សង្គមអន្តរជាតិ​
អន្តរជាតិ
បាក់​អាង​ស្ដុក​ទឹក​នៅ​ថៃ ពន្លិច​ភូមិ​២​នៅ​ខេត្ត​ភាគ​ឦសាន​
19, Oct 2020 , 4:15 pm        
រូបភាព
ជញ្ជាំងអាងស្ដុកទឹកនៅខេត្តនគររាជសីម៉ា ថៃ បាក់ ។ រូបភាព៖ កាសែត បាងកកប៉ុស្តី
ជញ្ជាំងអាងស្ដុកទឹកនៅខេត្តនគររាជសីម៉ា ថៃ បាក់ ។ រូបភាព៖ កាសែត បាងកកប៉ុស្តី
ដោយ:
​ទឹក​ជាង​១​លាន​គូប  បាន​ធ្លាយ​ចេញពី​អាង​ស្ដុក​ទឹក​ដែល​បាក់​មួយកន្លែង ក្នុងស្រុក Pak Thong Chai ខេត្ត​នគររាជ​សីមា ភាគ​ឦសាន​ថៃ ។ ហេតុការណ៍​នេះ បាន​ពន្លិច​ភូមិ​ក្បែរ​នោះ​យ៉ាងតិច​២ ហើយ​ធ្វើ​ឲ្យ​គ្រោះទឹកជំនន់​កាន់តែ​ធ្ងន់ធ្ងរ​ផងដែរ​។

 
​អាង​ស្ដុក​ទឹក Hin Ta Ngo ដែល​ស្តុក​ទឹក​សរុប ១,២​លាន​គូប បាន​បែកធ្លាយ​នៅ​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១៧ ខែតុលា ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ជាប់​គ្នា​។ នេះ​បើតាម​បញ្ជាក់​របស់​អគ្គលេខាធិកា​រ​ការិយាល័យ​ធនធានទឹក​ថៃ Somkiat Prachamwongsa ។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍ លោក Somkiat បន្តថា ទឹក​នេះ​បាន​ហូរ​តាម​ប្រឡាយ​យ៉ាង​លឿន ហើយ​ពន្លិច​ផ្ទះ​ពលរដ្ឋ​ថៃ​ក្បែរ​នោះ​ជាង​៦០​ខ្នង ខណៈ​អាជ្ញាធរ​តំបន់​ក៏បាន​ជួយសង្គ្រោះ​ពលរដ្ឋ​ទៅកាន់​ទីទួល​សុវត្ថិភាព​ផងដែរ​។​
 
​លោក Wichian Chantharanothai អភិបាលខេត្ត​នគររាជ​សីមា បាន​និយាយ​កាលពី​ថ្ងៃទី​១៨ ខែតុលា​ថា លោក​បានស្នើ​សុំ​ឲ្យ​កងកម្លាំង​ជួយ​រៀប​បាវ​ខ្សាច់​ទប់ទឹក នៅត្រង់ចំណុច​បាក់​អាង​ស្ដុក​ទឹក​នោះ​។ នេះ​បើតាម​កាសែត បាងកក​ប៉ុស្តិ៍ ។ 
 
​នាយកដ្ឋាន​បង្ការ​និង​ទប់ស្កាត់​គ្រោះមហន្តរាយ​ថៃ កាលពី​ថ្ងៃទី​១៨ ខែតុលា បាន​រាយការណ៍​ថា មនុស្ស​២៥ ២៧៣​នាក់ ក្នុងភូមិ​ចំនួន​៨៤៩ ក្នុង​ខេត្ត​ចំនួន​២៥  ត្រូវបាន​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ ហើយ​ក្នុងនោះ មនុស្ស​ម្នាក់​ស្លាប់ ខណៈ​៣​នាក់​ផ្សេងទៀត​រងរបួស​។ បច្ចុប្បន្ន ទឹកជំនន់​បន្ត​កើតមាន​ក្នុង​ខេត្ត​ចំនួន​១១​ក្នុងចំណោម​ខេត្ត​ទាំង​២៥​នោះ​។​
 
​សូមបញ្ជាក់ថា ខេត្ត នគររាជ​សី​ម៉ា និង​ខេត្ត Ubon Ratchathani គឺជា​ខេត្ត​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ជំនន់​ទឹកភ្លៀង​ឆ្នាំនេះ ខណៈ​នាយកដ្ឋាន​ឧតុនិយម​ថៃ បាន​ព្យាករ​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង​ក្នុង​តំបន់​ភាគខាងត្បូង ខាងកើត ទំនាប​កណ្ដាល និង​ភាគ​ឦសាន​ថៃ​៕ 
 
 
 

Tag:
 ថៃ​
  ជំនន់​ទឹកភ្លៀង​
  នគររាជ​សីមា
© រក្សាសិទ្ធិដោយ thmeythmey.com