបភាព Vn Express
ក្រុមរុករកកំពុងស្វែងរកអ្នកបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនៅ Quang Tri ។ រូបភាព Vn Express
​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​ភាគ​កណ្តាល​វៀតណាម រយៈពេល​ជាង​១​សប្តាហ៍​មកនេះ​បណ្តាល​ឲ្យ​មាន​ទឹកជំនន់ និង​ការបាក់​ដី​ដែល​សម្លាប់​មនុស្ស​៨៨​នាក់​។ ចំណែក​ហេតុការណ៍​បាក់​ដី​ចំ​បន្ទាយ​យោធា​នៅ​ខេត្ត Quang Tri ក៏​ស្លាប់​កងទ័ព​១៧​នាក់ ដែរ​។

 
​អាជ្ញាធរ​វៀតណាម កាលពី​ថ្ងៃទី​១៨ ខែតុលា​បាន​ព្រមាន​ពី​ការកើនឡើង​កម្ពស់​ទឹកភ្លៀង​តាម​ទន្លេ ដែលជា​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​២០​ឆ្នាំ​។ អាជ្ញាធរ​គ្រោះមហន្តរាយ​វៀតណាម បាន​លើក​កម្រិត​អាសន្ន​ទៅ​លំដាប់​ខ្ពស់បំផុត​ទី​២ ដោយ​ព្រមាន​ពី​ការបាក់​ដី និង​ទឹកជំនន់​បន្ថែមទៀត​ព្យុះ​មួយចំនួនទៀត នឹង​បោកបក់​ដល់​វៀតណាមរ​ហូត​ដល់​សប្ដាហ៍​ក្រោយ​។ មកទល់ពេលនេះ ទឹកជំនន់​បាន​លិច​ផ្ទះ​ចំនួន​២​សែន​ខ្នង និង​សាលារៀន​ចំនួន​៣០០​កន្លែង​នៅក្នុង​តំបន់​ភាគ​កណ្តាល​។​
 
​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៩ ខែតុលា មនុស្ស​៨៨​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់ និង​ការបាក់​ដី​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vn Express ។ នៅ​ថ្ងៃទី​១៩​ដដែល សាកសព​ចំនួន​១៧​នាក់ ត្រូវបាន​ក្រុម​សង្គ្រោះ​ទាញយក​ពី​ការបាក់​ដី ដែល​កើត​ឡើងលើ​បន្ទាយ​យោធា​នៅ​ខេត្ត Quang Tri ។ យោធា​៥​នាក់ បន្ត​បាត់​ខ្លួន ខណៈ​ក្រុម​រុករក​បន្ត​ស្វែងរក​ពួកគេ​។ 
 
​មន្ត្រី​វៀតណាម បាន​ប្រាប់​កាសែត Vn Express ថា មានការ​បាក់​ដី​៤ ទៅ​៥​កន្លែង​ដូចជា​ភ្នំ​រៀប​រលំ​ដូច្នោះ​ដែរ​។ ជុំវិញ​រឿង​បាក់​ដី​នេះដែរ កាលពី​ថ្ងៃទី​១៣ តុលា ក្រុមការងារ​សង្គ្រោះ​១៣​នាក់​បាន​បាត់​បង់ជីវិត ដោយសារ​ព្យាយាម​ចូលទៅ​សង្គ្រោះ​កម្មករ​៣០​នាក់​ដែល​កប់​ជាប់ ដោយសារ​ការបាក់​ដី​នៅ​ទំនប់​វា​រី​អគ្គីសនី​មួយកន្លែង​។​
 
​ទីភ្នាក់ងារ​ព័ត​ឧតុនិយម​វៀតណាម​ព្រមាន​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ដល់​ថ្ងៃទី​២១ ខែតុលា ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប និង​ព្យុះ​បក់​ពី​សមុទ្រ​ចិន​ខាងត្បូង​៕
 
 
 

Tag:
 ​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com